អន្តរជាតិ
នយោបាយជាតិ
ទឹកកកតំបន់អាកទិករលាយអាចបង្កើតច្រកផ្លូវនាវាចរណ៍ពាណិជ្ជកម្មថ្មីរវាងអឺរ៉ុប-អាស៊ី រូបភាព៖ The Arctic Institute
× ការរលាយទឹកកកនៅតំបន់អាកទិកប្រហែលក្លាយជាដំណឹងល្អសម្រាប់ការធ្វើចរាចរណ៍ពាណិជ្ជកម្មតាមសមុទ្រ។ អ្នកជំនាញបានអះអាងថា ការរលាយទឹកកកនៅតំបន់ប៉ូលនេះធ្វើឲ្យចម្ងាយនៃការធ្វើចរាចរណ៍កាន់តែខ្លី ហើយរយៈពេលនៃការធ្វើដំណើរនឹងថយចុះចន្លោះពី ១០ ដល់១៥ថ្ងៃឯណោះ។
តាមការចុះផ្សាយរបស់សារព័ត៌មាន អង់គ្លេស The Guardian នាវាដឹកជញ្ជូនទំនិញរបស់ប្រទេសដាណឺម៉ាកមួយគ្រឿងបានធ្វើដំណើរដោយជោគជ័យឆ្លងកាត់សមុទ្រទឹកកកអាកទិក ឬតាមផ្លូវសមុទ្រភាគខាងជើង (Northern Sea Route)។ នេះអាចបញ្ជាក់ថាផ្លូវនាវាចរណ៍មួយថ្មីអាចនឹងបើកឲដំណើរការរវាងទ្វីបអឺរ៉ុបនិងទ្វីបអាស៊ីដែលមានចំងាយជិតជាងផ្លូវនាវាចរណ៍បច្ចុប្បន្នដែលដទៃទៀត។
តាមពិតទៅ តំបន់ទឹកកកនានាជុំវិញពិភពលោករលាយដោយហេតុតែការប្រែប្រួលអាកាសធាតុ ប៉ុន្តែវា ក៏បានធ្វើឲការធ្វើនាវាចរណ៍ពាណិជ្ជកម្មតាមសមុទ្ររវាងទ្វីបទាំងពីរនេះកាន់តែងាយស្រួល និងឆាប់រហ័សជាមុនដែរ។ អាចនិយាយម្យ៉ាងទៀតបានថា ចំងាយផ្លូវកាន់តែជិតជាងមុន ហើយការចំណាយលើការធ្វើដំណើរក៏កាន់តិចជាងមុនដែរ។
អ្នកជំនាញបានអះអាងផងដែរថា នាវាធំៗដែលដឹកទំនិញតាមផ្លូវសមុទ្រប្រើពីតំបន់អឺរ៉ុបមកកាន់អាស៊ី ដែលធ្លាប់ធ្វើដំណើរក្នុងរយៈចម្ងាយ ២១០០០គីឡូម៉ែត្រ តាមរយៈច្រកផ្លូវពាណិជ្ជកម្មថ្មីនេះ អាចនឹងត្រូវធ្វើដំណើរឆ្លងកាត់រយៈចម្ងាយត្រឹម ១២០០០គីឡូម៉ែត្រប៉ុណ្ណោះ។ ចំណែកពេលវេលាវិញ គេសន្សំពេលសម្រាប់ធ្វើដំណើរចន្លោះពី ១០ទៅ ១៥ថ្ងៃឯណោះ។
ប៉ុន្តែទោះបីជាបែបនេះក៏ដោយ អ្នកជំនាញខាងនាវាចរណ៍មួយចំនួនយល់ថា ផ្លូវទឹកថ្មីនេះមិនទាន់អាច ប្រើប្រាស់បានសម្រាប់ជាច្រកផ្លូវធ្វើនាវាចរណ៍ពាណិជ្ជកម្មឡើយ។ នេះក៏ព្រោះថា នៅរដូវរងាផ្ទាំងទឹកកកនៅមានកម្រិតក្រាស់នៅឡើយ ហើយនាវាដែលត្រូវឆ្លងកាត់តំបន់នេះត្រូវតែមានលក្ខណ:ពិសេសបន្ថែមទៀតដើម្បីទប់ទល់ទៅនឹងសីតុណ្ណភាពដ៏ត្រជាក់មួយនេះ។ ដូច្នេះ វាចាំបាច់ត្រូវមានការវិនិយោគបន្ថែមទៀតដើម្បីឲ្យការធ្វើដំណើរបានតាមច្រកផ្លូវពាណិជ្ជកម្មថ្មីនេះ៕
ដោយ៖ គី ចំណារ
Tag:
អាកទិក
អឺរ៉ុប
អាស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com