សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
មហាសេដ្ឋី​វាល់​លាន​៖ អាមេរិក ចិន មាន​ចំនួន​ច្រើនជាងគេ ខណៈ​ថៃ​ស្ថិតនៅ​លេខ​១៩
28, Oct 2018 , 7:22 pm        
រូបភាព
ដោយ: ធីតា
ចំនួន​មហាសេដ្ឋី​វាល់​លាន កើន​ពី​១៩៧៩​នាក់​នៅ​ឆ្នាំ​២០១៦ ឡើងដល់​២១៥៨​នាក់​នៅ​ឆ្នាំ​២០១៧ ។ នេះ​បើតាម​របាយការណ៍​ឆ្នាំ​២០១៨​របស់​ធនាគា​ស្វ៊ី​ស UBS និង​ក្រុមហ៊ុន​សវនកម្ម​អង់គ្លេស PwC (UBS/PwC Billionaires Report 2018) ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​២៦ ខែតុលា​។



​ក្នុងចំណោម​មហាសេដ្ឋី​២១៥៨​នាក់ មាន​ស្ត្រី​តែ​១១​ភាគរយ​ប៉ុណ្ណោះ​។ ចំនួន​ទឹកប្រាក់​ក៏មាន​ការកើនឡើង​១៩​ភាគរយ​ផងដែរ​នៅ​ឆ្នាំ​២០១៧ ពោលគឺ​មាន​ចំនួន​សរុប​រហូតដល់​ទៅ​៨៩០០​ពាន់​លាន​ដុល្លារ​អាមេរិក​។

​មហាសេដ្ឋី​មាន​កំណើន​ទ្រព្យសម្បត្តិ​ដ៏​គួរ​ឲ្យ​កត់សម្គាល់ ពោលគឺ​កើន​ដល់​ទៅ​៣៩​ភាគរយ​នៅ​ឆ្នាំ​២០១៧ ដោយ​លើស​ទ្វីបអាមេរិក​ទាំងមូល​ដែល​កើន​តែ​១២​ភាគរយ និង​ទ្វីបអឺរ៉ុប ដែលមាន​កំណើន​១៩​ភាគរយ​។​

​មហាសេដ្ឋី​ម្នាក់​មានទ្រព្យ​សម្បត្តិ​យ៉ាងហោចណាស់​៤,១​ពាន់​លាន​ដុល្លារ​អាមេរិក ដោយមាន​អាយុ​ជា​មធ្យម​៦៣,៥​ឆ្នាំ​។ ក្នុងចំណោម​មហាសេដ្ឋី​ថ្មី​ចំនួន​៣៣២​រូប​នា​ឆ្នាំ​២០១៧ មាន​១១៩​រូប​ជា​សហគ្រិន​ឯករាជ្យ ក្នុងនោះ​៨៩​រូប​មកពី​ចិន​។​

​តាម​របាយការណ៍ UBS/PwC Billionaires Report 2018 សហរដ្ឋអាមេរិក និង​ចិន នាំមុខ​ក្នុងចំណោម​ប្រទេស (​និង​តំបន់​ស្វយ័ត​) ចំនួន​១៩ ដែល​សំបូរ​មហាសេដ្ឋី​ច្រើនជាងគេ​លើ​ពិភពលោក​។​

​សហរដ្ឋអាមេរិក​ឈរ​ចំណាត់ថ្នាក់​លេខ​មួយ មាន​មហាសេដ្ឋី ៥៨៥​នាក់ (​កើន​៤​ភាគរយ​) ដែល​ក្នុងនោះ​៦៨​ភាគរយ មានបាន​ដោយ​ខ្លួនឯង​។ ចិន​ស្ថិតនៅ​លំដាប់​លេខ​ពីរ មាន​មហាសេដ្ឋី​៣៧៣​នាក់ (​កើន​១៧​ភាគរយ​) ដោយ​៩៨​ភាគរយ មានបាន​ដោយ​ខ្លួនឯង ហើយ​ចំនួន​នេះ គិត​ដាច់ដោយឡែក​ពី​តៃវ៉ាន់ និង​ហុងកុង​។​

​អាល្លឺម៉ង់​ស្ថិតនៅ​លេខ​៣ ដោយ មាន​១២៣​នាក់ (​កើន​៥​ភាគរយ​) បន្ទាប់មក ឥណ្ឌា ១១៩​នាក់ (​កើន​១៩​ភាគរយ​) រុស្ស៊ី មាន​១០១​នាក់ (​កើន​៥​ភាគរយ​)​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ អ្នក​នៅ​រុស្ស៊ី​ទាំងអស់ សុទ្ធតែ​កើតចេញពី​ការប្រឹងប្រែង​ខ្លួនឯង មិនមែនជា​ទ្រព្យសម្បត្តិ​ដែល​ដូនតា​បន្សល់ទុក​ឲ្យ​នោះឡើយ​។​

​ប្រទេស (​ឬ​តំបន់​ស្វយ័ត​) ដែល​ស្ថិត​ក្នុងចំណោម Top 10 រួមមាន ហុងកុង មាន​៦៧​នាក់ (​ថយ​៣​ភាគរយ​)  ចក្រភព​អង់គ្លេស ៥៤​នាក់ (​ថយ​២​ភាគរយ​) កាណាដា មាន​៤៦​នាក់ (​កើន​២៨​ភាគរយ​) កូរ៉េខាងត្បូង មាន​៤៤​នាក់ (​កើន​១៦​ភាគរយ​) អូស្ត្រាលី មាន​៤៣​នាក់ (​កើន​២៦​ភាគរយ​) និង អ៊ីតាលី មាន​៤៣​នាក់ (​កើន​២​ភាគរយ​)​។​

​ប្រេ​ស៊ី​ល​ស្ថិតនៅ​លំដាប់​លេខ​១២ ដោយមាន​មហាសេដ្ឋី ៤២​នាក់ (​ថយ​៥​ភាគរយ​) បន្ទាប់មក​មាន បារាំង ៤០​នាក់ (​កើន​៣​ភាគរយ​) ស្វ៊ី​ស ៣៦​នាក់ (​កើន​៣​ភាគរយ​) តួ​ក​គី ៣៦​នាក់ (​កើន​២៤​ភាគរយ​)​ជប៉ុន ៣៥​នាក់ (​កើន​៦​ភាគរយ​) តៃវ៉ាន់ ៣៥​នាក់ (​កើន​១៣​ភាគរយ​) ស៊ុយអែត​៣២​នាក់ (​កើន​៣​ភាគរយ​) និង​ថៃ ស្ថិតនៅ​លេខ​១៩ ដោយមាន​៣០​នាក់ (​កើន​៤៣​ភាគរយ​)​។​

​ក្រៅពី​ថៃ ប្រទេស​៣​ទៀត​នៅ​អាស៊ាន ក៏មាន​ឈ្មោះ​ក្នុង​របាយការណ៍ UBS/PwC Billionaires Report 2018 ផងដែរ ដែល​ក្នុងនោះ សិង្ហ​បុរី មាន​២២​នាក់ ម៉ាឡេស៊ី មាន​១៤​នាក់ និង​ហ្វីលីពីន​មាន​១២​នាក់​៕



Tag:
 មហាសេដ្ឋី
© រក្សាសិទ្ធិដោយ thmeythmey.com