អន្តរជាតិ
បងប្រុស​អនុ​ប្រធានាធិបតី​អាមេរិក ជាប់ឆ្នោត​ជា​សមាជិក​រដ្ឋសភា​
07, Nov 2018 , 10:46 am        
រូបភាព
អនុប្រធានាធិបតីអាមេរិក ម៉ៃ ផេន និងបងប្រុសរបស់លោកដែលទើបជាប់ឆ្នោតជាសមាជិករដ្ឋសភាអាមេរិក ក្រេក ផេន (រូបភាព The Republic)
អនុប្រធានាធិបតីអាមេរិក ម៉ៃ ផេន និងបងប្រុសរបស់លោកដែលទើបជាប់ឆ្នោតជាសមាជិករដ្ឋសភាអាមេរិក ក្រេក ផេន (រូបភាព The Republic)
​លោក ក្រេ​ក ផេ​ន (Greg Pence) បងប្រុស​អនុ​ប្រធានាធិបតី​អាមេរិក ម៉ៃ ផេ​ន (Mike Pence) បាន​ជាប់ឆ្នោត​ជា​សមាជិក​រដ្ឋសភា​អាមេរិក​ប្រចាំ ក្នុងការ​បោះឆ្នោត​ពាក់កណ្ដាល​អាណត្តិ​ថ្ងៃទី​៦ ខែវិច្ឆិកា​។ ជ័យជម្នះ​របស់លោក ក្រេ​ក ផេ​ន ត្រូវបាន​ប្រកាស ខណៈ​សន្លឹកឆ្នោត​រាប់​មិនទាន់​អស់​ផង​នោះ​។

 
​លោក ក្រេ​ក ផេ​ន បានទទួល​សំឡេងគាំទ្រ​ចំនួន​៦៨​ភាគរយ ក្រោយ​ការរាប់​សន្លឹកឆ្នោត​ជិត​អស់​ទៅហើយនោះ​។ លោក ក្រេ​ក ផេ​ន នឹង​ក្លាយជា​សមាជិក​រដ្ឋសភា​ប្រចាំ​មណ្ឌល​ទី​៦ ក្នុង​រដ្ឋ Indianna ដែល​ប្អូនប្រុស​លោក គឺ​អនុ​ប្រធានាធិបតី​អាមេរិក​សព្វថ្ងៃ ម៉ៃ ផេ​ន ធ្លាប់​ធ្វើជា​តំណាង​ដែរ​។​
 
​ជា​សមាជិក​បក្ស​សាធារណរដ្ឋ លោក ក្រេ​ក ផេ​ន បាន​ផ្ដួល​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ​លោកស្រី Jeannine Lake ។ កៅអី​សមាជិកសភា​ប្រចាំ​មណ្ឌល​នេះ​នៅ​ទំនេរ​ក្រោយ​ការចាកចេញ​របស់លោក Luke Messer ដើម្បី​ប្រជែង​អាសនៈ​ព្រឹទ្ធសភា​វិញ ប៉ុន្តែ​មិនបាន​ជោគជ័យ​ឡើយ​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP សមាជិកសភា​ថ្មី​វ័យ​៦១​ឆ្នាំ​រូបនេះ​បាន​និយាយ​លើកសរសើរ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​ប្រកាស​គាំទ្រ​គោលនយោបាយ​របស់លោក ត្រាំ ក្នុងការ​យុទ្ធនាការ​ដើម្បី​គាំទ្រ​ក្រុម​វណ្ណៈ​កណ្ដាល និង​ធានាថា គោលនយោបាយ​ទាំងអស់ អាច​ឆ្លង​ផុត​ដំណាក់កាល​រដ្ឋសភា​៕
 

Tag:
 ​អាមេរិក​
  Greg Pence
  Mike Pence
© រក្សាសិទ្ធិដោយ thmeythmey.com