ជាតិ
រដ្ឋាភិបាល កំពុង​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ថវិកាជាតិ​២០១៩
26, Oct 2018 , 9:47 am        
រូបភាព
រូបប្រជុំគណៈរដ្ឋមន្រ្តីនៅថ្ងៃទី ២៦ តុលា ពីហ្វេសប៊ុកសម្តេច ស ខេង
រូបប្រជុំគណៈរដ្ឋមន្រ្តីនៅថ្ងៃទី ២៦ តុលា ពីហ្វេសប៊ុកសម្តេច ស ខេង
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ដឹកនាំ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ដើម្បី​ពិភាក្សា​លើ​របៀបវារៈ​ចំនួន​៣ ទាក់ទង​នឹង​ថវិកាជាតិ និង​កិច្ចព្រមព្រៀង​មួយចំនួន​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​កលោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​។​

 
​របៀបវារៈ​ទាំង​៣ ដែល​គណៈរដ្ឋមន្ត្រី​លើក​មក​ពិភាក្សាគ្នា​នេះ រួមមាន ទី​១ សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩​។ ទី​២ សេចក្តីព្រាងច្បាប់​ស្តីពី​ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៧ ។

ចំណែករ​បៀ​វារៈ​ទី​៣ បញ្ហា​ផ្សេងៗ​ទាក់ទងសំណើសុំ​ការយល់ព្រម​ពី​គណៈរដ្ឋមន្ត្រី ដើម្បី​សុំ​សច្ចាប័ន​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល រវាង​កម្ពុជា​-​វៀតណាម និង​កម្ពុជា​-​ឥណ្ឌូនេស៊ី និង​សន្ធិសញ្ញា​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហព័ន្ធរុស្ស៊ី ស្តីពី​បត្យាប័ន​។​
 
​គួរ​បញ្ជាក់ថា ថវិកាជាតិ​កាលពី​ឆ្នាំ​២០១៨ មាន​ទំហំ ២៤ ៣៧៥ ១០២ លាន​រៀល (​ប្រហែល ៦០៣៣ លាន​ដុល្លារ កើនឡើង ១៥,២​ភាគរយ ធៀប​នឹង​ថវិកា​ក្នុង​ច្បាប់​ឆ្នាំ​២០១៧​។ ថវិកា​ចំណាយ​នេះ គឺ​ស្មើ ២៤,៥៩​ភាគរយ​នៃ​ផលិតផល​ជាតិ​សរុប (GDP) ៕

Tag:
 ហ៊ុន សែន​
 ​ថវិកាជាតិ
 ​រដ្ឋាភិបាល​
© រក្សាសិទ្ធិដោយ thmeythmey.com