ជាតិ
សេដ្ឋកិច្ច
ប្រធាន​HR «AMK ជ្រើសរើស​បុគ្គលិក ផ្ដោតលើ​អាកប្បកិរិយា សំខាន់​ជាង​ជំនាញ​ទៅទៀត​»
28, Oct 2018 , 11:19 am        
រូបភាព
ដោយ: ថ្មីៗ
«​ជំនាញ យើង​អាច​បណ្ដុះ​បាន​នៅពេល​ក្រោយ តែ​អាកប្បកិរិយា គឺ​សំខាន់​ណាស់ ថា​តើ​អ្នកនោះ​អាចធ្វើ​ការ​ជា​ក្រុម​ជាមួយ​យើង​បានដែរ​ឬទេ​?» នេះ​ជាការ​លើកឡើង​របស់​អ្នកស្រី ពាំង ពិសាខ នាយិកា​ប្រតិបត្តិ​ធនធានមនុស្ស​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ AMK  នៅមុខ​អ្នកការ​សែត​នាឱកាស​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​ឆ្នាំ​២០១៨ ។


 
​អ្នកស្រី ពាំង ពិសាខ អះអាងថា  AMK ជ្រើសរើស​បុគ្គលិក​ឲ្យ​ចូលធ្វើ​ក្នុង​ស្ថាប័ន​ខ្លួន ដោយ​ផ្ដោតលើ​អត្តចរិត​របស់​បេក្ខជន បេ​ក្ខ​នារី​ម្នាក់ៗ​ជា​ចម្បង ព្រោះថា​ឥរិយាបទ​គឺ​សំខាន់​ណាស់​ក្នុង​ការធ្វើការងារ​ជា​ក្រុម រីឯ​ជំនាញ​គឺអាច​បណ្ដុះបណ្ដាល និង​រៀនសូត្រ​ពេល​ចូល​បំពេញការងារ​បាន​តាម​ក្រោយ​។ 
 
​ប្រធាន​ផ្នែក​ធនធានមនុស្ស (HR) រូបនេះ គូសបញ្ជាក់ថា​AMK ជ្រើសរើស​បុគ្គលិក​ថ្មី ជារួម​គឺ​គិត​ទៅលើ អាកប្បកិរិយា ការតាំង​ចិត្ត​ធ្វើការ និង​ភាព​ឧស្សាហ៍​ព្យាយាម​។  
 
​អ្នកស្រី​ទទួលស្គាល់ថា ការសង្កេតមើល​អាកប្បកិរិយា​របស់​បេក្ខជន​ម្នាក់ៗ​ដែល​មក​ដាក់ CV ធ្វើការ គឺ​ពិតជា​ពិបាក តែ​តាមរយៈ​បទពិសោធន៍​នៃ​ការជ្រើសរើស និង​ការតម្រូវ​ឲ្យ​បម្រើ​ការងារ​សាកល្បង នោះ​នឹង​អាច​មើល​ដឹង​។ «​វា​ពិតជា​ពិបាក តែដោយសារ​យើង​មានបទពិសោធន៍​ខាង​ផ្នែក​ធនធានមនុស្ស​ស្រាប់ យើង​នឹង​អាច​មើល​ដឹង​ពី​បុគ្គលិកលក្ខណៈ​របស់​បុគ្គ​ល​នោះ​។ ម្យ៉ាងទៀត​មុន AMK មាន​គោលការណ៍​តម្រូវ​ឲ្យ​ធ្វើការ​សាកល្បង​រយៈពេល​៣​ខែ​សិន នេះហើយ​ជា​ឱកាស​ឲ្យ​យើង ក៏ដូចជា​បុគ្គលិក មើលគ្នា​ទៅវិញទៅមក​»​។ នេះ​ជា​ប្រសាសន៍​អ្នកស្រី ពាំង ពិសាខ ។​


 
​នាពេល​ថ្មីៗ​នេះ AMK ដែលមាន​ធនធានមនុស្ស​ជាង ២៧០០​នាក់ បានប្រកាស​ជ្រើសរើស​បុគ្គលិក​ចំនួន ៥០០​នាក់​បន្ថែម​។ ក្នុងនោះ​ការងារ ៣០០​កន្លែង​ជា​ឱកាស​សម្រាប់​ចង់​ធ្វើជា​មន្ត្រី​ឥណទាន​។​
 
«​ដោយសារ​ចេះតែមាន​ការរីកចម្រើន​ទៅមុខ ដូចនេះហើយ AMK តែងតែ​ផ្ដល់​ការងារ​ថ្មី​ដល់​សិស្ស​និស្សិត​ជាង​រៀងរាល់ឆ្នាំ​»​។ នេះ​ជាការ​លើកឡើង​របស់​អ្នកស្រី ពាំង ពិសាខ ។ អ្នកស្រី​បញ្ជាក់ថា AMK ផ្ដល់ឱកាស​ដល់​យុវជន មិន​ថា​ធ្លាក់​បាក់​ឌុប ឬ​ជាប់​បាក់​ឌុប និស្សិត អ្នកមាន​បទពិសោធន៍​ស្រាប់ ឬ​អ្នក​ចង់​ចាប់ផ្ដើម​ការងារ​ដំបូង ដើម្បី​អាច​ចូល​បម្រើ​ការងារ និង​ទទួល​ការរីកចម្រើន​ជាមួយ AMK ៕ 




 
 

Tag:
 AMK
  បុគ្គលិក​
© រក្សាសិទ្ធិដោយ thmeythmey.com