អន្តរជាតិ
កូរ៉េទាំងពីរនិងUN ចាប់ផ្ដើមជជែកពីការរំសាយអាវុធនៅតំបន់ព្រំដែន ទាហានកូរ៉េខាងត្បូងឈរក្នុងតំបន់សន្តិសុខរួម JSA (រូបភាព AFP)
× មន្ត្រីយោធាកូរ៉េទាំងពីរ និងមន្ត្រីមកពីទីបញ្ជាការអង្គការសហប្រជាជាតិ (UNC) នៅថ្ងៃទី១៦ ខែតុលា បានជួបពិភាក្សាគ្នាពីការរំសាយអាវុធនៅតំបន់ព្រំដែនក្នុងតំបន់សន្តិសុខរួម (JSA) ។ ការជួបជជែកនេះ ជាលទ្ធផលនៃជំនួបរវាងប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នៅទីក្រុងព្យុងយ៉ាងកាលពីខែកញ្ញា។ ភាគីទាំងសងខាងបានព្រមព្រៀងគ្នាកាត់បន្ថយសកម្មភាពគំរាមកំហែងគ្នា និងគ្រោះថ្នាក់តាមព្រំដែន។
ជំនួបត្រីភាគីរវាងកូរ៉េខាងជើង កូរ៉េខាងត្បូង និងទីបញ្ជាការអង្គការសហប្រជាជាតិ បានចាប់ផ្ដើមនៅព្រឹកថ្ងៃទី១៦ ខែតុលា នៅភូមិប៉ាន់មុនជុមក្នុងតំបន់គ្មានយោធា (DMZ) នៃព្រំដែនខណ្ឌចែកឧបទ្វីបកូរ៉េ។ ការជជែកពិភាក្សា ផ្ដោតសំខាន់លើការរំសាយអាវុធពីតំបន់សន្តិសុខ JSA ដែលស្ថិតក្នុងភូមិប៉ាន់មុនជុមក្នុងតំបន់ព្រំដែនដ៏គ្រោះថ្នាក់មួយរបស់ពិភពលោក។ នេះបើតាមការប្រកាសរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូង។
តំបន់ JSA ដែលស្ថិតក្នុងភូមប៉ាន់មុនជុម គឺជាទីតាំងមួយគត់តាមបណ្ដោយព្រំដែនប្រវែង២៥០គីឡូម៉ែត្រ ដែលយោធាកូរ៉េទាំងពីរខាងជួបមុខគ្នា ហើយ UNC ដែលដឹកមុខដោយអាមេរិកមានយុត្តាធិការនៅទូទាំងតំបន់ JSA នេះ។ នាជំនួបនៅព្យុងយ៉ាង មេដឹកនាំកូរ៉េទាំងពីរបានឯកភាពគ្នាកែប្រែតំបន់នេះទៅជាតំបន់គ្មានអាវុធ។ ការដោះមីនបានចាប់ផ្ដើមកាលពីដើមខែតុលា មុននឹងបន្តរុះរើកាមេរ៉ាស៊ើបការណ៍បន្តទៀត។
សេអ៊ូល និងព្យុងយ៉ាង ក៏ព្រមព្រៀងដកចេញប៉ុស្តិ៍យោធាចំនួន១១ចេញពីតំបន់ព្រំដែននៅដំណាច់ឆ្នាំនេះ និងផ្អាករាល់សមយុទ្ធយោធាក្នុងតំបន់គ្រោះថ្នាក់នេះដែរនៅខែវិច្ឆិកា ហើយកំណត់ចំនួនយោធាម្ខាងៗត្រឹម៣៥នាក់។ ជំនួបត្រីភាគីលើកដំបូងនេះ នឹងពិនិត្យលទ្ធផលដោះមីន និងជជែកលើវិធីសាស្ត្រអនុវត្តតាមកិច្ចព្រមព្រៀងព្យុងយ៉ាងលើការរំសាយអាវុធក្នុង JSA ។ បើតាមក្រសួងការពារជាតិកូរ៉េខាងត្បូង ការសម្រេចចិត្តយ៉ាងណា នឹងសម្រេចក្នុងជំនួបនេះ។
ជុំវិញការរុះរើប៉ុស្តិ៍របស់កូរ៉េទាំងពីរ មេបញ្ជាការ UNC លោកឧត្តមសេនីយ៍ Vincent Brook ធ្លាប់និយាយថា ក្នុងនាមជាមេបញ្ជាការយោធារបស់អង្គការសហប្រជាជាតិ លោកគាំទ្រគំនិតផ្ដួចផ្ដើមដែលសំដៅកាត់បន្ថយភាពតានតឹង។ យ៉ាងណាមិញ លោក Brook ដែលជាមន្ត្រីយោធាជាន់ខ្ពស់អាមេរិកប្រចាំកូរ៉េខាងត្បូងនិយាយដែរថា ក្នុងនាមជាមេបញ្ជាការកម្លាំងចម្រុះអាមេរិក-កូរ៉េខាងត្បូងដែរនោះ លោកហាក់បារម្ភចំពោះការដកប៉ុស្តិ៍យាមតាមព្រំដែននេះ។
កាលពីថ្ងៃទី១៥ ខែតុលា កូរ៉េខាងត្បូង និងកូរ៉េខាងជើងក៏បានមូលមាត់គ្នាចាប់ផ្ដើមតភ្ជាប់ផ្លូវថ្នល់ និងផ្លូវរថភ្លើងឡើងវិញ ដែលអាចចាប់ផ្ដើមចុងឆ្នាំនេះ។ ក្រុងសេអ៊ូលហាក់មិនអើពើការបារម្ភរបស់ក្រុងវ៉ាស៊ីនតោនជុំវិញការរីកចម្រើនខ្លាំងក្នុងទំនាក់ទំនងជាមួយក្រុងព្យុងយ៉ាង។ ក្រុងវ៉ាស៊ីនតោនព្រួយថា ទណ្ឌគម្មលើព្យុងយ៉ាងអាចធូររលុងជាងមុន ទោះជាខ្លួនប្រឹងបង្កើនសម្ពាធខ្លាំងឲ្យបោះបង់នុយក្លេអ៊ែរសិនក្ដី៕
Tag:
កូរ៉េខាងត្បូង
កូរ៉េខាងជើង
UN
© រក្សាសិទ្ធិដោយ thmeythmey.com