ជាតិ
សង្គមជាតិ
សង្ឃនាយក​៖ លោក សុខ ទូច មើល​មិនដែល​ឃើញ​សោះ​ពី​ការប្រឹងប្រែង​របស់​ព្រះសង្ឃ​
23, Oct 2018 , 11:49 am        
រូបភាព
ព្រះអង្គ ឃឹម សន ប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក
ព្រះអង្គ ឃឹម សន ប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក
ដោយ: រួបរួម
​សិក្ខាសាលា​មួយ​ស្តីពី​ការពង្រឹង​សង្ឃ​វិន័យ ដែល​រៀបចំ​នៅ​រាជបណ្ឌិត្យសភាកម្ពុជា កាលពី​ថ្ងៃទី​១៩ ខែតុលា នាំ​ឲ្យ​មានការ​ឆ្លើយឆ្លង​គ្នា​រវាង​លោក សុខ ទូច និង​គណៈសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។



ក្នុង​លិខិត​បំភ្លឺ​ដែលមាន​រហូតដល់​៣​ទំព័រ ព្រះអង្គ ឃឹម សន ប្រធាន​លេខាធិការដ្ឋាន​គណៈសង្ឃ​នាយក បានលើកឡើង​ពី​មូលហេតុ​នៃ​អវត្តមាន​វាគ្មិន​ខាង​គណៈសង្ឃ​នៅ​ថ្ងៃ​សិក្ខាសាលា បន្ថែម​ពីលើ​នេះ ថ្នាក់ដឹកនាំ​សង្ឃ បង្ហាញ​នូវ​ការមិន​ពេញ​ប្រ​ទ័យ​ចំពោះ​ការលើកឡើង​មួយចំនួន​ក្នុង​សុន្ទរកថា​របស់​ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​។​
 
 
​មួយ​ថ្ងៃមុន​សិក្ខាសាលា លោក​បណ្ឌិត សុខ ទូច បាន​បង្ហោះ​រូបភាព និង​សេចក្តី​មួយចំនួន ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ព្រះពុទ្ធសាសនា​។ នេះ​ជា​មូល​ហេតុដែល​ព្រះអង្គ ឃឹម សន អះអាងថា នាំ​ឲ្យ​ការសម្រេច​ព្រះទ័យ​របស់​មន្ត្រី​សង្ឃ មិន​និមន្ត​ទៅធ្វើជា​វាគ្មិន​។​
 
​ក្នុង​សេចក្តីបំភ្លឺ ប្រធាន​លេខាធិការដ្ឋាន​គណៈសង្ឃ​នាយក បាន​ដកស្រង់​ខ្លឹមសារ​មួយចំនួន​របស់​ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា ដែល​គណៈសង្ឃ​វាយតម្លៃថា មិនអាច​ទទួលយកបាន​។ ទាក់ទង​នឹង​ការ​លើកឡើងថា «​មិនបាន​ដឹង និង​ពុំបាន​រៀបចំ​ប្រធានបទ​» គណៈសង្ឃ​បាន​ចោទ​ជា​សំណួរ​ថា «​ក្នុងនាម​ជា​ប្រធាន​ស្ថាប័ន ហេតុអ្វី​ឯកឧត្តម​មិន​ត្រួតពិនិត្យ​ប្រធានបទ​សិន មុននឹង​អនុញ្ញាត​ឲ្យ​រៀបចំ​សិក្ខាសាលា​នោះ​?»​។​
 
​ជុំវិញ​ការ​បង្ហោះ​រូបភាព​មួយចំនួន​របស់លោក សុខ ទូច នៅលើ​បណ្តាញ​សង្គម គណៈសង្ឃ​បាន​បញ្ជាក់ថា វា​ជា​រឿង​ដែល​បាន​ដោះស្រាយ​រួចរាល់​ជា​ស្ថាពរ​ហើយ ចំណែក​រូបភាព​ខ្លះទៀត មិនមែន​កើតឡើង​នៅ​កម្ពុជា​នោះឡើយ​។​
 
«​ការពង្រឹង​សង្ឃ​វិន័យ​», «​ចេញពីផ្ទះ​តូច មក​នៅ​វិ​ទ្បា​កុដិ​», «​រៀន​ហើយ​ចាំ​បួស កុំ​បួស​ហើយ​មក​រៀន​»  «​ចង់​សិក្សា​អំពី​ប្រជាជន មុននឹង​បង្កើត​វត្ត​»​។ ការលើកឡើង​ទាំងនេះ របស់លោក​បណ្ឌិត សុខ ទូច ក៏ត្រូវ​គណៈសង្ឃ​នាយក ឆ្លើយតប និង​បកស្រាយ​បំភ្លឺ​ផងដែរ​។​
 
​ទាក់ទង​នឹង​គម្រោង​សិក្សា​ស្រាវជ្រាវ​រៀបចំ​ច្បាប់​គ្រប់គ្រង​ព្រះសង្ឃ គណៈសង្ឃ​នាយក យល់ឃើញថា នេះ​មិនមែនជា​សមត្ថកិច្ច​រប​ស់​រាជបណ្ឌិត្យសភាកម្ពុជា​នោះទេ ប៉ុន្តែ​គណៈសង្ឃ​នាយក និង​ក្រសួង​ធម្មការ និង​សាសនា រង់ចាំ​កិច្ចសហការ​ជានិច្ច​ពី​លោក សុខ ទូច​។​
 
«​បើ​ឯកឧត្តម​ស្នើច្បាប់​នេះ​បានចេញ​មែន ហើយ​ច្បាប់​នោះ​មាន​សុក្រឹតភាព និង​ភាព​តឹងរ៉ឹង ដែល​ព្រះសង្ឃ​ខ្មែរ​មិនអាច​ប្រតិបត្តិ​តាម​បាន គណៈសង្ឃ​សង្ឃឹម​ជឿជាក់​យ៉ាង​មុតមាំ​ថា ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ សុខ ទូច នឹង​ចូល​បួស​ជា​បុព្វ​ជិត​ដោយ​ខ្លួនឯង និង​ខិតខំ​ប្រព្រឹត្ត​ប្រតិបត្តិ​តាម​សាសន​ព្រហ្មចរិយធម៌​ជា​គំរូ​ដល់​អ្នកបួស​ដទៃ​»​។ នេះ​ជាការ​គូសបញ្ជាក់​របស់​សម្តេចព្រះ​ពុទ្ធ​ជ័យ​មុនី ឃឹម សន​។​
 
«​វត្ត​ជា​មន្ទីរពេទ្យ​»​។ ការលើកឡើង​បែបនេះ ត្រូវ​គណៈសង្ឃ​ស្នើថា លោក សុខ ទូច គួរតែ​ទៅរក​គ្រូពេទ្យ​ដោយផ្ទាល់ មិនត្រូវ​ឲ្យ​គ្រូពេទ្យ​តាមរក​នោះទេ​។​
 
​បន្ថែម​ពីលើ​នេះ គណៈសង្ឃ​បានលើកឡើង​ពី​កិច្ចប្រឹងប្រែង​ផ្សេងៗ ដូចជា​ការពង្រឹង និង​បណ្តុះបណ្តាល​ធនធាន​ព្រះសង្ឃ​គ្រប់​កម្រិត ការ​ដាស់តឿន​ឲ្យ​ព្រះសង្ឃ​ប្រតិបត្តិ​ធម៌​វិន័យ ការចេញ​សង្ឃប្រកាស​ក្នុង​អនុ​សំវ​ច្ឆ​រ​មហាសន្និបាត​មន្ត្រី​សង្ឃ​ទូទាំងប្រទេស និង​បទបញ្ញត្តិ​អម​ពុទ្ធ​វិន័យ​ជា​ហូរហែ រួមទាំង​សកម្មភាព​សង្គម​ជាច្រើន​ទៀត​។​
 
 
«​ទាំងអស់នេះ​ជាការ​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​យ៉ាងពិត​ប្រាកដ ប៉ុន្តែ​ឯកឧត្តម​មើល​មិនដែល​ឃើញ​សោះឡើយ​»​។ គណៈសង្ឃ​នាយក​បាន​ប្រតិកម្ម​យ៉ាង​ដូច្នេះ ហើយ​រំពឹងថា នឹង​បាន​ជួបពិភាក្សា​ផ្ទាល់​ជាមួយ​លោក សុខ ទូច ក្នុងពេល​វេលា​ដ៏​សមស្រប​ណាមួយ​៕
 
 
​ 

Tag:
 ​សង្ឃនាយក​
  ឃឹម សន​
  សុខ ទូច​
© រក្សាសិទ្ធិដោយ thmeythmey.com