ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទើតេ មិនបានចូលរួមក្នុងកិច្ចប្រជុំសំខាន់ពីរមានកិច្ចប្រជុំអាស៊ាន-អូស្ត្រាលី និង កិច្ចប្រជុំអាស៊ាន-កូរ៉េខាងត្បូងដែលរៀបចំឡើងនៅថ្ងៃពុធទី ១៤ ខែវិច្ឆិកានៅសិង្ហបុរីឡើយ។ លោកក៏មិនចូលរួមក្នុងពិធីអាហារថ្ងៃត្រង់ការងារដែលរៀបចំដោយប្រធានអាស៊ានដែរ។ រដ្ឋមន្ត្រីការបរទេសហ្វីលីពីនជាតំណាងឲ្យប្រធានាធិបតី ហើយវាមិនមានការបកស្រាយឡើយជុំវិញអវត្តមានប្រធានាធិបតី។
ជាថ្មីម្តងទៀតលោក ឌូទើតេ មិនមានវត្តមាននៅក្នុងកិច្ចប្រជុំអាស៊ាន-អូស្ត្រាលីឡើយ។ អវត្តមានលើកដំបូងគឺ កាលអូស្ត្រាលីរៀបចំកិច្ចប្រជុំពិសេសអាស៊ាន-អូស្ត្រាលីនៅទីក្រុងស៊ីដនីកាលពីខែមីនា ហើយអវត្តមានលើកទីពីរគឺនៅថ្ងៃពុធនេះពេលដែលកិច្ចប្រជុំត្រូវរៀបចំឡើងនៅសិង្ហបុរី។
យោងតាមសារព័ត៌មានហ្វីលីពីន Rappler ក្រៅពីអវត្តមានចូលរួមកិច្ចប្រជុំអាស៊ាន-អូស្ត្រាលី លោកឌូទើតេ ក៏មិនចូលរួមក្នុងកិច្ចប្រជុំអាស៊ាន-កូរ៉េខាងត្បូងដែរ។ ចំណែករដ្ឋមន្ត្រីការបរទេស Teodoro Locsin Jr ជាតំណាងពិសេសរបស់លោក ឌូទើតេ ដើម្បីចូលរួមប្រជុំទាំងនេះវិញ។
បន្ទាប់មកទៀតនៅក្នុងកម្មវីធីអាហារថ្ងៃត្រង់ការងារដែលរៀបដោយប្រធានអាស៊ានលោក លី សៀនឡុង លោក ឌូទើតេ មិនមានវត្តមានជាថ្មីម្តងទៀត។
នៅថ្ងៃពុធ វាមានកិច្ចប្រជុំផ្លូវការសរុប ៩ ដែលលោកត្រូវចូលរួមប៉ុន្តែលោកខកខានមិនបានចូលរួមកិច្ចប្រជុំចំនួនបីរួចទៅហើយ។ ប៉ុន្តែរឿងដែលគួរឲ្យចាប់អារម្មណ៍នោះគឺ លោកនៅតែចូលរួមកិច្ចប្រជុំអាស៊ាន-ចិនដដែល។
មានការយល់ឃើញថា លោក ឌូទើតេ មិនអាចខកខានចូលរួមកិច្ចប្រជុំអាស៊ាន-ចិនឡើយ ដ្បិតថា បច្ចុប្បន្ននេះ ហ្វីលីពីនកំពុងដើរតួនាទីជាអ្នកសម្របសម្រួលកិច្ចសន្ទនារវាងអាស៊ាននិងចិន។ កិច្ចសន្ទនាបច្ចុប្បន្ននេះកំពុងផ្តោតលើការចងក្រងក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង ដែលជាឯកសារគតិយុត្តិដ៏សំខាន់មួយដែលមានគោលដៅទប់ស្កាត់ជម្លោះហិង្សារវាងចិននិងភាគីជម្លោះសមុទ្រចិនខាងត្បូងនោះ។
យ៉ាងណាក៏ដោយចុះ វាមិនមានការបកស្រាយណាមួយពីខាងវិមានប្រធានាធិបតី ឬមន្ត្រីជាន់ខ្ពស់ឡើយជុំវិញអវត្តមានរបស់ប្រធានាធិបតីក្នុងកិច្ចប្រជុំសំខាន់ៗខាងលើនេះ។
អវត្តមានប្រធានាធិបតី ឌូទើតេ នៅក្នុងកិច្ចប្រជុំថ្នាក់តំបន់មិនមែនជារឿងថ្មីឡើយគិតចាប់ពីពេលដែលលោកឡើងកាន់តំណែងឆ្នាំ ២០១៦មកនោះ។ ដូចឃើញស្រាប់ លោកមិនមានវត្តមាននៅក្នុងកិច្ចប្រជុំអាស៊ាន-អាមេរិក និងអាស៊ាន-ឥណ្ឌានៅក្នុងឆ្នាំ ២០១៦ ពេលឡាវធ្វើជាប្រធាន និងមិនបានចូលរួមពិធីលាងសាយភោជន៍កិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកនៅវៀតណាមឆ្នាំមុន។
កាលពីឆ្នាំមុនលោកមិនបានខកខានចូលរួមកិច្ចប្រជុំណាមួយក្នុងក្របខណ្ឌអាស៊ានឡើយ ដ្បិតថាកាលនោះគឺ លោកធ្វើជាប្រធានាអាស៊ានប្តូរវេនដោយផ្ទាល់៕