អន្តរជាតិ
លោក អាន់វ៉ា ថា​ការ​ជ្រោមជ្រែង​លោក មហាធៀ ​ដោះ​ស្រាយ​បញ្ហា​ជាតិ​សំខាន់​ជាង​រឿង​ផ្ទេរ​អំណាច
16, Oct 2018 , 8:19 pm        
រូបភាព
​លោក អាន់​វ៉ា អ៊ីប្រាហ៊ីម បាន​ត្រឡប់​ចូល​ឆាកនយោបាយ​ជាថ្មី បន្ទាប់ពី​ស្បថ​ចូលកាន់​តំណែង​ជា​សមាជិកសភា​នៅ​ថ្ងៃ​ចន្ទ​ទី ១៥ ខែតុលា​នេះ​។ បាន​តំណែង​តំណាងរាស្ត្រ​ជាការ​បំពេញ​លក្ខខណ្ឌ ដើម្បី​ឈានទៅ​ចាប់​កៅអី​នាយករដ្ឋមន្ត្រី​ជំនួស​លោក មហា​ធៀ មហាម៉ាត់​។ ប៉ុន្តែ​អ្នកនយោបាយ​រូបនេះ​បាន​សង្កត់ធ្ងន់ថា ការបន្ត​ជ្រោមជ្រែង​លោក មហា​ធៀ ដោះស្រាយ​បញ្ហា​ជាតិ​ជា​រឿង​សំខាន់បំផុត ហើយ​ការ​ផ្ទេរតំណែង​ឲ្យ​លោក​ពេលណា​នោះ មិនមែនជា​រឿង​អាទិភាព​ឡើយ​ក្នុង​ពេលនេះ​។​


 
​បន្ទាប់ពី​ឈ្នះ​ការបោះឆ្នោត​បង្គ្រប់​អាសនៈ​នៅ​ក្រុង  Port Dickson កាលពី​ថ្ងៃ​សៅរ៍​ដោយ​សំឡេង​ភាគច្រើន ២៣៥៦០ មេបក្ស​ប្រឆាំង​ម៉ាឡេស៊ី​ដ៏​មាន​ឥទ្ធិពល និង​ជា​អតីត​ឧបនាយករដ្ឋមន្ត្រី​លោក អាន់​វ៉ា អ៊ីប្រាហ៊ីម ត្រឡប់​ចូល​ស្បថ​ចូលកាន់​តំណែង​ជា​តំណាងរាស្ត្រ​ថ្មី​។​
 
​វា​ជាការ​ត្រឡប់​ចូល​នយោបាយ​ជាថ្មី​របស់​អ្នកនយោបាយ​រូបនេះ​ក្រោយ​បាត់​វត្តមាន​ក្នុង​រយៈពេល​បី​ឆ្នាំ​មកនេះ​ព្រោះ​ត្រូវ​ជាប់ពន្ធនាគារ​ព្រោះ​ជាប់ចោទ​បទ​មាន​សម្ព័ន្ធភាព​ផ្លូវភេទ​ជាមួយ​មនុស្ស​ប្រុស​ដូចគ្នា​។ លោក ទើបតែ​ត្រូវបាន​មហាក្សត្រ​លើកលែងទោស​ឲ្យ​ក្រោយ​សម្ព័ន្ធ​បក្សប្រឆាំង Pakatan Harapan ដែល​ដឹកនាំ​ដោយ​លោក មហា​ធៀ ឈ្នះឆ្នោត​ភ្លូកទឹកភ្លូកដី​ក្នុង​ខែឧសភា​ប៉ុណ្ណោះ​។​
 
​បើតាម​ការ​ទីភ្នាក់ងារ​ព័ត៌មាន​ម៉ាឡេស៊ី Bernama ពេល​ស្បថ​ចូលកាន់​តំណែង​របស់លោក អាន់​វ៉ា នៅ​សភា​ម៉ាឡេស៊ី​ព្រឹក​ថ្ងៃ​ចន្ទ គេ​ឃើញ​មាន​វត្តមាន​របស់​នាយ​ក​រដ្ឋមន្ត្រី មហា​ធៀ មហាម៉ាត់ និង​ឧបនាយករដ្ឋមន្ត្រី Wan Azizah Wan Ismail ដែលជា​ភរិយា​របស់លោក អាន់​វ៉ា ផងដែរ​។​
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ លោក អាន់​វ៉ា បានបញ្ជាក់​ក្នុងពេល​ស្បថ​ចូលកាន់​តំណែង​ជា​តំណាងរាស្ត្រ​នេះដែរ​ថា លោក​គ្មាន​គោលដៅ​កាន់តំណែង​ផ្សេងទៀត​ក្នុងគណៈ​រដ្ឋមន្ត្រី​ឡើយ ហើយ​លោក​ចង់​ផ្តោត​សំខាន់​លើ​កិច្ចការងារ​សភា​ជាពិសេស​រៀបចំ​កែទម្រង់​ស្ថាប័ន​នេះ​ផង​។​
 
​តាមពិតទៅ​លោក អាន់​វ៉ា ធ្លាប់ជា​សមាជិក​បក្ស​កាន់អំណាច UMNO និង​កាន់តំណែង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ផង ប៉ុន្តែ​លោក​ត្រូវបាន​បណ្តេញ​ចេញពី​តំណែង​នៅក្នុង​ឆ្នាំ ១៩៩៨ ដោយសារ​មាន​ជម្លោះ​ជាមួយ​លោក មហា​ធៀ ជុំវិញ​បញ្ហា​សេដ្ឋកិច្ចជាតិ​។ ក្រោយ​ត្រូវ​បណ្តេញ​ចេញពី​តំណែង លោក អាន់​វ៉ា បាន​ដឹកនាំ​ចលនា​បាតុកម្ម​ដែល​ទាមទារ​កំណែទម្រង់​រដ្ឋ​ដែល​គេ​ស្គាល់​ថា «Reformasi Movement» ក្នុងពេលដែល​ម៉ាឡេស៊ី​ក៏ដូចជា​តំបន់​ទាំងមូល​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​។ ប៉ុន្មាន​ខែក្រោយ​មក លោក អាន់​វ៉ា ត្រូវបាន​ចាប់ខ្លួន និង​រង​ការកាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ពីបទ​រួមភេទ​ជាមួយ​មនុស្ស​ប្រុស​ដូចគ្នា​និង​ពុករលួយ ដោយ​រដ្ឋាភិបាល​របស់​លោក មហា​ធៀ ដែរ​។ 
 
​ដល់​ឆ្នាំ ២០០៤ ពេលដែល​ម៉ាឡេស៊ី​មាន​នាយករដ្ឋមន្ត្រី​ថ្មី​គឺ​លោក Abdullah Ahmad Badawi លោក អាន់​វ៉ា ត្រូវបាន​គេ​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​។ ប៉ុន្តែ​ក្នុង​ឆ្នាំ ២០១៥ លោក​ត្រូវបាន​គេ​កាត់ទោស​ម្តងទៀត​ក្រោម​បទ​ចោទ​ដដែល​ក្រោម​ការដឹកនាំ​របស់​អតីត​នាយករដ្ឋមន្ត្រី ណា​ជីប រ៉ា​ហ្សា​ក់​ម្តង​។ វា​យុទ្ធសាស្ត្រ​បិទផ្លូវ​សត្រូវ​នយោបាយ​របស់ខ្លួន ដោយសារ​លោក អាន់​វ៉ា មាន​ប្រជាប្រិយភាព​ខ្ពស់​ក្នុងពេលនោះ​។ 
 
​យ៉ាងណាមិញ ពេល​ស្ថិតក្នុង​ពន្ធនាគារ លោក អាន់​វ៉ា បាន​ចាប់ដៃ​ជាមួយ​លោក មហា​ធៀ ដែលជា​សត្រូវ​ចាស់​ដោយ​ទុក​អតីតកាល​ជូរចត់​មួយ​ឡែក​ដើម្បី​បង្កើត​សម្ព័ន្ធ​នយោបាយ​រួមគ្នា ដើម្បី​ធ្វើយ៉ាងណា​យកឈ្នះ​ការបោះឆ្នោត​សភា​កាលពី​ខែឧសភា​កន្លងទៅ​។ ក្រោយ​ឈ្នះ​ការបោះឆ្នោត​នេះ លោក មហា​ធៀ បានស្នើ​សុំ​ឲ្យ​ព្រះមហាក្សត្រ​លើកលែងទោស​ឲ្យ​លោក អាន់​វ៉ា ហើយ​ការលើកលែងទោស​នេះ​បើកផ្លូវ​ឲ្យ​លោក​ត្រឡប់​ចូល​នយោបាយ​ជាថ្មី​ដែរ​។ ម្យ៉ាងទៀត​ក្រោម​កិច្ចព្រមព្រៀង​នយោបាយ​រួមគ្នា​នេះ លោក មហា​ធៀ ត្រូវ​ធានា​ឲ្យ​មានការ​ផ្ទេរអំណាច​នាយករដ្ឋមន្ត្រី​ទៅ​លោក អាន់​វ៉ា ជា​នាយករដ្ឋមន្ត្រី​ទី​ប្រាំបី​ផង​។​
 
​អាន់​វ៉ា​៖ រឿង​ផ្ទេរតំណែង​ខ្ញុំ​មិន​សំខាន់​ទេ ហើយ​កុំ​រំខាន​ការដឹកនាំ​ប្រទេស​របស់លោក មហា​ធៀ​ដូច​បានបញ្ជាក់​ខាងដើម​ស្រាប់ ក្រោម​កិច្ចព្រមព្រៀង​នយោបាយ​រួមគ្នា​ដែលមាន​ក្នុង​សម្ព័ន្ធ​បក្សប្រឆាំង Pakatan Harapan ដឹកនាំ​ដោយ​លោក មហា​ធៀ ការផ្ទេរអំណាច​ត្រូវធ្វើឡើង​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ក្នុង​អាណត្តិ​ដឹកនាំ​របស់​រដ្ឋាភិបាល​ថ្មី​នេះ​។  ប៉ុន្តែ​ការអនុវត្ត​ជាក់ស្តែង​អាច​នឹង​ប្រែប្រួល ហើយ​វា​អាស្រ័យ​តាម​ការចរចា​គ្នា​ដែរ​។ សម្រាប់​លោក​ផ្ទាល់ បច្ចុប្បន្ន​វា​មិនមែនជា​ពេលវេលា​សមស្រប​សម្រាប់​លោក​ឡើយ​។ 
 
​លោក អាន់​វ៉ា ដែល​នឹងត្រូវ​ក្លាយជា​នាយករដ្ឋមន្ត្រី​ទី​ប្រាំ បាន​ឆ្លើយតប​សំណួរ​អ្នកកាសែត​ថ្ងៃ​ចន្ទ​ទី ១៥ ខែតុលា​ថា វា​គ្មាន​ពេលវេលា​កំណត់​ច្បាស់​ថា ពេលណា​លោក​នឹងត្រូវ​ទទួល​តំណែង​នាយករដ្ឋមន្ត្រី​ឡើយ ហើយ​លោក​ជឿជាក់ថា វា​មិនមែនជា​រឿង​អាទិភាព​ដែរ​។ លោក​សង្កត់ធ្ងន់ថា ស្ថានភាព​បច្ចុប្បន្ន ការដោះស្រាយ​បញ្ហា​ជាតិ​សំខាន់​ជាង ហើយ​រឿង​ចាំបាច់​គឺ ទាំងអស់គ្នា​ត្រូវ​ជួយ​គាំទ្រ​និង​ជ្រោមជ្រែង​ឲ្យ​ការដឹកនាំ​របស់​នាយក​រដ្ឋមន្ត្រី មហា​ធៀ បន្តទៅ​មុខ​ដោយ​គ្មាន​ការរំខាន​។ 
 
«​ខ្ញុំ​មិន​គិតថា ការផ្ទេរអំណាច​ជា​បញ្ហា​ឡើយ​។ ត្រូវ​ទុក​ឱកាស​ឲ្យ​លោក មហា​ធៀ បន្ត​ដឹកនាំ​ដោយ​គ្មាន​ការរំខាន់​ដោយសារ​ការកំណត់​ពេល​វេលា ឬ​ការដាក់​សម្ពាធ​នេះ​ទៀត​។ វា​ជា​រឿង​សំខាន់​»​។ លោក អាន់​វ៉ា អះអាង​ដូច្នេះ​។  
 
​ផ្អែកលើ​ស្ថានភាព​ជាក់ស្តែង​កន្លងមក​នេះ លោក មហា​ធៀ ក៏​ហាក់​ត្រៀមខ្លួន​ដែរ​ដើម្បី​ផ្ទេរ​ភារកិច្ច និង​អំណាច​ឲ្យ​អ្នកថ្មី​នោះ​។ កាលពីដើម​ខែកញ្ញា លោក មហា​ធៀ បានប្រកាស​ច្បាស់ៗ​ថា លោក​មិន​ស្ទាក់​ស្ទើរនឹង​ផ្ទេរអំណាច​ឲ្យ​នាយករដ្ឋមន្ត្រី​ទី​ប្រាំបី​ឡើយ ថ្វីបើ​លោក​ធ្លាប់​បញ្ជាក់ថា លោក​អាច​កាន់តំណែង​លើសពីរ​ឆ្នាំ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ធំៗ​របស់​រដ្ឋ​ឲ្យ​អស់​សិន​ក្តី​។ មេដឹកនាំ​វ័យ ៩៣​ឆ្នាំ​រូបនេះ ក៏បាន​ត្អូញត្អែរ​ផងដែរ​ពី​ភាពលំបាក​ក្នុងការ​ដឹកនាំ​ពេលដែល​លោក​កាន់តែ​ចាស់ជរា ហើយ​អ្វីដែល​សំខាន់​នោះ​គឺ​រដ្ឋាភិបាល​នេះ​កាន់តែ​ពិបាក​ដឹកនាំ​ដោយសារ​បញ្ហា​ពុករលួយ​កើនឡើង​ខ្លាំងពេក​។ 
 
​ប៉ុន្តែ​លោក អាន់​វ៉ា ទំនងជា​យល់ថា ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន ម៉ាឡេស៊ី​ត្រូវការ​លោក មហា​ធៀ ដឹកនាំ​ដើម្បី​ដោះស្រាយ​បញ្ហា​ធំៗ​ក្នុងប្រទេស​។ អាច​ថា នេះ​គឺ​ដោយសារ​លោក មហា​ធៀ ធ្លាប់​ដឹកនាំ​ប្រទេស រហូតដល់ ២២​ឆ្នាំ​រួចទៅហើយ​ពី​ឆ្នាំ ១៩៨១ ដល់ ២០០៣  ដោយ​លោក​មានបទពិសោធន៍​ខ្ពស់ និង​ដឹង​ច្បាស់​កិច្ចការ​រាក់​ជ្រៅ ក្នុងស្រុក និង​ក្រៅ​ស្រុក​ផង​។ ម្យ៉ាងទៀត លោក អាន់​វ៉ា យល់ឃើញថា លោក មហា​ធៀ មានលទ្ធភាព​និង​សមត្ថភាព បន្ត រ៉ាប់រង​សំណុំរឿង​ពុករលួយ​កិបកេង​លុយ​រដ្ឋ​ពាក់ព័ន្ធ​អតីត​នាយករដ្ឋមន្ត្រី ណា​ជីប រ៉ា​ហ្សា​ក់ មិនទាន់​ដោះស្រាយ​ចប់សព្វគ្រប់​នោះ​។​
 
​ក្រោយ​មហាក្សត្រ​លើកលែងទោស​ភ្លាមៗ​នោះ លោក អាន់ មហា​ធៀ  បាន​ទទួល់ស្គាល់ថា លោក​ជា​អ្នកនយោបាយ​គិត​ច្រើន អាណិត​គេ​ច្រើន ហើយ​មិន​ហ៊ាន​សម្រេច​ចិត្តដាច់​ណាត់​ឡើយ​។ ឯ​លោក មហា​ធៀ​វិញ គឺជា​មនុស្ស​ដែល​ស័ក្តិសម​បំផុត​ក្នុងការ​កាន់តំណែង​កំពូល​ពេលនេះ ដ្បិតថា លោក​អាច​ប្រើ​កណ្តាប់ដៃ​ដែក​ដើម្បី​កម្ទេច​ឬ​បោសសម្អាត​កម្អែល​កខ្វក់​នៃ​ប្រព័ន្ធ​ដឹកនាំ​ពុករលួយ​បន្សល់ទុក​ពី​រដ្ឋាភិបាល​របស់លោក ណា​ជីប បាន​។  
 

Tag:
 ​អាន់​វ៉ា អ៊ីប្រាហ៊ីម​
  មហា​ធៀ មហាម៉ាត់​
  ម៉ាឡេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com