ជាតិ
ក្រសួង​បី កំពុង​រៀបចំសេចក្ដី​ប្រកាស​រួម ដើម្បី​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​
26, Oct 2018 , 9:28 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួង​ចំនួន​៣ បាន​កំពុង​រៀបចំសេចក្ដី​ប្រកាស​រួម ដើម្បី​ធ្វើយ៉ាងណា​កាត់បន្ថយ និង​លុបបំបាត់​នូវ​ព័ត៌មាន​ក្លែងបន្លំ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សង្គម ។ ក្រសួង​ទាំង​៣​នោះ រួមមាន ក្រសួង​ព័ត៌មាន ក្រសួង​ប្រៃសណីយ៍ និង​ក្រសួងមហាផ្ទៃ​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក មាស សុភ័ណ្ណ អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន នៅក្នុង​កម្មវិធី​សិក្ខាសាលា​ស្ដីពី​«​ការប្រឆាំង​ព័ត៌មាន​ក្លែងបន្លំ​សម្រាប់​អ្នកសារព័ត៌មាន​កម្ពុជា​» ដែល​រៀបចំ​ដោយសារ​ព័ត៌មាន​ថ្មីៗ នៅ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៨​។​


 
FakeNews ឬ​ព័ត៌មាន​ក្លែងបន្លំ ត្រូវបាន​ក្រសួង​ព័ត៌មាន​លើកឡើងថា ជាការ​ព្រួយបារម្ភ​មិន​ត្រឹមតែ​ប្រទេស​កម្ពុជា​នោះទេ តែ​ថែមទាំង​ជាការ​ព្រួយបារម្ភ​របស់​ពិភពលោក​ផងដែរ​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក មាស សុភ័ណ្ណ អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​។

ថ្លែង​នៅក្នុង​កម្មវិធី​សិក្ខាសាលា​ស្ដីពី​«​ការប្រឆាំង​ព័ត៌មាន​ក្លែងបន្លំ​សម្រាប់​អ្នកសារព័ត៌មាន​កម្ពុជា​» ដែល​រៀបចំ​ដោយសារ​ព័ត៌មាន​ថ្មីៗ លោក​អនុរដ្ឋលេខាធិការ បាន​បញ្ជាក់ថា «​បច្ចុប្បន្ន​ក្រសួង​ព័ត៌មាន កំពុងតែ​សហការ​ណ៍​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ក្រសួងមហាផ្ទៃ ដើម្បី​បង្កើត​សេចក្ដីប្រកាស​រួម​ដើម្បី​ចាត់វិធានការ​លើ​សារព័ត៌មាន​ក្លែងក្លាយ ដែល​មាននៅ​កម្ពុជា​»​។​
 
​តំណាង​ក្រសួង​ព័ត៌មាន​ខាងលើ​បាន​បញ្ជាក់ថា សិក្ខាសាលា​ដែល​សារព័ត៌មាន​ថ្មីៗ​បានធ្វើ​នេះ គឺមាន​សារៈសំខាន់​ណាស់ ក្នុងការ​ចែករំលែក​ប​ទ​ពិសោធ​ក្នុងការ​ឈ្វេងយល់​ពី​ផលប៉ះពាល់ និង​ឈ្វេងយល់​ពីអ្វី​ដែលជា​ប្រភព​នៃ​ព័ត៌មាន​ក្លែងបន្លំ​។​
 
​បើតាម​លោក ផាក់ ស៊ា​ង​លី អនុប្រធាន​ក្រុម​អ្នកសារព័ត៌មាន​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ បាន​ឲ្យ​ដឹងថា បញ្ហា​៨០​ភាគរយ​ដែល​បានកើត​ឡើង គឺ​បណ្ដាលមកពី​អ្នក​ចែករំលែក មិនមែន​អ្នក​ផលិត​ព័ត៌មាន​ក្លែងក្លាយ​នោះឡើយ​។ លោក​ឡើង​បែបនេះ​ទៅតាម​ការសិក្សា​របស់​ក្រុម​អ្នកជំនាញ​មកពី​សហរដ្ឋអាមេរិក​។​
 
​អនុប្រធាន​ក្រុម​អ្នកសារព័ត៌មាន​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ខាងលើ បាន​បន្ថែមថា អ្នក​ចែករំលែក​ព័ត៌មាន​ក្លែងបន្លំ​ភាគច្រើន គឺ​ចំណេះដឹង​នៅមានកម្រិត ហើយ​មិនបាន​ចូល​អាន​ព័ត៌មាន​ឲ្យ​បាន​ច្បាស់ មើល​មិនបាន​ចប់ ឬ​មើល​តែ​ចំណងជើង​ជាដើម​។ សម្រាប់​អ្នកកាសែត​ជើងចាស់​រូបនេះ បាន​ណែនាំ​ដល់​ពលរដ្ឋ​ថា មុនពេល​ចែករំលែក​នូវ​ព័ត៌មាន​ណាមួយ ត្រូវ​ពិចារណា​សិន ដើម្បី​ដឹងថា  គួរ​ឬ​មិនគួរ​ចែករំលែក​ព័ត៌មាន​ណាមួយ​។​
 
​ឆ្លើយតប​និង​សំណួរ​ដែល​បាន​ចោទថា ហេតុអ្វី​បានជា​សារព័ត៌មាន​អន​ឡាញ ឬ​បណ្ដាញ​សង្គម ហាក់​មានការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងបន្លំ​ច្រើនជាងគេ​? លោក គុណ ចិន្តា ការី​និពន្ធ​ព័ត៌មាន និង​ជា​ផលិតករ​កម្មវិធី​ទូរទស្សន៍ និង​វិទ្យុ​VOD លើកឡើងថា មាន​៣​កត្តា​សំខាន់ៗ​។ កត្តា​ទី​១ គឺ​ដោយសារ​ព័ត៌មាន​អន​ឡាញ​ងាយស្រួល​ក្នុងការ​ផ្សព្វផ្សាយ ដោយ​គ្រាន់​តែមាន អ៊ីនធឺណិត និង​ទូរស័ព្ទ Smart phone​។

កត្តា​ទី​២ គឺ​ដោយសារតែ​អ្នកសារព័ត៌មាន​ខ្លះ ហេតុតែ​ចង់បាន​រឿង​ទាក់ទាញ​អ្នកអាន មិនបាន​ពិនិត្យ​ពី​ប្រភពព័ត៌មាន​ឲ្យ​បាន​ច្បាស់ ក៏​សម្រេច​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំងនោះ​។ កត្តា​ទី​៣ គឺ​អ្នកព័ត៌មាន​ដែល​មិនបាន​ទៅយក​ព័ត៌មាន​ដោយផ្ទាល់ ដែល​ចាំតែ​ដកស្រង់​ព័ត៌មាន​ពី​គេហទំព័រ​ដទៃ ដោយ​ទាញយក​មុំ ឬ​ចំណងជើង​ផ្សេង ដែល​អាចធ្វើ​ឲ្យ​ខុស​ខ្លឹមសារ​ដើម​នៃ​ព័ត៌មាន​។​
​ការី​និពន្ធ​ព័ត៌មាន​របស់​VOD​រូបនេះ សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា​៖«​ព័ត៌មាន​ក្លែងក្លាយ​អាច​បំផ្លាញ​ដល់​សង្គម និង ប្រជាធិបតេយ្យ​» ។​
 
​ជាមួយគ្នានេះ នៅក្នុង​សិក្ខាសាលា​ខាងលើ ក៏មាន​ការលើកឡើង​ដែរ​ថា ព័ត៌មាន​ក្លែងក្លាយ​ខ្លះ កើតចេញ​អ្នកព័ត៌មាន​ប្រជាពលរដ្ឋ ដែល​អ្នក​ទាំងនោះ​មិនបាន​សិក្សា ឈ្វេងយល់​អំពី​ប្រភព និង​ការផ្សព្វផ្សាយ​ព័ត៌មាន​ឲ្យ​បាន​ច្បាស់​ឡើយ​៕

Tag:
 Fake News
© រក្សាសិទ្ធិដោយ thmeythmey.com