អន្តរជាតិ
មហា​ធៀ បារម្ភ​ថា រដ្ឋ​អ្នក​មាននៅ​អាស៊ាន​អាច​នឹង​ប្រើ​នយោបាយ​គាំពារ​និយម​ប្រឆាំង​ប្រទេស​ក្រីក្រ
14, Nov 2018 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក មហា​ធៀ មហាម៉ាត់​បានផ្តល់​យោបល់​ថា ការអនុវត្ត​គោលនយោបាយ​គាំពារ​និយម​ជា​រឿង​គ្រោះថ្នាក់​សម្រាប់​ពិភពលោក ហើយ​លោក​បាន​ទទូច​ឲ្យ​បណ្តា​រដ្ឋ​អាស៊ាន​បន្ត​គាំទ្រ​គោលការណ៍​ពហុភាគី​និយម និង​ជំរុញ​ពាណិជ្ជកម្ម​ក្នុង​តំបន់​ឲ្យ​កាន់តែ​សកម្ម​។  


 
​ក្នុង​វេទិកា​ធុរកិច្ច​អាស៊ាន និង​វិនិយោគ​នៅ​ដាច់ដោយឡែក​ពី​កិច្ចប្រជុំ​អាស៊ាន​ទី ៣៣​នៅ​សិង្ហ​បុរី​ថ្ងៃ​អង្គារ​ទី ១៣ វិច្ឆិកា នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក មហា​ធៀ បាន​អំពាវនាវ​ឲ្យ​អាស៊ាន​ចៀសវាង​ឲ្យ​ផុតពី​ការជ្រើសរើស​យក​គោលនយោបាយ​គាំពារ​និយម​ដើម្បី​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​ដែល​ខ្លួន​ប្រឈម​បច្ចុប្បន្ន​។​
 
​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia ផ្សាយ​ថា មេដឹកនាំ​វ័យ ៩៣​ឆ្នាំ​រូបនេះ​បាន ជម្លោះ​ពាណិជ្ជកម្ម​ក្តៅគគុក​រវាង​មហាអំណាច​សេដ្ឋកិច្ច​អាមេរិក​និង​ចិន​នឹង​បង្កើត​ឥទ្ធិពល​អាក្រក់ ហើយ​និង​បណ្តាល​ឲ្យ​មានការ​ដាក់ចេញ​វិធានការ​ឆ្លើយតប​វិញ​ទៀតផង​នៅពេល​ខាងមុខ​។ ខ្លះ​អាច​នឹង​ជ្រើស​រើសយក​គោលនយោបាយ​គាំពារ​និយម​ដើម្បី​ដោះស្រាយ​បញ្ហា​ជាពិសេស​ប្រទេស​អ្នកមាន​តែម្តង​។​
 
«​ការកើនឡើង​នៃ​ការអនុវត្ត​គោលនយោបាយ​គាំពារ​និយម ចលនា​ជាតិនិយម និង​គោលនយោបាយ​ឯកតោភាគី​និយម​អាច​នឹង​កើតមានឡើង​ក្នុង​តំបន់​អាស៊ាន​។ ប៉ុន្តែ​វា​មិនមែនជា​ពេលដែល​យើង​ត្រូវ​បិទទ្វារ​ដោយ​ការចាប់ផ្តើម​យក​វិធានការ​គាំពារ​និយម​ឡើយ​។ ផ្ទុយទៅវិញ យើង​គួរ​បង្កើន​សកម្មភាព​កាន់តែ​សកម្ម​ជាង​មុន​ដើម្បី​ស្វែងរក​ដំណោះស្រាយ​រួមគ្នា​តាម​ការពិភាក្សា ដូចជា​រវាង​អាស៊ាន​និង​ប្រទេស​ដទៃទៀត​»​។ 
 
​លោក​បន្តថា អាស៊ាន​ចាំបាច់​ត្រូវ​បន្ត​ព​ន្លឿ​ន​សមាហរណកម្ម​សេដ្ឋកិច្ច និង​ពង្រីក​ពាណិជ្ជកម្ម​ខាងក្នុង​ឲ្យ​បាន​កាន់តែ​រហ័ស​ដើម្បី​ធានា​និរន្ត​ភាព​នៃ​សេដ្ឋកិច្ច​។​
 
​លោក មហា​ធៀ ផ្តល់យោបល់​ជុំវិញ​បញ្ហា​គោលនយោបាយ​គាំពារ​និយម​សេដ្ឋកិច្ច​នេះ​កើតឡើង​ជម្លោះ​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​បន្ត​ឆាបឆេះ ហើយ​ភាគី​ទាំងពីរ​មិនទាន់​រក​ដំណោះស្រាយ​ដើម្បី​បញ្ចប់​បញ្ហា​នេះ​ឃើញ​នៅឡើយ​ទេ​។ ក្រៅពី​ភាគី​ជម្លោះ ប្រទេស​ជាច្រើន​លើ​ពិភពលោក​សុទ្ធតែ​រង​ផលប៉ះពាល់​ពី​សង្គ្រាម​ពន្ធ​នេះ​ដូចគ្នា​។​
 
​ដោយឡែក លោក មហា​ធៀ បាន​ធានា​ចំពោះមុខ​អ្នកជំនួញ និង​មេដឹកនាំ​អាស៊ាន​ដែលមាន​វត្តមាន​ក្នុង​វេទិកា​ថា រដ្ឋាភិបាល​ម៉ាឡេស៊ី​ត្រៀមខ្លួន​រួចរាល់​ហើយ​ដើម្បី​បង្កើន​តួនាទី​ជា​អ្នកដឹកនាំ​តំបន់​ក្នុង​បញ្ចេញយោបល់​និង​ក្តីបារម្ភ​ពី​ភាព​តានតឹង​និង​គ្រោះថ្នាក់​នៃ​ការអនុវត្ត​គោលនយោបាយ​គាំពារ​និយម​រាល់​កិច្ចប្រជុំ​នានា​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។ លោក​យល់ឃើញថា ការធ្វើ​បែបនេះ​គឺ​ចូលរួមចំណែក​ពញ្ញាក់​ស្មា​រ​តី​ប្រទេស​នានា​ឲ្យ​បន្ត​គោរព​បទបញ្ញត្តិ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​បន្ត​បើកចំហ​ទ្វារ​សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម​ដោយ​គ្មាន​ការរើសអើង​៕

Tag:
 មហា​ធៀ មហាម៉ាត់​
  ម៉ាឡេស៊ី​
  អាស៊ាន​
 ​សិង្ហ​បុរី
© រក្សាសិទ្ធិដោយ thmeythmey.com