ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកប្រឆាំង​ថា ការអនុវត្ត​កិច្ចព្រមព្រៀង​ប៉ារីស មិនបាន​ពេញលេញ តែ​រដ្ឋាភិបាល​ថា វា រលត់​បាត់​ហើយ
23, Oct 2018 , 2:03 pm        
រូបភាព
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល (ខាងឆ្វេង) និង លោក យ៉ែម បុញ្ញឫទ្ធិ អតីតអ្នកនាំពាក្យគណបក្សប្រឆាំង (ខាងស្តាំ)
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល (ខាងឆ្វេង) និង លោក យ៉ែម បុញ្ញឫទ្ធិ អតីតអ្នកនាំពាក្យគណបក្សប្រឆាំង (ខាងស្តាំ)
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អតីតមន្ត្រី​បក្សប្រឆាំង នៅតែ​ឲ្យ​តម្លៃ​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ហើយ​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ថា អនុវត្ត​មិនបាន​ល្អ​។ មន្ត្រី​រដ្ឋាភិបាល តប​វិញ​ថា កម្ពុជា អនុវត្តតាម​រដ្ឋធម្មនុញ្ញ មិនមែន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នោះទេ​។ អ្នកតាមដាន​សង្គម យល់ស្រប​នឹង​មន្ត្រី​រដ្ឋាភិបាល តែ​បន្ថែមថា បញ្ហា គឺ​ភាពខ្វះខាត​ក្នុងការ​អនុវត្ត​រដ្ឋធម្មនុញ្ញ​។​

 
​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៨​នេះ គឺជា​ខួប​២៧​ឆ្នាំ​នៃ​កា​រប​ង្កើ​ក​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​។ អ្នកនយោបាយ​នៃ​អតីត​គណបក្សប្រឆាំង និង អ្នកនយោបាយ​នៃ​គណបក្សកាន់អំណាច រួមទាំង​មន្ត្រី​សង្គម​ស៊ីវិល បានលើកឡើង​នូវ​ទស្សនទាន​ផ្សេងៗ​ពីគ្នា​ចំពោះ​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​មួយ​នេះ​។​
 
​លោក យ៉ែម បុញ្ញឫទ្ធិ អតីត​អ្នកនាំពាក្យ​គណបក្សប្រឆាំង ដែល​កំពុង​ស្ថិតនៅ​ក្រៅប្រទេស មើលឃើញ​ពី​ភាពខ្វះ​ចន្លោះ​នៃ​ការអនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​។ លោក បាន​សរសេរ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ដូច្នេះ​ថា​៖«​កិច្ចព្រមព្រៀង​មាន​ហើយ នៅឡើយ​តែ​ការអនុវត្ត ពុំបាន​ពេញលេញ​»​។​
 
​បន្ទាប់មក អតីតមន្ត្រី​ជាន់ខ្ពស់​គ​ណ​បក្សប្រឆាំង បាន​លើកយក​ខ្លឹមសារ​សំខាន់ៗ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស មក​បង្ហាញ​។ បើតាម​សំណេរ​របស់លោក បំណង​នៃ​កិច្ចព្រមព្រៀង​នេះ គឺ​ដើម្បី​បញ្ចប់សង្គ្រាម ផ្សះផ្សារ​ជាតិ ការពារ​អធិបតេយ្យភាព បូរណភាព និង​ភាព​មិនអាច​រំលោភបំពាន​បាន​នៃ​ដែនដី​កម្ពុជា​។ លោក សរសេរ​ទៀតថា កិច្ច​ព្រម​ព្រៀ​នេះ ក៏​ស្តីពី​ការកសាង​កម្ពុជា​ឡើងវិញ​ផងដែរ ដោយ​អនុវត្តតាម​គោលការណ៍​ប្រជាធិបតេយ្យ និង​រៀបចំ​ការបោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​។​
 
​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា បាន​ឆ្លើយតប​ថា ការបកស្រាយ​របស់លោក យ៉ែម បុញ្ញឫទ្ធិ គឺ​ខុសពី​ខ្លឹមសារ​ពិត​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​។ តាមរយៈការផ្តល់បទសម្ភាសដល់សារព័ត៌មានថ្មីៗ មន្ត្រី​រដ្ឋាភិបាល បំភ្លឺថា គេ​មិនអាច​និយាយ​ពី​ការអនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ទៀតឡើយ ព្រោះ​កិច្ចព្រមព្រៀង​នេះ បាន​រលត់​បាត់ទៅហើយ នៅពេល​កម្ពុជា បង្កើត​រដ្ឋាភិបាល​និង​រដ្ឋធម្មនុញ្ញ​។ 
 
​អ្នកនាំពាក្យ​រដ្ឋាភិបាល​រូបនេះ សង្កត់ធ្ងន់ថា អ្វីដែល​កម្ពុជា​ត្រូវអនុវត្ត​និង​ដើរ​តាម គឺ​រដ្ឋធម្មនុញ្ញ​។ លោក បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​កិច្ចព្រមព្រៀង​ហ្នឹង ត្រូវបាន​ចងក្រង​និង​បញ្ចូល​ទៅក្នុង​រដ្ឋធម្មនុញ្ញ​អស់ហើយ​»​។ 
 
​លោក អ៊ូ វីរៈ ប្រធាន​អង្គការ​នៃ​វេទិកា​អនាគត និង​ជា​អ្នកតាមដាន​ស្ថានការណ៍​សង្គម មិន​ជំទាស់​នឹង​រដ្ឋាភិបាល​ឡើយ ដែលថា​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ត្រូវបាន​ច្របាច់​បញ្ចូល​ទៅ​ក្នុ​រដ្ឋធម្មនុញ្ញ​។ ប៉ុន្តែ លោក បាន​ចោទ​ជា​សំណួរ​បែបនេះ​ថា​៖«​សំខាន់ តើ​យើង​បាន​អនុវត្តតាម​រដ្ឋធម្មនុញ្ញ​ហើយ​ឬ​នៅ​?»​។ សួរ​រួចហើយ លោក ក៏​បន្ថែ​មយ៉ាង​ដូច្នេះ​ថា​៖«​បញ្ហា​នៅត្រង់​កង្វះខាត​នៃ​ការអនុវត្ត​រដ្ឋធម្មនុញ្ញ​ហ្នឹងឯង​។ យើង គួរតែ​នាំគ្នា ជំរុញ​ឲ្យ​គោរព​រដ្ឋធម្មនុញ្ញ​»​។  
 
​អ្នកតាមដាន​បញ្ហា​សង្គម​រូបនេះ បន្តថា ទោះជា​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ផុតរលត់​ទៅហើយ​ក្តី តែ​ខ្លឹមសារ​និង​ស្មារតី នៅតែមាន​តម្លៃ​សម្រាប់​ប្រទេស​កម្ពុជា​ដដែល​។ លោក ប្រាប់សារព័ត៌មានថ្មីៗ ​បែបនេះ​ថា​៖«​បើ​និយាយ​ពី​ផ្លូវច្បាប់ កិច្ចព្រមព្រៀង​ហ្នឹង គឺ​ចប់​ហើយ តែបើ​និយាយ​ពី​ស្មារតី នៅតែ​សំខាន់ ជាពិសេស​ទាក់ទង​នឹង​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​»​។ 
 
​សម្តេច ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ដែល​ត្រូវបាន​គេ​ចាត់ទុកជា​តួអង្គ​ដ៏​សំខាន់​មួយ​ជាមួយ​ព្រះបាទ នរោត្តម សីហនុ ក្នុងការ​បង្កើត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស មិនទាន់​បញ្ចេញយោបល់​អ្វី​ឡើយ​។ ប៉ុន្តែ មេដឹកនាំ​កម្ពុជា​រូបនេះ ដែល​កំពុង​ចូលរួម​ប្រជុំ​នៅ​ប្រទេស​ស្វី​ស បានប្រកាស​ពី​ទីនោះ​មក​ថា នឹង​ផ្សាយ​ផ្ទាល់​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក (Live) ដើម្បី​បរិយាយ​ពី​ដំណើរ​ដើមទង​នៃ​ការបង្កើត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​។

​រីឯ លោក សម រង្ស៊ី និង លោក កឹម សុខា ដែល​ធ្លាប់​ធ្វើជា​ប្រធាន​គណបក្សប្រឆាំង​ទាំងពីរ​នាក់ ក៏​ពុំទាន់​បញ្ចេញ​សារ​អ្វី​ទាក់ទង​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដែរ​។ លោក សម រង្ស៊ី គ្រាន់តែ​បង្ហោះ​វីដេអូ​មួយ​ប៉ុណ្ណោះ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ដែល​បង្ហាញ​ពី​សកម្មភាព​នៃ​ភាគី​នានា ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​។  
 
​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​បង្កើតឡើង​កាលពី​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង គឺ​កើតចេញពី​ការស្រុះស្រួល​រវាង​ភាគី​ខ្មែរ​ទាំង​៤ គឺ​រដ្ឋាភិបាល​នៃ​រដ្ឋ​កម្ពុជា ហ្វ៊ុនស៊ិនប៉ិច រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ និង​ខ្មែរក្រហម​។ 
 
​មាន​ប្រទេស​១៨ ដែល​បាន​ចូលរួម​ចុះហត្ថលេខា​ជាមួយ​កម្ពុជា លើ​កិច្ចព្រមព្រៀង​នេះ​។ ប្រទេស​ទាំង​១៨​នោះ​គឺ អូស្ត្រាលី ព្រុយ​ណេ កាណាដា ចិន បារាំង ឥណ្ឌា ឥណ្ឌូណេស៊ី ជប៉ុន ឡាវ ម៉ាឡេស៊ី ហ្វី​លី​ពិន សិង្ហ​បុរី ថៃ សូ​វៀត អង់គ្លេស សហរដ្ឋអាមេរិក វៀតណាម និង យូ​ហ្គូ​ស្លា​វី​៕ 
 

Tag:
 យ៉ែម បុញ្ញឫទ្ធិ​
  ផៃ ស៊ី​ផាន​
  អ៊ូ វីរៈ​
  កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​
© រក្សាសិទ្ធិដោយ thmeythmey.com