ជាតិ
សង្គមជាតិ
សាលា​រាជធានី ស្នើ​ឲ្យ​ពលរដ្ឋ វេច​ខ្ចប់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ពេល​ភ្ជុំបិណ្ឌ
06, Oct 2018 , 7:19 pm        
រូបភាព
រូបភាព​ពី​ក្រសួង​បរិស្ថាន
រូបភាព​ពី​ក្រសួង​បរិស្ថាន
ដោយ:
​ភ្នំពេញ​៖ សាលា​រាជធានី​ភ្នំពេញ បានស្នើ​ឲ្យ​ពលរដ្ឋ​ទាំងអស់ វេច​ខ្ចប់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ នាឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ដើម្បី​ធានា​សោ​ភណ្ឌ​ភាព​ទីក្រុង​-​ខេត្ត​ឲ្យ​មាន​សណ្តាប់ធ្នាប់​។​

 
​លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ណែនាំ​ឲ្យ​ម្ចាស់ផ្ទះ ម្ចាស់​រមណីយដ្ឋាន រួមទាំង​អ្នកដំណើរ​កម្សាន្ត ចូលរួម​ទុកដាក់​សំរាម និង​វេច​ខ្ចប់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ជា​បណ្តោះអាសន្ន​សិន មុននឹង​មានការ​ប្រមូល​សំរាម​ពី​ក្រុមកម្មករ​ក្រោយ​ត្រឡប់​ពី​ស្រុកកំណើត​វិញ​។ ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ លោក ម៉េ​ត មាស​ភក្តី បញ្ជាក់ថា​៖ «​សូម​សាធារណជន​រក្សាទុក សំរាម​ឲ្យ​ត្រឹមត្រូវ​ជាមុនសិន  ក្រោយពី​បញ្ចប់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​រួច យើង​នឹង​ចេញ​ប្រតិបត្តិ​ការប្រមូល​សំរាម​ឲ្យ​បាន​ស្អាត​ល្អ​ឡើងវិញ​»​។​


  
​អ្នកនាំពាក្យ​សាលាក្រុង​រាជធានី​ភ្នំពេញ​រូបនេះ បាន​បញ្ជាក់ថា អាជ្ញាធរ ក៏បាន​គិតគូរ​ដល់​ការពង្រាយ​កម្លាំង​សមត្ថកិច្ច​ឲ្យ​បាន​តឹងរឹង​ផងដែរ ដើម្បី​សម្រួល​ចរាចរណ៍​ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ​ទៅ​ស្រុកកំណើត និង​ត្រៀម​រៀបចំ​អ្នកយាម​ល្បាត​នៅតាម​គេហដ្ឋាន​របស់​ពលរដ្ឋ  ដើម្បី​ធានាបាន​សុខ​សុវត្ថិភាព និង​សុខ​សណ្តាប់ធ្នាប់​របស់​ប្រជាពលរដ្ឋ ។ ជាមួយគ្នា​សាលា​រាជធានី ក៏​រៀបចំ​កម្លាំង​បោសសំអាត​ឲ្យ​កាន់តែ​លឿន​ទៀតផង ក្រោយពី​បញ្ចប់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​រួច​។​
 
​បើ​យោងតាម​របាយការណ៍រ​បស់​ក្រសួងបរិស្ថាន ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៨ នៅ​ឆ្នាំ​២០១៧​កន្លងទៅនេះ ក្នុងប្រទេស​កម្ពុ​ជាមាន​សំរាម​ប្រមាណ ៣,៦៥ លាន​តោន​ក្នុង​មួយឆ្នាំ ឬ​ក្នុង​មួយថ្ងៃ​មាន​ជិត​១​ម៉ឺន​តោន ដែល​ក្នុងនោះ​រាជធានី​ភ្នំពេញ​មាន​សំរាម​ជិត ៣​ពាន់ តោន​ក្នុង​មួយថ្ងៃ​៕  

Tag:
 ​ភ្នំពេញ​
  ភ្ជុំបិណ្ឌ​
 ​សំរាម​
© រក្សាសិទ្ធិដោយ thmeythmey.com