ជាតិ
សង្គមជាតិ
បងប្អូនបង្កើត៣នាក់ បានបាត់ខ្លួនក្នុងទន្លេបាសាក់ ដោយសារលិចទូក
× ភ្នំពេញ៖ បងប្អូនបង្កើត៣នាក់ បានបាត់ខ្លួន ក្នុងកណ្តាលទន្លេបាសាក់ ដោយសារតែការលិចទូក។ បងប្អូនទាំង៣នាក់នោះ មានឈ្មោះ រិន មករា អាយុ១៨ឆ្នាំ (ប្រុស) រិន ស្រីអូន អាយុ១៣ឆ្នាំ និង រិន ស្រីរ័ត្ន អាយុ៩ឆ្នាំ។ យោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ ហេតុការណ៍លិចទូកនេះ បានកើតឡើង កាលពីថ្ងៃទី២៩តុលា នៅភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។
ប្រភពដដែលបានឲ្យដឹងថា ហេតុការណ៍ខាងលើ បានកើតឡើងដោយបុរសឈ្មោះ រិន មករា និងមិត្តស្រី បានបបួលគ្នាជិះទូកលេងតាមដងទន្លេបាសាក់ ដោយពួកគេមិនចេះបញ្ឆេះម៉ាស៊ីនបើកបរទូក។ ភ្លាមនោះ បុរសឈ្មោះ រិន មករា បានហៅឪពុករបស់ខ្លួន ឈ្មោះ មួង រិន មកបញ្ឆេះម៉ាស៊ីនបើកបរទូក ជូនពួកគេដើរលេង។ ជាមួយគ្នានោះ ឪពុកក៏បានហៅកូនស្រី ២នាក់ទៀត (រិន ស្រីអូន និង រិន ស្រីរ័តន្ន) ឡើងជិះទូកលេងជាមួយគ្នាផងដែរ។
ក្រោយពេលទូកបានបើកឃ្លាតចេញពីច្រាំងទន្លេ បានប្រហែល៤០ម៉ែត្រ ស្រាប់តែមានខ្យល់បក់ខ្លាំង បណ្ដាលឲ្យទូកនោះលិចតែម្ដង។ ដោយមានការជួយសង្គ្រោះពីអ្នកផ្សេង លោក មួង រិន និងមិត្តស្រីរបស់កូន បានរួចផុតពីគ្រោះថ្នាក់។
ដោយឡែក បងប្អូនទាំង៣នាក់នោះ ដែលជាកូនរបស់លោក មួង រិន បានបាត់ខ្លួន នៅក្នុងទន្លេ ជាមួយទូកតែម្តង។ ពេលនេះសមត្ថកិច្ច និងប្រជាពលរដ្ឋ កំពុងស្វែងរកជនរងគ្រោះដែលបានបាត់ខ្លួន៕
© រក្សាសិទ្ធិដោយ thmeythmey.com