ជាតិ
សម្ដេច ទៀ បាញ់ ៖​បញ្ហា​ភេរវកម្ម ជា​រឿង​ចម្បង ដែល​ត្រូវ​នាំគ្នា​ដោះស្រាយ​ឫសគល់​
22, Oct 2018 , 10:39 pm        
រូបភាព
លោក ទៀ បាញ់ រដ្ឋមន្រី្តក្រសួងការពារជាតិ (រូបភាពបានពីក្រសួងការពារជាតិ)
លោក ទៀ បាញ់ រដ្ឋមន្រី្តក្រសួងការពារជាតិ (រូបភាពបានពីក្រសួងការពារជាតិ)
​ភ្នំពេញ​៖ ទោះបី​កម្ពុជា មិន​ត្រូវបាន​គំរាមកំហែង​ដោយ​ក្រុម​អង្គការ​ចាត់តាំង​ភេរវ​ករ​ក្នុងស្រុក ឬ​អន្តរជាតិ​ណាមួយ ដែល​កំពុង​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​ក៏ដោយ​។ ប៉ុន្តែ​រាជរដ្ឋាភិបាល​កម្ពុជា​នៅតែមាន​ការប្រុងប្រយ័ត្ន​ចំពោះ​ការគំរាមកំហែង​ក្នុង​តំបន់ ហើយ​បានចាត់ទុក​បញ្ហា​ភេរវកម្ម​ជា​ផ្នែក​មួយ​នៃ​ការព្រួយបារម្ភ​ចម្បង​ផ្នែក​សន្តិសុខ​ឆ្លងដែន​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច ទៀ បាញ់ ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​លើក​ទី​១២ នៅ​ប្រទេស​សិង្ហ​បុរី កាលពី​ថ្ងៃទី​១៩​តុលា ឆ្នាំ​២០១៨​។​

 
​សម្ដេច ទៀ បាញ់ បាន​និយាយថា ក្រុម​ភេរវ​ករ​កំពុង​ទាញយក​ប្រយោជន៍​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ការទំនាក់ទំនង​ដោយ​ប្រើប្រាស់​កូដ​សម្ងាត់ និង​ការប្រើប្រាស់​គេហទំព័រ​សម្ងាត់ ដែល​ពុំ​អាច​មើល​បានជា​សាធារណៈ ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​ឃោសនា ទាញយក​សមាជិក​ថ្មីៗ និង​ការផ្ទេរ​ជំនាញ​ក្នុង​សមរភូមិ​ពួកគេ ទៅកាន់​អ្នក​ផ្សេងទៀត ដូចជា​ការរៀបចំ​ក្បួន​វាយប្រហារ​ជាដើម​។ 
 
​រដ្ឋមន្ត្រី​ការពារជាតិ​រូបនេះ បាន​បន្ថែមថា ភេរវកម្ម​ទាំងនោះ​នឹង​មិនអាច​ត្រូវបាន​បង្ក្រាប ដោយ​មធ្យោបាយ​យោធា​តែមួយ​មុខ​នោះទេ​។ «​យើង​គួរ​ចាប់ផ្តើម​គិតគូរ​ពិចារណា​អំពី វិធានការ​ការពារ សម្រាប់​ដំណោះស្រាយ​យូរអង្វែង​ជា​អចិន្ត្រៃយ៍ និង​ត្រូវតែ​បំពេញបន្ថែម​នូវ​កិច្ចខិតខំ​ប្រឹងប្រែង ប្រឆាំង​ភេរវកម្ម​របស់​យើង​នៅក្នុង​វិស័យ​សន្តិសុខ ជាមួយនឹង​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា ដើម្បី​កំណត់ និង​ដោះស្រាយ​ឫសគល់ នៃ​បញ្ហា​តែម្តង​»​។​នេះ​ជាការ​លើក​របស់​សម្ដេច ទៀ បាញ់​។​
 
​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​លើក​ទី​១២ ស្តីពី​ការគំរាមកំហែង​ផ្នែក​ភេរវកម្ម និង​អាវុធ​ប្រល័យ​លោក មាន​អាវុធ​គីមី ជីវសាស្ត្រ និង​វិទ្យុសកម្ម ធ្វើឡើង​ដើម្បី​ពិភាក្សា និង​ផ្លាស់ប្តូរ​ទស្សនៈ ដោយ​ផ្តោតលើ​ការប្រឆាំង​មនោគមវិជ្ជា​ភេរវកម្ម និង​រាល់​ភាព​ប្រឈម​ទាំងឡាយ រួមទាំង​រក​ដំណោះ​ស្រោ​យ​រួមគ្នា  តាមរយៈ​ការបង្កើន​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ ការហ្វឹកហ្វឺន​ល្បាត​រួមគ្នា និង​ការចែករំលែក​ព័ត៌មាន​គ្នា​ទៅវិញទៅមក​។​
 

Tag:
 សន្តិសុខ​
  ភេរវកម្ម​
  ទៀ បាញ់
© រក្សាសិទ្ធិដោយ thmeythmey.com