ជាតិ
ពីនេះ ពីនោះ
តើ​ពាក្យ «​បាត​, បាត្រ​, បាទ​» គួរប្រើ​ប្រាស់​បែបណាខ្លះ​?
15, Nov 2018 , 7:29 am        
រូបភាព
​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន អាច​នឹង​យល់ច្រឡំ​ចំពោះ​អត្ថន័យ និង​ការប្រើប្រាស់​នូវ​ពាក្យ «​បាត បាត្រ និង បាទ​»​។


​ខាងក្រោម​នេះ គឺជា​ភាពខុសគ្នា​រវាង​ពាក្យ​ទាំងបី​៖
 
​ពាក្យ​បាត មានន័យថា ប៉ែក​ខាងក្រោម​នៃ​ជម្រៅ​។ ឧទាហរណ៍ ដូចជា បាត​បឹង​, បាតទន្លេ​, បាតសមុទ្រ​, បាតខ្ទះ​,​បាតឆ្នាំង​,​បាតដី ជាដើម​។ ពាក្យ​បាត ក៏​អាច​សំដៅលើ ផ្ទៃ​ដៃ និង​ផ្ទៃ​ជើង ដែរ ដែល​ហៅថា បាតដៃ និង បាតជើង​។ លើសពីនេះ ពាក្យ​បាត ក៏​អាច​មានន័យ​ស្មើនឹង​គូទ​ដែរ ដូចជា​គេ​តែង​និយាយថា ឈឺ​បាត និង ឫសដូងបាត​។ 
 
​ចំណែក ពាក្យ​បាត្រ ជា​ភាជនៈ ដែល​ធ្វើ​ដោយ​ដែក ឬ​ដោយ​ដី មាន​រាង​ជ្រៅ​ក្រឡូម សម្រាប់​បព្វជិត​ក្នុង​ព្រះពុទ្ធសាសនា​ប្រើ​ការទទួល​ចង្ហាន់​។ 
 
​រីឯ ពាក្យ​បាទ ប្រែ​ថា​ជើង គឺ ព្រះបាទ​។ ពាក្យ​បាទ ក៏​អាច​សំដៅលើ​ឈ្មោះ​ប្រាក់​បុរាណ ដែលមាន​តម្លៃ ៦០​សេន គឺ ប្រាក់​បាទ​។ ចំពោះ​អត្ថន័យ​ម្យ៉ាងទៀត ពាក្យ​បាទ គឺជា​ពាក្យ​សម្រាប់​បុរស​ឆ្លើយ ថា​បាទ ទៅកាន់​អ្នកដទៃ​។​
 
​ការពន្យល់​នេះ គឺ​យោងទៅតាម​វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត​៕ 

Tag:
 ពន្យល់ពាក្យ
  បាត
© រក្សាសិទ្ធិដោយ thmeythmey.com