កីឡាអន្តរជាតិ
អន្តរជាតិ
FA ចោទ Sturridge ពីបទភ្នាល់បាល់ ដែលខុសវិជ្ជាជីវៈកីឡាករបាល់ទាត់
× សហព័ន្ធកីឡាបាល់ទាត់អង់គ្លេស FA បានចោទប្រកាន់ Daniel Sturridge ខ្សែប្រយុទ្ធក្រុម Liverpool ពីបទភ្នាល់បាល់ដែលខុសនឹងច្បាប់វិជ្ជាជីវៈកីឡាករបាល់ទាត់អាជីព។
FA ចោទ Sturridge ថាបានរំលោភច្បាប់មួយទាក់ទងនឹងការភ្នាល់បាល់ និងបានទម្លាយព័ត៌មានទាក់ទងនឹងកីឡាបាល់ទាត់ជុំវិញតំណែងរបស់គេដែលត្រូវបានហាមមិនឲ្យផ្សាយជាសាធារណៈ។
យ៉ាងណា អ្នកនាំពាក្យរបស់ក្លិបរហស្សនាមហង្សក្រហមម្នាក់ និយាយថាខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស វ័យ២៩ឆ្នាំរូបនេះ បានសហការយ៉ាងពេញលេញក្នុងដំណើរការនេះនិងថែមទាំងអះអាងថារូបគេមិនដែលលេងល្បែងស៊ីសងឡើយ។
ជុំវិញករណីនេះដែរ ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់អង់គ្លេសបានផ្តល់ពេលឲ្យ Sturridge ប្តឹងតវ៉ារហូតដល់ថ្ងៃទី ២០ ខែវិច្ឆិកាដើម្បីឆ្លើយតបនឹងការចោទប្រកាន់ខាងលើ។
«ជាមួយនឹងបញ្ហាបែបនេះយើងនឹងអនុញ្ញាតឲ្យដំណើរការនេះត្រូវបញ្ចប់ទាំងស្រុងមុនពេលធ្វើអត្ថាធិប្បាយបន្ថែម»។ អ្នកនាំពាក្យដដែលបន្ថែមបែបនេះ។
Sturridge ដែលផ្ទេចេញពី Chelsea ទៅចូលរួមជាមួយ Liverpool នៅឆ្នាំ ២០១៣ បានចំណាយពេលពាក់កណ្តាលរដូវកាលឆ្នាំមុនដើម្បីលេងឲ្យ West Brom ក្នុងលក្ខខណ្ឌខ្ចីជើង។
រូបគេក៏ធ្លាប់ជាប់ជម្រើសជាតិអង់គ្លេស២៦ ប្រកួតសផងដែរ ដោយការបង្ហាញខ្លួនលើកចុងក្រោយពេលជួបជាមួយនឹង លីទុយអានី កាលពីខែតុលា ឆ្នាំ២០១៧។
ក្រោមការដឹកនាំរបស់លោក Jurken Klopp អតីតសមាជិកក្រុម Man City រូបនេះ មិនសូវជាប់ក្នុងជម្រើស១១នាក់ដំបូងឡើយ ដោយស្ថិតនៅកៅបង្រុងស្ទើរគ្រប់ការប្រកួត៕
Tag:
បាល់ទាត់
Daniel Sturridge
FA
Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com