ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេដឹកនាំ​កម្ពុជា ជំរុញ​ឲ្យ​មាន​កិច្ចប្រជុំ​ទៀងទាត់​រវាង​អាស៊ាន​-​រុស្ស៊ី ដើម្បី​ពង្រឹង​កិច្ចសហការ​
15, Nov 2018 , 11:22 am        
រូបភាព
សម្តេច ហ៊ុន សែន ជួបលោក ពូទីន ពេលទៅប្រជុំនៅសិង្ហបុរី។ រូបពីទំព័រហ្វេសបុកសម្តេច ហ៊ុន សែន
សម្តេច ហ៊ុន សែន ជួបលោក ពូទីន ពេលទៅប្រជុំនៅសិង្ហបុរី។ រូបពីទំព័រហ្វេសបុកសម្តេច ហ៊ុន សែន
ដោយ: ថ្មីៗ
​ក្នុង​កិច្ចប្រជុំ​អាស៊ាន​-​រុស្ស៊ី​លើក​ទី​៣ ដែល​ប្រព្រឹត្ត​ទៅនៅ​ថ្ងៃ​១៤ វិច្ឆិកា ២០១៨ ក្នុងប្រទេស​សិង្ហ​បុរី ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​អាស៊ាន​ទាំងអស់ បានចាត់ទុក​វត្តមាន​របស់លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ប្រធានាធិបតី​រុស្ស៊ី ថា​មិន​ត្រឹមតែ​ឆ្លុះបញ្ចាំង​ពី​ការយកចិត្តទុកដាក់​យ៉ាងខ្លាំង​ចំពោះ​ទំនាក់ទំនង​អាស៊ាន​-​រុស្ស៊ី​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​បាន​រិត​ចំណងទាក់ទង​រវាង​អាស៊ាន​-​រុស្ស៊ី ឲ្យ​កាន់តែ​ស៊ីជម្រៅ​ផងដែរ​។ 



​នៅ​ចំពោះមុខ​បណ្តា​មេ​ដឹ​កនាំ​ទាំងនោះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន​-​រុស្ស៊ី​។ លើសពីនេះ នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ជំរុញ​ឲ្យ​អាស៊ាន​-​រុស្ស៊ី ខិតខំ​បន្ថែមទៀត ដើម្បី​សម្រេចបាន​តាម​ផែនការ​សកម្មភាព​គ្រប់​ជ្រុងជ្រោយ​របស់​អាស៊ាន​-​រុស្ស៊ី​ឆ្នាំ​២០១៦-២០២០ ក្នុងការ​បង្កើនល្បឿន និង​ការជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឲ្យ​កាន់តែ​ស៊ីជម្រៅ​។ 


សម្តេច ហ៊ុន សែន ជួបលោក ទ្រូដូ នាយករដ្ឋមន្ត្រីកាណាដា ពេលទៅប្រជុំនៅសិង្ហបុរី។ រូបពីទំព័រហ្វេសប៊ុកសម្តេច ហ៊ុន សែន
 
​អត្ថបទ​ព័ត៌មាន ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច ហ៊ុន សែន បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖«​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ចង់​ឲ្យ​មាន​កិច្ចប្រជុំ​កំពូល​រវាង​ថ្នាក់ដឹកនាំ​អាស៊ាន​-​រុស្ស៊ី ឲ្យ​បាន​ទៀងទាត់ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​។ ក្នុង​ស្មារតី​នេះ កម្ពុជា​គាំទ្រ​ចំពោះ​សំណើ​របស់​រុស្ស៊ី ក្នុងការ​ដំឡើង​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​រុស្ស៊ី ឲ្យ​ទៅជា​ដៃគូ​សន្ទនា​យុទ្ធសាស្ត្រ​»​។​


ពីឆ្វេងទៅស្តាំ៖ នាយករដ្ឋមន្ត្រី វៀតណាម, នាយករដ្ឋមន្រ្តីឡាវ, ប្រធានាធិបតីឥណ្ឌូណេសី, នាយករដ្ឋមន្រ្តីកម្ពុជា, នាយករដ្ឋមន្រ្តីមាឡេស៊ី ជួបគ្នានៅសិង្ហបុរី។ រូបពីទំព័រហ្វេសប៊ុកសម្តេច ហ៊ុន សែន
 
​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​រុស្ស៊ី​លើក​ទី​៣​នេះ មេដឹកនាំ​អាស៊ាន​និង​រុស្ស៊ី បាន​ឯកភាពគ្នា​ឈានទៅ​ចេញ​សេចក្តីប្រកាស​រួម​របស់​ប្រធាន​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​រុស្ស៊ី​លើក​ទី​៣ និង សេចក្តីប្រកាស​របស់​ថ្នាក់ដឹកនាំ​អាស៊ាន​-​រុស្ស៊ី ស្តីពី​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​សន្តិសុខ​ព័ត៌មាន​, ទំនាក់ទំនង​និង​បច្ចេកវិទ្យា និង​ក្នុងការ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន និង​ទំនាក់ទំនង និង សេចក្តីប្រកាស​រួម​របស់​ថ្នាក់ដឹកនាំ​អាស៊ាន​-​រុស្ស៊ី ដែល​ឆ្លុះបញ្ចាំង​អំពី​វឌ្ឍនភាព​ក្នុងការ​អនុវត្ត​សេចក្តីថ្លែងការណ៍​ទីក្រុង​សូ​ឈី ឆ្នាំ​២០១៦ និង​ផែនការ​សកម្មភាព​ទូលំទូលាយ​រវាង​អាស៊ាន និង​សហព័ន្ធរុស្ស៊ី ឆ្នាំ​២០១៦-២០២០៕ 


មេដឹកនាំអាស៊ានទាំង១០ ថតជុំគ្នាក្នុងកិច្ចប្រជុំអាស៊ានលើកទី៣៣ នៅសិង្ហបុរី។ រូបពីទំព័រហ្វេសប៊ុកសម្តេច ហ៊ុន សែន
 

Tag:
 អាស៊ាន​-​រុស្ស៊ី​
  ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com