ជាតិ
២៥ខេត្ត/រាជធានី
ផលិតផល​កសិកម្ម​គ្មាន​ទីផ្សារ ព្រោះ​ខ្វះ​ព័ត៌មាន​
26, Oct 2018 , 2:24 pm        
រូបភាព
​ភ្នំពេញ​៖ ផលិតផល​កសិកម្ម​គ្មាន​ទីផ្សារ ព្រោះ​កង្វះ​ព័ត៌មាន និង​បច្ចេកទេស​រួមផ្សំ​ផ្សេងទៀត​។ ចំណុច​ទាំងនេះ​ត្រូវបាន​អ្នកជំនាញ​ព័ត៌មាន និង​កសិកម្ម លើក​យកទៅ​ពិភាក្សា​ក្នុង​វេទិកា​«​រក​ដំណោះស្រាយ​បញ្ហា​ប្រឈម​នៅ​ជនបទ​» តាមរយៈ​ប្រ​ព័​ន្ទ​ផ្សព្វផ្សាយ កាលពី​ថ្ងៃទី​២៥ តុលា​។

 
​ខណៈ​មានកា​នាំចូល​បន្លែ​ពី​ប្រទេសជិតខាង​ចាប់ពី​២០០​ទៅ​៤០០​តោន​ក្នុង​មួយថ្ងៃៗ​នោះ កសិករ​កម្ពុជា​ក៏មាន​កង្វល់​ពី​ការខ្វះ​ទីផ្សារ​សម្រាប់​ផលិតផល​កសិកម្ម​រប​ស់​ពួកគេ​។ ដោយសារតែ​បញ្ហា​ទាំងនេះ ទើប​អ្នកជំនាញ​ព័ត៌មាន និង​កសិកម្ម លើកយក​បញ្ហា​នេះ មក​ពិភាក្សា​រក​ដំណោះស្រាយ​។ បើតាម​អ្នកជំនាញ​លើ​វិស័យ​កសិកម្ម កត្តា​ដែល​បណ្ដាល​ឲ្យ​មាន​បញ្ហា​នេះ គឺមាន​កត្តា​បច្ចេកទេស ការផលិត​មាន​ចំនួន​តិច​មិនអាច​ផ្គត់​ផ្គង​ទីផ្សារ​គ្រប់គ្រាន់ កង្វះ​ព័ត៌មាន និង​មាន​កត្តា​ជាច្រើន​ទៀត​។​
 
​កញ្ញា ហ៊ី​ន ស៊ី​ណាត ប្រធាន​កម្មវិធី​នៃ​អង្គកា ICCO cooperation បាន​និយាយថា ការបែកបាក់​ក្រុម​បណ្ដាញ​សហគមន៍ ក្នុង​ការដាំដុះ​ផលិតផល​ដំណាំ គឺជា​មូលហេតុ​មួយ​ធំ ដែល​ធ្វើ​ឲ្យ​អ្នកបញ្ជា​ទិញ​ខ្វះ​ទំនុកចិត្ត​លើ​ផលិតផល​ពួកគេ​។ វា​ជា​ចំណុច​មួយ ដែល​អ្នកជំនាញ ត្រូវ​ពន្យល់​ប្រជាកសិករ​ពី​បញ្ហា​នេះ​។  
 
​កញ្ញា​បាន​លើកឡើងថា​៖ «​ការខ្វះ​ការ​ចងក្រង​ជា​ក្រុម ក្នុង​សហគមន៍​មួយ​គាត់​មាន​អ្នកលក់​បន្លែ​ច្រើន អ៊ីចឹង​ម្នាក់​លក់បាន​ប៉ុន្មាន​គីឡូ​ជា​លទ្ធភាព​របស់គាត់​។ គាត់​ម្នាក់ៗ​ដឹក​បន្លែ​មក​ទីផ្សារ​រៀងៗ​ខ្លួន ដែល​ធ្វើ​ឲ្យ​ឈ្មួញ​ចំណាយពេល​យូរ ដើម្បី​ចាំ​បន្លែ​ទំ​ម្រាំ​តែ​គ្រប់គ្នា​មកពី​ភូមិ​មួយ ដូច្នេះ​ឈ្មួញ​មាន​អារម្មណ៍​ថា គាត់​ខាត​ពេលវេលា​ច្រើន​។ ដូចនេះ​បើ​ក្រុម​កសិករ​មួយ គាត់​ចងក្រង​គ្នា​ជា​ក្រុម មាន​អ្នកប្រមូល​រួមមួយ ដឹង​តម្លៃ​មួយ​ជាក់លាក់ ដឹង​ពី​ចំនួន​បន្លែ​ដែល​អាច​ផលិត​បាន​ក្នុង​មួយថ្ងៃ អ្នកទិញ​ក៏​មិន​ខ្លា​ចនឹង​ចាំ​ទិញ​បន្លែ​ពី​ពួកគាត់​ទេ​»​។ 
 
​បញ្ហា​រៀបចំ​បណ្ដាញ​សហគមន៍​កសិករ គឺជា​រឿង​មួយ ប៉ុន្តែ​បញ្ហា​កង្វះ​ព័ត៌មាន​ទីផ្សារ គឺជា​រឿង​មួយ ដែល​ត្រូវ​យកចិត្តទុកដាក់​ផងដែរ​។ លោក ប៉ែន សូ​នី នាយក​ប្រតិបត្តិ​សហ​ព័​ន្ទ​ជំរុញ​សហគ្រាស​កសិកម្ម​លក្ខណៈ​គ្រួសារ​នៅ​កម្ពុជា (​ស​.​ស​.​ប​)  បាន​លើកឡើងថា កង្វះ​ព័ត៌មាន​ទីផ្សារ​សម្រាប់​ក​សិ​ករ​នេះ ជាដើម​ចម​ដែល​ធ្វើ​ឲ្យ​ផលិតផល​កសិកម្ម​ពល​រដ្ឋ ផលិត​លើស​តម្រូវការ​ទីផ្សារ ដែល​នាំ​ឲ្យ​ពួកគេ​ខាតបង់​ចំណូល​ជាដើម​។  
 
«​ព័ត៌មាន​ទីផ្សារ​គឺជា​រឿង​មួយ​សំខាន់ គាត់​អត់​ដឹងថា តម្រូវការ​អ្នក​ដែល​បរិភោគ ឬ​តម្រូវការ​ទីផ្សារ​មាន​ទំហំ​ប៉ុណ្ណា  ហើយ​ត្រូវការ​ផលិតផល​អ្វី​ជាក់លាក់ ហើយ​ការដាំដុះ​របស់​កសិករ​តាម​គ្នា បើ​គាត់​ដាំ​ដំណាំ​ប្រភេទ​ណាមួយ​បាន​ផល​ល្អ អ្នកជិតខាង​គាត់​នឹង​ដាំ​តាម ដូច្នេះ​នៅពេល​ច្រើន វា​ធ្វើ​ឲ្យ​ជន់​ផលិតផល​ហ្នឹង ដែល​ធ្វើ​ឲ្យ​គាត់​លក់​មិន​ដាច់​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ប៉ែន សូ​នី​។​
 
​ដោយ​មិនទាន់​និយាយ​ពី​បញ្ហា​បច្ចេកទេស​នោះ លោក Harry Surjadi អ្នកសារព័ត៌មាន​ជំនាញ​វិទ្យាសាស្ត្រ ប្រទេស​ឥណ្ឌូណេស៊ី បាន​និយាយថា អ្នកសារព័ត៌មាន​មាន​តួនាទី​សំខាន់​ណាស់ ក្នុងការ​លើកកម្ពស់​ផលិតផល​ក្នុងស្រុក​តាមរយៈ​ការផលិត​ព័ត៌មាន​ផ្សេងៗ ដែល​ទាក់ទង​ទៅ​និង​វិស័យ​កសិកម្ម​។ 
 
​ក្នុង​វេទិកា​ស្តីពី​របៀប​នៃ​ការដោះស្រាយ​បញ្ហា​នៅ​ជនបទ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ លោក Harry បាន​និយាយ​ដូច្នេះ​ថា​៖ «​កសិក​គាត់​ត្រូវកា​ចំណេះដឹង តើ​គាត់​គួរ​ធ្វើ​កសិកម្ម​តាមរបៀប​ណា​ដែល​ទទួលផល​បាន​ច្រើន ក្នុងនាម​ជា​អ្នកការ​សែត​យើង​ប្រាកដជា​មិនមាន​ចំណេះដឹង​ខាង​ផ្នែក​នេះ​ទេ តែ​អ្វីដែល​យើង​អាច​ធ្វើបាន​គឺ​រក​អ្នកជំនាញ​ដែលមាន​ចំណេះដឹង​ផ្នែក​កសិកម្ម យើង​ធ្វើការ​សម្ភាស​ពួកគេ បន្ទាប់មក​យើង​ចេញផ្សាយ​អត្ថបទ​នឹង សម្រាប់​កសិករ​»​។​
 
​កម្ពុជា មាន​ស្ថាប័ន​ត៌មាន​ច្រើន​និង​គ្រប់​ទម្រង់​។ ពលរដ្ឋ​កម្ពុជា​គួរ​ស្វែងរក​ព័ត៌មាន​ដែលមាន​ប្រយោជន៍​ដូចជា​ទាក់ទង​នឹង​វិស័យ​កសិកម្ម និង​អបរំ ។ ចំណែក​ស្ថាប័ន​សារព័ត៌មាន គួរតែ​ផលិត​អត្ថបទ​ដែលមាន​សារៈសំខាន់ ក្នុង​ការជួយ​ពង្រឹង​ចំណេះដឹង​ដល់​ប្រជាកសិករ​ទៅលើ​បញ្ហា​កសិកម្ម បញ្ហា​ទាក់ទង​ទៅនឹង​បច្ចេកវិទ្យា​ថ្មី បរិស្ថាន សន្តិសុខ​ស្បៀង និង​ការផ្លាស់ប្តូរ​អាកាសធាតុ​ជាដើម​។ នេះ​ជាការ​លើកឡើង​របស់លោក ជា ចន្ទ​បរិបូរណ៍ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​៕

​ដើម្បី​ទទួលបាន​ព័ត៌មាន​ទាក់ទង​នឹង​វិស័យ​កសិកម្ម​, ផលិតផល​អត្តសញ្ញាណ​, ជំនួញ​ខ្នាតតូច និង​មធ្យម​, បរិស្ថាន និង​ទេសចរណ៍ សូម​ចុច Download App «​ថ្មីៗ​២៥ រាជធានី​-​ខេត្ត​» សម្រាប់​ប្រព័ន្ធ iOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយ​ព័ត៌មាន​ទាំងនេះ ក៏មាន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv ៕​
 

Tag:
 ​ហ៊ី​ន ស៊ី​ណាត​
 ​កសិកម្ម​
 ​ព័ត៌មាន​
© រក្សាសិទ្ធិដោយ thmeythmey.com