ជាតិ
សម្ដេច ហ៊ុន សែន ស្នើឲ្យពន្លឿនដោះស្រាយសំណុំរឿងផ្សេងៗទាក់ទងនឹងសហជីព
× ភ្នំពេញ៖ បើតុលាការមានចំណាត់ការ គួរតែចាត់ការភ្លាមទៅ ។ បើគ្មានចំណាត់ការទេ គួរតែតម្កល់ទុកមិនចាត់ការទៅ។ នេះជាការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលស្នើឲ្យតុលាការពិនិត្យមើលលើបណ្ដឹងរបស់សហជីពកន្លងមក។
មូលហេតុដែលសម្ដេច ហ៊ុន សែន ចង់ឲ្យតុលាការធ្វើសេចក្តីសម្រេចលើសហជីព ដែលរងបណ្ដឹងឲ្យចប់ស្ថាពរ ដើម្បីឲ្យពួកគេបំពេញការងារឲ្យបានពេញសមត្ថភាព ពោលគឺកុំឲ្យសហជីពទាំងនោះ ធ្វើការក្រោមគំនាបពាក្យបណ្ដឹងឡើយ។ បើតាមអារម្មណ៍របស់សម្ដេច ហ៊ុន សែន តុលាការគួរតម្កល់ទុកមិនចាត់ការ ព្រោះបច្ចុប្បន្ននេះ សហជីពកំពុងបំពេញការងារបានយ៉ាងល្អ ដោយចេះធ្វើការជាមួយថៅកែរោងចក្រ និងកម្មករ ហើយកម្មករ និងថៅកែក៏បានសហការល្អ ជាមួយសហជីពផងដែរ។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មកររោងចក្រ នៅខេត្តតាកែវ នាព្រឹកនេះ ប្រមុខរដ្ឋាភិបាល បានប្រាប់ឲ្យរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង និងលោក អង្គ វង្ស វឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ពិនិត្យមើលករណីសហជីពទាំងនោះ ហើយពិភាក្សាជាមួយតុលាការ ក្នុងការរកដំណោះស្រាយលើបណ្ដឹងរបស់ពួកគេ។
Tag:
ហ៊ុន សែន
យុត្តិធម៌
សហជីព
© រក្សាសិទ្ធិដោយ thmeythmey.com