ជាតិ
ICRC បើក​យុទ្ធ​ការ​រៃអង្គាសប្រាក់ ជួយ​ក្រុម​នារី​បាល់បោះ​រទេះ​ជនពិការ​ក​ម្ពុ​ជា​ទៅ​ប្រកួត​នៅ​ជប៉ុន
26, Oct 2018 , 8:39 am        
រូបភាព
​ភ្នំពេញ​៖ គណៈកម្មាធិការ​អន្តរជាតិ​នៃ​កាកបាទក្រហមកម្ពុជា​(ICRC) បាន​បើក​យុទ្ធ​ការ​រៃអង្គាសប្រាក់​ចំនួន ៩​ម៉ឺន ៥​ពាន់​ដុ​លា្ល​រ ដើម្បី​ជួយ​ដល់​ក្រុម​នារី​បាល់បោះ​រទេះ​ជនពិការ​ក​ម្ពុ​ជា​។ យុទ្ធ​ការ​នេះ ធ្វើឡើង​រយៈពេល​៤៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៤ ខែតុលា ដល់​ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ​២០១៨​។ ថវិកា​ដែល​ប្រមូលបាន​នឹង​យកទៅជួយ​សាងសង់​ដំបូល​រាន​បាល់បោះ ជូន​នារី​ជនពិការ​ក្នុង​មណ្ឌល​ស្តារ​លទ្ធភាព​ពលកម្ម​កាយសម្បទា នៅ​ខេត្តបាត់ដំបង ក្នុងការ​ហ្វឹកហាត់​ត្រៀមលក្ខណៈ ទៅ​ចូលរួម​ប្រកួត​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​ហ្គេម នៅ​ជប៉ុន នា​ឆ្នាំ​២០២០​។

 
​សេចក្តីប្រកាស​ព័ត៌មាន របស់​ICRC កាលពី​ថ្ងៃទី​២៤​តុលា បាន​ឲ្យ​ដឹងថា ការខ្វះខាត​បរិក្ខារ​ក្នុងការ​ហ្វឹកហាត់ គឺ​ឧបសគ្គ​សម្រាប់​ជនពិការ​នារី​ទាំងនោះ ក្នុងការ​បញ្ចេញ​សមត្ថភាព​ក្រ​កួត​ប្រជែង​នៅ​ជប៉ុន​។ ជាក់ស្តែង​សម្រាប់​ក្រុម​ជនពិការ​នារី​នេះ មិនទាន់​លក្ខណៈ​គ្រប់គ្រាន់​នៅឡើយ ពោលគឺ​កន្លែង​ហ្វឹកហ្វឺន​មិនមាន​ដំបូល​ត្រឹមត្រូវ ដែល​ធ្វើ​ឲ្យ​ការហ្វឹកហ្វឺន​របស់​ជន​ពិការ​ទាំងនេះ មាន​ភាពលំបាក ដោយសារ​ពន្លឺ​ថ្ងៃ និង​ភ្លៀង​ធ្លាក់​ខ្លាំង ជាដើម​។  នេះ​ជា​ហេតុផល​ដែល​ICRC បើក​យុទ្ធនាការ​រៃអង្គាសប្រាក់​ជួយឧបត្ថម្ភ​សាងសង់​ដំបូល​ដល់​ក្រុម​បាល់បោះ​រទេះ​នារី​កម្ពុជា​នេះ​។ 


 
​លោក ឌែ​ន​វើ​រ័ ក្រា​ហាម ប្រធាន​គម្រោង​ស្តារ​លទ្ធភាព​ពលកម្ម​កាយសម្បទា បាន​មានប្រសាសន៍​ដូច្នេះ « ទឹកប្រាក់​ដែល​យើង បាន​ពី​ការ​រៃអង្គាស​នេះ​នឹង​ផ្តល់​ជា​ធនធាន​មួយ​ក្នុង​ការជួយ​ជំរុញ​ពួកគេ ឲ្យ​ខិតខំ​ទាំង​កម្លាំងកាយ​-​ចិត្ត ដើម្បី​ពង្រឹងសមត្ថភាព​ក្រុម​ឲ្យ​កាន់តែ​ប្រសើរ​ជាង​មុន ដើម្បី​សម្រេច​នូវ​សេចក្តីប្រាថ្នា របស់​ពួកគេ​ចេញទៅ​ប្រកួត​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​ហ្គេម នៅ​តូ​ក្យូ ឆ្នាំ​២០២០»​។ 
 
​ក្រុម​នារី​បាល់បោះ​រទេះ​ជនពិការ​នេះ មាន​សមាជិក​២២​រូប មាន​វ័យ​ពី​២២ ដល់​៣៥​ឆ្នាំ​។ សមាជិក​ទាំងនោះ​មាន​ខ្លះ​ពិការ​ដោយសារ​គ្រាប់មីន ខ្លះទៀត​ពិការ​ដោយ​ជំងឺ​ប៉ូ​លី​យ៉ូ​។  ក្រុម​នេះ ទើបបាន​ឆ្លងកាត់​ការប្រកួត អន្តរជាតិ អាស៊ាន ប៉ា​រ៉ា ហ្គេម នាទី​ក្រុង​ហ្សា​កាតា ប្រទេស​ឥណ្ឌូនេស៊ី នៅ​ទី​១២​តុលា ឆ្នាំ​២០១៨​។​
 
​សម្រាប់​ព័ត​មាន​លម្អិត សូម​ទំនាក់ទំនង​
-​ ​លោកស្រី ចាន់ ផល្គុណ មន្ត្រី​ទំនាក់ទំនង​ICRC ប្រចាំ​កម្ពុជា​។ ទូរ​សព្ទ​លេខ 017 940 036 ឬ តាមរយៈ​អ៊ី​ម៉ែ​លៈ [email protected]
-​ ​Mr. lgnatius lvlev-Yorke មន្ត្រី​សមាគម​ទំនាក់ទំនង​សាធារណៈ​។ ទូរ​សព្ទ​លេខ​+41 796 4275 94 ឬ តាមរយៈ​អ៊ី​ម៉ែ​លៈ [email protected]
-​ ​Mr. Graziella Leite Piccoli មន្ត្រី​ទំនាក់ទំនង​ប្រចាំ​តំបន់​អាស៊ី​។ ទូរ​សព្ទ​លេខ +66 81 950 127094 ឬ តាមរយៈ​អ៊ី​ម៉ែ​លៈ [email protected]
​ឬ ចូលទៅ​កាន់​គេហទំព័រ​ផ្លូវការ​រៃ​អង្កា​ស​ប្រាក់ www.crowdfunding.icrc.org


 

Tag:
 បាល់បោះ​រទេះ​
  ជនពិការ​
  ICRC
© រក្សាសិទ្ធិដោយ thmeythmey.com