ជាតិ
«​លើកកម្ពស់​នវានុវត្តន៍​ថ្ងៃនេះ ដើម្បី​ថ្ងៃស្អែក​កាន់តែ​ប្រសើរ​» ជា​ប្រធានបទ​របស់ UN Day ឆ្នាំនេះ​
23, Oct 2018 , 12:03 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ទិវា​អង្គការសហប្រជាជាតិ (UN Day) ត្រូវបាន​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ នៅ​ថ្ងៃទី​២៤ ខែតុលា ដើម្បី​អបអរ​ទិវា​រំលឹក​ខួប​ការបង្កើត​អង្គការសហប្រជាជាតិ​។ ឆ្នាំនេះ ទិវា​អង្គការសហប្រជាជាតិ នឹង​រៀបចំឡើង​ក្រោម​ប្រធានបទ​៖«​លើកកម្ពស់​នវានុវត្តន៍​ថ្ងៃនេះ ដើម្បី​ថ្ងៃស្អែក​កាន់តែ​ប្រសើរ​»​។

 
​ទិវា UN day នៅ​ឆ្នាំ​២០១៨​នេះ នឹង​រៀបចំ​នៅ​ថ្ងៃទី​២៤ ខែតុលា​នេះ នៅ​ទីតាំង Factory Phnom Penh ដែល​ស្ថិតនៅ​អគារ​លេខ ១១៥៩ តាម​បណ្តោយ​ផ្លូវជាតិ​លេខ ២ ក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​។  
 
​ក្រៅតែពី​ការចូលរួម​អបអរ​ទិវា​រំលឹក​ខួប​ការបង្កើត​ទិវា​អង្គការសហប្រជាជាតិ  ព្រឹត្តិការណ៍ UN DAY រៀបចំឡើង ដើម្បី​ផ្តល់ឱកាស​ដល់​សាធារណជន ជាពិសេស​គឺ​យុវជន​កម្ពុជា បានទទួល​ចំណេះដឹង និង​ព័ត៌មាន​បន្ថែម អំពី​គោលដៅ​អភិវឌ្ឍ​ដោយ​ចីរភាព​(SDGs) និង​បាន​ស្វែងយល់​ពី​សកម្មភាព​នានា ដែល​អង្គការសហប្រជាជាតិ រដ្ឋាភិបាល អង្គការ​មិនមែន​រដ្ឋាភិបាល ក្រុម​សហគ្រិន និង​បណ្តា​ដៃគូ​ដទៃទៀត បាន និង​កំពុង​អនុវត្ត​នៅ​កម្ពុជា​។ 

បន្ថែម​ពីនេះ ពួកគេ​នឹង​ទទួលបាន​ការកម្សាន្ត​ជាច្រើន និង​ការ​ទស្សនា​ការបង្ហាញ​ស្នាដៃ​របស់​យុវជន​ឆ្នើមៗ អំពី​គម្រោង​ជ័យលាភី​របស់​ពួកគេ ស្តីពី​យុទ្ធនាការ​ផ្សព្វផ្សាយ​ពត៌មាន និង​ឃោសនា អំពី​គោលដៅ​អភិវឌ្ឍ​ដោយ​ចីរភាព ទៅ​ប្រជាជន​កម្ពុជា​ផងដែរ​។  
 
​រដ្ឋមន្ត្រីក្រសួង​អប់រំ លោក ហង់ ជួន ណា​រ៉ុ​ន និង​តំណាង​អង្គការ​ជាច្រើន​ដែល​រួមមាន UNDP, UN Women, UNESCO, WFP, WHO, UNICEF, UNV, និង​តំណាង​ពី​អង្គការ​FAO ជាដើម នឹង​អញ្ជើញ​ជា​វាគ្មិន​នៅក្នុង​ព្រឹត្តិការណ៍​នេះ​។

ប្រធានបទ​ដ៏​សំខាន់​ជាច្រើន នឹងត្រូវ​លើកយក​បង្ហាញ និង​ពិភាក្សា​នៅក្នុង​ទិវា​នេះ រួមមាន​ការចូលរួម​របស់​យុវជន និង​ការលើកកម្ពស់​ស្ត្រី​,​ភាព​ចម្រុះ​នៃ​សេចក្តី​សេ្ន​ហា​,​ការគ្រប់គ្រង​ថ្នាំជក់​,​អាជីវកម្ម​,​ថាមពលព្រះអាទិត្យ និង​បំលាស់ប្តូរ​សង្គម និង​គោលដៅ​ប្រកបដោយ​ចីរភាព​ជាដើម​។

ក្រៅពីនេះ​យុវជន​ឆ្នើមៗ​មួយចំនួន ដែល​កំពុង​សិក្សា​នៅ​វិទ្យាល័យ និង​មហាវិទ្យាល័យ ក៏​នឹងចូលរួម​ចែករំលែក​គំនិត និង​បទពិសោធន៍​របស់​ពួកគេ លើ​ការ​ជ្រើស​ជំនាញ​សម្រាប់​អនាគត និង​ការធ្វើការងារ​ជាក់ស្តែង​ផងដែរ​។ 
 
​ដូច្នេះ​សូមកុំ​ភ្លេច ចូលរួម​ដោយ​សេរី នៅក្នុង​ទិវា​អង្គការសហប្រជាជាតិ ( UN DAY) នៅ​ថ្ងៃទី​២៤ ខែតុលា​នេះ ជាមួយ​យើងទាំងអស់គ្នា ដើម្បី​ទទួលបាន​ចំណេះដឹង ព័ត៌មាន ក៏ដូចជា​ការកម្សាន្ត​ដ៏​សម្បូរបែប​៕
 
​សូម​ចុច​ទីនេះ ដើម្បី​មើល​ទីតាំង​នៃ​ការរៀបចំ​ទិវា​អង្គការសហប្រជាជាតិ​
 

© រក្សាសិទ្ធិដោយ thmeythmey.com