ជាតិ
សេដ្ឋកិច្ច
កញ្ញា ពៅ មករា រកចំណូលបាន​ជាង​១​លាន​រៀល​ក្នុង​មួយថ្ងៃ ពី​ការលក់​ចាហួយ​ដូងក្រអូប
17, Nov 2018 , 1:59 pm        
រូបភាព
កញ្ញា ពៅ  មករា ម្ចាស់យីហោ ចាហួយដូងក្រអូប
កញ្ញា ពៅ មករា ម្ចាស់យីហោ ចាហួយដូងក្រអូប
​ភ្នំពេញ​៖ កញ្ញា ពៅ មករា រកចំណូលបាន​ពី​ការលក់​ចាហួយ​ក្រអូប ជា​មធ្យម​ប្រមាណ ១​លាន​រៀល​ក្នុង​មួយថ្ងៃ​។ ម្ចាស់​យីហោ​«​ចាហួយ​ដូងក្រអូប​» រូបនេះ ទទួល​ប្រាក់ចំណូល​ជាប្រចាំ​ពីមុខ​របស់ខ្លួន បាន​ជាង​២​ឆ្នាំ​មកហើយ ក្នុង​រយៈពេល​កំពុង​សិក្សា​លើ​ជំនាញ​ឱសថការី នៅ​សាកល​វិទ្យា​លល័យ​មួយកន្លែង នៅ​រាជធានី​ភ្នំពេញ​។​

  
​ជា​និស្សិត​មួយរូប សិក្សា​លើ​ជំនាញ​ឱសថការី ដែលមាន​ផ្នត់គំនិត​ជា​សហគ្រិន ក្នុង​ការបើក​អាជីវកម្ម​ផ្ទាល់ខ្លួន កញ្ញា មករា បានសម្រេច​ចិត្ត​ដើរ​លើ​អាជីវកម្ម​ផលិត​ចាហួយ​ដូងក្រអូប ដែល​កំពុងមាន​ការប្រកួត​ប្រជែង​ខ្លាំង លើ​អាជីវកម្ម​ប្រភេទ​នេះ​។ អាជីវកម្ម​ផលិត​ចាហួយ​ដូងក្រអូប របស់​កញ្ញា មករា ទទួលបាន​ការគាំទ្រ​ជាខ្លាំង​ពី​សំណាក់​អតិថិជន​គ្រប់​វ័យ​។ 


 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ កញ្ញា​២២​ឆ្នាំ​រូបនេះ បាន​និយាយថា ចាហួយ​ដូងក្រអូប​នេះ ជា​ប្រភេទ​អាជីវកម្ម​មួយ​ថ្មី ដែល​កំពុង​ក្លាយ​ជាទី​ពេញនិយម​ក្នុង​ការទិញ​ពិសា​របស់​មនុស្ស​គ្រប់​វ័យ​នៅលើ​ទីផ្សារ​បច្ចុប្បន្ន ដោយមាន​ការកែច្នៃ​ពី​ដូងក្រអូប​ស្រស់ៗ​។ ចាហួយ​ដូងក្រអូប​របស់​កញ្ញា មករា មាន​២​ប្រភេទ គឺ​ចាហួយ​ជា​ផ្លែ​ដូង មានតម្លៃ​៦០០០​រៀល​ក្នុង​មួយ​ផ្លែ និង​ចាហួយ​ដូងក្រអូប​ដាក់​ចាន​មានតម្លៃ​២៥០០​រៀល ក្នុង​មួយ​ចាន​។ 
 
​កញ្ញា វ័យក្មេង​រូបនេះ បាន​និយាយ​យ៉ាង​ដូច្នេះ  «​បានជា​ខ្ញុំ​សម្រេចចិត្ត​បើក​អាជីវកម្ម​នេះ​ឡើង ដោយសារ​ខ្ញុំ​មាន​បងប្រុស​ជា​ម្ចាស់​ចម្ការ​ដូងក្រអូប​ស្រាប់ ហើយ​ខ្ញុំ​ក៏​ចេះ​ធ្វើ​ចាហួយ​ដូង​ទៀត​។ ម្យ៉ាងវិញទៀត ដោយ​គិតថា​វា​ជា​ឱកាសល្អ​មួយ សម្រាប់​ខ្ញុំ​ក្នុងការ​ចាប់ផ្តើម​អាជីវកម្ម​ផ្ទាល់ខ្លួន​ជា​លើកដំបូង ដើម្បី​ស្វែងរក​ចំណុច​ជោគជ័យ​នៃ​អាជីវកម្ម​មួយ​ប្រាកដ​»​។ 


 
​សព្វថ្ងៃ អាជីវកម្ម​ផលិត​ចាហួយ​ដូងក្រអូប​នេះ មានការ​គាំទ្រ​ខ្លាំង​រហូត​ផ្គត់ផ្គង់​ស្ទើរតែ​មិនទាន់ ដោយ​ត្រូវ​បែងចែក​សម្រាប់​អតិថិជន​លក់​បន្ត​ជាង​១០​កន្លែង និង​សម្រាប់​អតិថិជន​ដែល​ទិញ​រាយ​យកទៅ​ពិសា ជាច្រើន​ទៀតផង​ដែរ​។ អតិថិជន​ទាំងនោះ​តែងតែ​សរសើរ​ពី​រសជាតិ​ថា​ឆ្ងាញ់ ព្រមទាំង​បានក​ម្ម៉​ង​យកទៅ​ពិសា​ជា​លក្ខណៈ​គ្រួសារ មិត្ត​ភ័ក្ក​និង​នៅ​កន្លែងធ្វើការ​ជាដើម​។ នេះ​បើតាម កញ្ញា ពៅ មករា​។​
 
​ពៅ មករា បាន​អះអាងថា  «​ជា​មធ្យម​ក្នុង​មួយថ្ងៃ ខ្ញុំ​លក់​ចាហួយ​ដូងក្រអូប ជា​ចាហួយ​ផ្លែ​បាន​១០០​ផ្លែ និង​ចាហួយ​ដាក់​ចាន បាន​ជាង​២០០​ចាន​។ សរុបទៅ​ទទួលបាន​ប្រា​ក់ជាង​១​លាន​រៀល​ដែរ​។ បើ​គិត​ទៅលើ​ថ្លៃដើម ដក​ចំណាយ​ហើយ​អស់ អាច​នៅសល់​បាន​ជាង​៥០​ភាគរយ​នៃ​ចំណូល​។ ចំនួន​នេះ​ខ្ញុំ​មិន​រាប់បញ្ចូល​ជាមួយ​ចំនួន​បោះ​ដុំ​ទៅ​ឲ្យ​អ្នក​ចែកចាយ​លក់​បន្ត​ទេ​»៕




 

Tag:
 ឱសថការី​
  ចាហួយ​ដូង​
  ពៅ មករា
© រក្សាសិទ្ធិដោយ thmeythmey.com