ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុនថ្មី៦ មានទុនជិត៧៨លានដុល្លារ ត្រូវបាន CDC អនុម័តឲ្យបង្កើតរោងចក្រនៅកម្ពុជា រូបពី CDC
× ភ្នំពេញ៖ ក្រុមប្រឹក្សាអភិឌ្ឍន៍កម្ពុជា (CDC) បានអនុម័តឲ្យក្រុមហ៊ុនថ្មីចំនួន៦ទៀត បង្កើតរោងចក្រក្នុងរាជធានីភ្នំពេញនិងតាមបណ្តាខេត្ត។ ក្រុមហ៊ុនទាំង៦នោះ មានទុនវិនិយោគសរុប៧៧.៨៤លានដុលា្លរ ដែលអាចបង្កើតឱកាសការងារដល់ពលរដ្ឋក្នុងស្រុក បានជាង២០០០កន្លែង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់CDC។
ការអនុម័តឲ្យក្រុមហ៊ុនទាំង៦ បង្កើតរោងចក្រនេះ ធ្វើឡើងបន្ទាប់ពី CDC បានសម្រេចចេញ«វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ» កាលពីថ្ងៃទី៧ ខែវិច្ជិកា។
ក្រុមហ៊ុនទាំង៦នោះ រួមមាន
១. ក្រុមហ៊ុន KAUSU EAH LEO BM JOINT STOCK CO.,LTD មានទុនវិនិយោគ៤៣.៦៤លានដុលា្លរ ដោយគ្រោងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម (ដាំកៅស៊ូ) និងរោងចក្រកែច្នៃ នៅឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។ ក្រុមហ៊ុននេះ អាចបង្កើតការងារបាន ជាង១០០កន្លែង។
២. ក្រុមហ៊ុន TJN PROPERTIES CO.,LTD គ្រោងសាងសង់ និងបើកអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ និងរីសត ក្នុងទំហំទឹកប្រាក់១៥លានដុល្លារ។ គម្រោងនេះ ស្ថិតនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលបង្កើតការងារបានជាង ៣០០កន្លែង។
៣. ក្រុមហ៊ុន ASIAN DI YI DIAN LAN CO.,LTD និងក្រុមហ៊ុន CREDSTAR WASHING & PROCESSING CO.,LTD គ្រោងបង្កើតរោងចក្រនៅខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុន ASIAN DI YI DIAN LAN ចំណាយទុនវិនិយោគជាង២លានដុលា្លរ ក្នុងការបង្កើតរោងចក្រផលិតខ្សែអគ្គិសនីគ្រប់ប្រភេទ នៅស្រុកសំរោងទង។ រីឯ ក្រុមហ៊ុន CREDSTAR WASHING & PROCESSING បង្កើតរោងចក្របោកគក់ និងជ្រលក់ពណ៌ នៅស្រុកគងពិសី ក្នុងទុនវិនិយោគ ២, ១០លានដុល្លារ និងអាចបង្កើតការងារបាន ១៨៤កន្លែង។
៤. ក្រុមហ៊ុន GRAND PRODUCTION CO., LTD បង្កើតរោងចក្រផលិតគ្រឿងសង្ហារឹមគ្រប់ប្រភេទ នៅស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគ ៣,៤២លានដុល្លារ ដែលអាចបង្កើតការងារបាន ២៤៩កន្លែង។ ដោយឡែក ទុនវិនិយោគជិត១២លានដុល្លារទៀត របស់ក្រុមហ៊ុន PCAM BEVERAGE CO.,LTDគ្រោងបង្កើតរោងចក្រផលិតភេសជ្ជៈ និងទឹកបរិសុទ្ធ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលអាច បង្កើតការងារបាន ៤២០កន្លែង។
សូមរម្លឹកថា រយៈពេល៦ខែ ដើមឆ្នាំ២០១៨ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តការវិនិយោគពីបរទេសសរុបចំនួន ១០៦គម្រោង ដែលមានទំហំទឹកប្រាក់ប្រមាណ៣.៥០០លានដុល្លារ និងអាចបង្កើតការងារបានជិត ១០ម៉ឺនកន្លែង៕
Tag:
រោងចក្រ
វិនិយោគ
CDC
© រក្សាសិទ្ធិដោយ thmeythmey.com