អន្តរជាតិ
CNN ប្តឹង​រដ្ឋបាល​លោក ត្រាំ រឿង​ហាម​អ្នកកាសែត​ខ្លួន​ចូល​យក​ព័ត៌មាន​នៅ​សេត​វិមាន​
14, Nov 2018 , 10:51 am        
រូបភាព
ដោយ: ថ្មីៗ
​ជិត​មួយ​សប្តាហ៍​ក្រោយ​សេត​វិមាន​អាមេរិក​ហាម​អ្នកកាសែត​ខ្លួន​លោក Jim Acosta ចូល​យក​ព័ត៌មាន CNN បានសម្រេច​ដាក់ពាក្យ​ប្តឹង​ជា​ផ្លូវការ​ដោយ​ចោទថា រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ បំពាន​សេរីភាព​សារព័ត៌មាន​។ ប៉ុន្តែ​មន្ត្រី​សេត​វិមាន​ចេញ​ទាត់ចោល​ការចោទប្រកាន់ និង​ប្តេជ្ញា​ការពារ​ភាពស្របច្បាប់​នៃ​ការសម្រេចចិត្ត​កន្លងមក​ប្រឆាំងនឹង​បណ្តឹង​របស់​ស្ថាប័ន​ព័ត៌មាន​ដ៏​ធំ​នេះ​។


CNN អះអាង​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​នៅ​ថ្ងៃ​អង្គារ​ទី ១៣ ខែវិច្ឆិកា​ថា ការលុបចោល​កាត​ព័ត៌មាន​របស់​សេត​វិមាន​គឺ​បាន​បំពាន​សិទ្ធិ​របស់លោក Acosta ដែល​ត្រូវបាន​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​ដែលជា​ច្បាប់កំពូល​របស់​រដ្ឋ​នោះ​។ 
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP CNN បាន​ថ្លែង​ដូច្នេះ​៖«​ការលុបចោល​បណ្ណ​សម្គាល់​ខ្លួន​នេះ​គឺ​បំពាន​លើ​វិសោធនកម្ម​សិទ្ធិ​ស្តី​សេរីភាព​សារព័ត៌មាន​របស់ CNN និង Acosta រួមទាំង​បំពាន​វិសោធនកម្ម​លើក​ទី​ប្រាំ​ស្តីពី​សិទ្ធិ​ដែល​ធានា​មិន​ឲ្យ​មានការ​ដកហូត​សិទ្ធិសេរីភាព​ដោយ​គ្មាន​ភាពត្រឹមត្រូវ​តាមច្បាប់​ឡើយ​»​។ 
 
​ស្ថាប័ន​ព័ត៌មាន​នេះ​បន្ថែមថា ខ្លួន​ស្នើ​ទៅកាន់​តុលាការ​ដើម្បី​កំណត់​ឲ្យ​មានការ​ផ្តល់​បណ្ណ​ព័ត៌មាន​នោះ​ត្រឡប់មក​ឲ្យ​លោក Acosta វិញ និង​ជំរុញ​ឲ្យ​តុលាការ​ពិចារណា​លើ​ការចេញ​សេចក្តីសម្រេច​ជា​អចិន្ត្រៃយ៍ ដែរ​។ វិធានការ​នេះ​គឺ​ដើម្បី​ធានាថា វា​នឹងមិន​មានការ​វាយប្រហា​រលើ​អ្នកសារព័ត៌មាន​ឬ​ស្ថាប័ន​ព័ត៌មាន​ផ្សេងទៀត​ទេ​នៅពេល​អនាគត​។​
 
​ប៉ុន្មាន​ម៉ោង​ក្រោយមក​រដ្ឋមន្ត្រី​ព័ត៌មាន​អាមេរិក​លោកស្រី Sarah Sanders បានចេញ​មុខ​ប្រកាស​ទាត់ចោល​បណ្តឹង​រប​ស់ CNN ហើយ​ចាត់ទុកថា CNN កំពុង​ទាញ​ការចាប់អារម្មណ៍​ពីសារ​ធា​រណ​ជន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប៉ុណ្ណោះ​។ មន្ត្រីជាន់ខ្ពស់​រូបនេះ​អះអាងថា សេត​វិមាន​ត្រៀមខ្លួន​ហើយ​ដើម្បី​ការពារ​ខ្លួន​ប្រឆាំងនឹង​បណ្តឹង​ដែល​គ្មាន​មូលដ្ឋាន​នេះ​។​
 
​តាមពិតទៅ មុននឹង​ត្រូវ​សេត​វិមាន​ហាមឃាត់ លោក Acosta បាន​ចោទ​ជា​សំណួរ និង​តតាំង​ជាមួយ​ប្រធានាធិបតី​ជុំវិញ​គោលនយោបាយ​រើសអើង​ប្រឆាំង​អន្តោប្រវេសន៍​ត្រូវបាន​ដាក់ចេញ​មុន​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​ទៅកាន់​ប្រធានាធិបតី​នៅក្នុង​សន្និសីទ​នា​ថ្ងៃ​ពុធ​ទី ៦​ខែវិច្ឆិកា​។ លោក ត្រាំ បញ្ជា​ឲ្យ​លោក Acosta អង្គុយ​ចុះ ប៉ុន្តែ​លោក​បដិសេធ និង​មិនបាន​ឲ្យ​ក្បាល​មេក្រូ​ទៅ​ឲ្យ​បុគ្គលិក​ហាត់​ការ​នៅ​សេត​វិមាន​វិញ​ឡើយ ដោយ​លោក​ព្យាយាម​សួរ​សំណួរ​ប្រធានាធិបតី​បន្ថែមទៀត​។ ពេលនោះ​ហើយ បុគ្គលិក​ហាត់​ការ​នោះ​ព្យាយាម​ដណ្តើមយក​ក្បាល​មេក្រូ​ពី​លោក Acosta មកវិញ រហូតដល់​ប៉ះ​ដៃ​លោក​ផង​។ 
 
​ឃើញបែបនេះ លោក ត្រាំ ទំនងជា​ខឹងសម្បារ​ខ្លាំង​ដែរ ហើយ​បាន​ហៅ​លោក Acosta ថា​ជា​មនុ​ស្សមាន​ចរិត​ឈ្លើយ និង​អន់​ថែមទៀត​។ លោក ត្រាំ បន្ត​ដូច្នេះ​៖«​ខ្ញុំ​នឹង​ប្រាប់​អ្នក​ថា CNN គួរតែ​ខ្មាសអៀន​ខ្លួនឯង​ដែលមាន​មនុស្ស​ធុន​អ្នកឯង​ធ្វើ​ការងារ​ជាមួយ​។​អ្នកឯង​ជា​មនុស្ស​ចរិត​ឈ្លើយ និង​យ៉ាង​។ អ្នកឯង​មិនគួរ​ធ្វើ​ការងារ​ជាមួយ CNN ទេ​»​។​
 
​ភ្លាមៗ លោកស្រី Sarah បានប្រកាសថា សេត​វិមាន​លុបចោល​បណ្ណ​ព័ត៌មាន​របស់លោក Acosta ហើយ​ពន្យល់ថា វា​ជា​វិធានការ​ឆ្លើយ​ចំពោះ​បុគ្គល​ដែលមាន​ឥរិយាបថ​មិន​សមរម្យ និង​ប៉ះពាល់​ស្ត្រីភេទ​ប៉ុណ្ណោះ​។ លោកស្រី​ពន្យល់ថា វា​មិន​ពាក់ព័ន្ធ​នឹង​ការបំពាន​សិទ្ធិសេរីភាព​សារព័ត៌មាន​អ្វី​ឡើយ ប៉ុន្តែ​អ្នកសារព័ត៌មាន CNN មាន​កំហុស​មែន​។ មន្ត្រីជាន់ខ្ពស់​រូបនេះ​បាន​ចែកចាយ​វីដេអូ​មួយ​ដែល​បង្ហាញ​ពី​ស្ថានភាព​ក្នុង​បន្ទប់​សន្និសីទ ប៉ុន្តែ​អ្នកជំនាញ​បាន​អះអាងថា វីដេអូ​នោះ​ត្រូវបាន​គេ​ចាត់ទុកថា យកមក​កែកុន​ដើម្បី​ដាក់បន្ទុក​លើ​អ្នកកាសែត CNN ថែមទៀត​៕
 

Tag:
 CNN
  ដូ​ណា​ល់ ត្រាំ​
  សេរីភាព​សារព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com