ជាតិ
សម្តេច ហ៊ុន សែន ស្នើ​ឲ្យ​អង្គការ​កម្ម​សិទ្ធិ​បញ្ញា​អន្តរជាតិ ជួយ​កសាង​ម៉ាក​យីហោ​របស់​កម្ពុជា​
23, Oct 2018 , 2:57 pm        
រូបភាព
​ភ្នំពេញ​៖ នាយករដ្ឋមន្ត្រី​កម្ពុជា បានស្នើ​ឲ្យ​អង្គការ​កម្ម​សិទ្ធិ​បញ្ញា​អន្តរជាតិ ជួយ​កសាង​ម៉ាក​យីហោ​នៅ​កម្ពុជា ដើម្បី​ជួយ​ដល់​ផលិតផល​ផ្សេងៗ​របស់​កម្ពុជា ឲ្យ​មានការ​ទទួលស្គាល់​ក្នុង​ក្របខណ្ឌ​អន្តរជាតិ​។ ការស្នើ​នេះ បានធ្វើ​ឡើង​នៅ ក្នុង​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ លោក ហ្វ្រា​ន​ស៊ី​ស ហ្គា​រី (Francis Gurry) អគ្គនាយក​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស កាលពី​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៨​។

 
​ក្នុងជំនួប​ពិភាក្សាគ្នា​នេះ សម្តេច​ហ៊ុន សែន បាន​និយាយថា កម្ពុជា​គឺជា​ប្រទេស​ទី​១ ដែល​គោរព​នូវ​«​របប​នៃ​កម្ម​សិទ្ធិ​បញ្ញា​»​។ សម្តេច ហ៊ុន សែន ចង់​ឲ្យ​អង្គការ​កម្មសិទ្ធិបញ្ញា​អន្តរជាតិ ជួយ​ដល់​ប្រទេស​កម្ពុជា ដើម្បី​ឲ្យ​កម្ពុជា​បំពេញ​នូវ​កាតព្វកិច្ច តាម​ឆន្ទៈ​ដែល​ខ្លួន​មាន​។ សម្ដេច បន្ថែមថា ថ្វី​ត្បិត​កន្លងមក​ការងារ​ជាច្រើន​មានការ​រីកចម្រើន ប៉ុន្តែ​ក៏មាន​បញ្ហា​ប្រឈម​ជាច្រើន ដែល​ត្រូវ​បន្ត​ដោះស្រាយ​ផងដែរ​។​
 
​ជាការ​ឆ្លើយតប​វិញ លោក Francis Gurry ថា​អង្គការ​កម្មសិទ្ធិបញ្ញា​អន្តរជាតិ នឹង​បន្ត​ជួយ​កម្ពុជា ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត ជាពិសេស​ជំរុញ​ការលើកកម្ពស់​ពី​កម្ម​សិទ្ធិ​បញ្ញា​នេះ​។ បើតាម​លោក Francis Gurry កម្ពុ​ជាមាន​សក្តានុពល​ជាច្រើន ស្របពេល​ម៉ាក​យីហោ​មួយចំនួន បាន​ក្លាយជា​និម្មិត​រូប​របស់​កម្ពុជា បង្ហាញ​លើ​ឆាក​អន្តរជាតិ​។​
 
«​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក បានធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​កម្ពុជា ហើយ​អ្វីដែល​យើង​ឃើញជាក់ស្តែង​គឺ​យើង​ពិតជា​មានការ​សប្បាយរីករាយ ក្នុង​ការជួយ​ដល់​កម្ពុជា​លើ​ការរៀបចំ​យុទ្ធសាស្ត្រ​កម្ម​សិទ្ធិ​បញ្ញា​ថ្នាក់ជាតិ ដែល​បានអនុម័ត​កាលពី​ឆ្នាំ​២០១៦»​។  នេះ​ជាការ​លើកឡើង​របស់លោក Francis Gurry  ៕
 

Tag:
 ​ហ៊ុន សែន​
  កម្ម​សិទ្ធ​បញ្ញា​
 ​ម៉ាក​យីហោ​
© រក្សាសិទ្ធិដោយ thmeythmey.com