ជាតិ
នយោបាយជាតិ
នីតិវិធីនៃការដក ឬ មិនដកការអនុគ្រោះពន្ធរបស់ EU មានរយៈពេល១២ខែ លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា
× ប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា បានបញ្ជាក់ថា នីតិវិធីនៃការសម្រេចដកឬមិនដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) ត្រូវប្រើរយៈពេល៦ខែពីរដង។ ការបញ្ជាក់នេះ គឺធ្វើឡើងក្នុងសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ដែលចេញផ្សាយនៅយប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៨នេះ។
EBA (Everything But Arms) គឺសំដៅលើប្រព័ន្ធអនុគ្រោះពន្ធ លើទំនិញនិងផលិតផលសព្វបែបយ៉ាង ដូចជា សម្លៀកបំពាក់ និង អង្ករ ជាដើម ដែលកម្ពុជា នាំចូលទៅកាន់ទីផ្សារអឺរ៉ុប ដោយលើកលែងតែអាវុធប៉ុណ្ណោះ ដែលមិនរាប់បញ្ចូល។ កម្ពុជា ជាប្រទេសមួយ ដែលបានចុះកិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុបស្តីពី EBA នេះ ហើយតែងតែទទួលបានការអនុគ្រោះពន្ធ។
«នៅពេលដែលគណៈកម្មការ ចាប់ផ្តើមសម្រេចនីតីវិធីនៃការដកបណ្តោះអាសន្នលើប្រព័ន្ធអនុគ្រោះពន្ធនេះ នីតិវិធីនេះ ត្រូវចាប់ផ្តើមជាមួយប្រព័ន្ធនៃការត្រួតពិនិត្យផ្លូវការ ដែលមានរយៈពេល៦ខែ»។ នេះជាខ្លឹមសារពន្យល់របស់ប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា នៅក្នុងសេចក្តីប្រកាសព័ត៌មាន។
សេចក្តីប្រកាសព័ត៌មានដដែល បន្ថែមថា៖«បន្ទាប់មក វានឹងមានរយៈពេល៦ខែទៀត ដើម្បីសរសេររបាយការស្តីពីការប្រមូលព័ត៌មាន និងបញ្ចប់របាយការណ៍ដោយមានសេចក្តីសម្រចពីគណៈកម្មការមួយផ្សេងទៀត ថាត្រូវដកឬមិនដកប្រព័ន្ធអនុគ្រោះពន្ធបណ្តោះអាសន្ននោះ»។
សេចក្តីបំភ្លឺនេះ ត្រូវបានចេញផ្សាយភ្លាមៗ បន្ទាប់ពីមានការជជែកគ្នាដោយច្បាស់លាស់ នៅតាមបណ្តាញសង្គមហ្វេសបុក អំពីនិតិវិធីនៃការដកចោលប្រព័ន្ធអនុគ្រោះព័ន្ធ ពីសំណាក់សហភាពអឺរ៉ុប។ មានអ្នកខ្លះ ជាពិសេសអ្នកដែលមិនសូវពេញចិត្តនឹងរដ្ឋាភិបាលកម្ពុជា បានអះអាងយកតែម្តងថា សហភាពអឺរ៉ុប បានបញ្ឈប់ការអនុគ្រោះពន្ធឲ្យកម្ពុជាហើយ។
ប៉ុន្តែ មកដល់ពេលនេះ សហភាពអឺរ៉ុប ពុំទាន់សម្រេចបញ្ឈប់ឬដកការអនុគ្រោះព័ន្ធ ដូចមតិខាងលើឡើយ ពោលគឺ សហភាពអឺរ៉ុប ទើបតែនឹងចាប់ផ្តើមដំណើរការលើនីតិវីធីស្តីពីការដកការអនុគ្រោះពន្ធនេះប៉ុណ្ណោះ។ លើសពីនេះ នីតិវិធីនិងដំណើរការនេះ មានរយៈពេលដល់ទៅ១២ខែឯណោះ ទើបឈានដល់ការសម្រេចចុងក្រោយថា ដកឬមិនដកការអនុគ្រោះពន្ធ៕
© រក្សាសិទ្ធិដោយ thmeythmey.com