អន្តរជាតិ
ប្រមុខ​របប​សឹក​ថៃ ប្រា​យុទ្ធ អាចមាន​ឱកាស​ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ឆ្នាំក្រោយ​ដោយផ្ទាល់​ទេ​?
18, Nov 2018 , 9:19 pm        
រូបភាព
ដោយ:
​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៣ ដែលមាន​សិង្ហ​បុរី​ជា​ប្រធាន​វិលជុំ បានបញ្ចប់​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ អ្នក​ដែល​នឹងត្រូវ​បន្តវេន​បន្ទាប់​នោះ គឺ​រាជាណាចក្រ​ថៃ ដែល​បច្ចុប្បន្ន កំពុងតែ​ដឹកនាំ​ដោយ​រដ្ឋាភិបាល​របប​សឹក មាន​លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ អូ​ជា​ប្រមុខ​។ ថា​តើ អ្នក​កាន់​ញញួរ​អាស៊ាន​បន្ទាប់​លោក​ប្រា​យុទ្ធ អាចមាន​ឱកាស​ដឹកនាំ​កិច្ចប្រជុំ​កំពូល​ផ្ទាល់​ដែរ​ទេនោះ ប្រសិន​ថៃ​ត្រូវ​រៀបចំ​បោះឆ្នោត​រើស​រដ្ឋាភិបាល​ថ្មី​នៅ​ដើមឆ្នាំ​ក្រោយ ជា​សំណួរ​ពេញនិយម​ពេលនេះ​។​


 
​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ អូ​ចា នៅ​ថ្ងៃ​១៥ វិច្ឆិកា បានទទួល​ញញួរ​និមិត្តរូប​ប្រធាន​វិលជុំ​អាស៊ាន​ពី​លោកនាយក​រដ្ឋមន្ត្រី លី សៀន​ឡុង ជាមួយនឹង​ការប្តេជ្ញាចិត្ត​បន្ត​ដឹកនាំ​អាស៊ាន​ឲ្យ​ឆ្ពោះទៅមុខ និង​បន្ត​ធានា​ការអនុវត្ត​រាល់​គោលនយោបាយ ដែល​ត្រូវបាន​ដាក់ចេញ​ក្នុងពេល​សិង្ហ​បុរី​ជា​ប្រធាន ជាពិសេស​បណ្តាញ​ទីក្រុង​ឆ្លាត​អាស៊ាន ដែល​គោលនយោបាយ​ថ្មីស្រឡាង​របស់​អាស៊ាន​។ 
 
​តាម​សេច​ថ្លែងការណ៍​ពេល​ទទួល​ញញួរ​និមិត្តរូប​ប្រធាន​អាស៊ាន របស់លោក​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ កិច្ចប្រជុំ​កំពូល​អាស៊ាន​ឆ្នាំក្រោយ ពោលគឺ​កិច្ចប្រជុំ​កំពូល​លើក​ទី​៣៤ និង​៣៥ នឹងត្រូវ​ប្រព្រឹត្ត​ឡើយ​ង​ក្រោម​មូលបទ​ថ្មី​គឺ «​ការធ្វើ​ឲ្យ​ជឿនលឿន​នៃ​ភាពជា​ដៃគូ​ដើម្បី​និរន្ត​ភាព​»​។ ហើយ​បើ​មិនមាន​ការប្រែប្រួល​នោះទេ កិច្ចប្រជុំ​កំពូល​ទាំងពីរ នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃខែ​មិថុនា និង​ខែវិច្ឆិកា​ឆ្នាំ​២០១៩​។​
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ពេលដែល​ថៃ ត្រូវ​មកកាន់​វេន​ជា​អ្នក​កាច់​ច​ង្កូ​ច​នាវា​របស់​អាស៊ាន ចំពេល ដែល​រាជាណាចក្រ​មួយ​នេះ ត្រូវមាន​ការផ្លាស់ប្តូរ​ទ្រង់ទ្រាយ​ធំ នៃ​ក្បាលម៉ាស៊ីន​ដឹកនាំ​។ ការផ្លាស់ប្តូរ​នោះ​គឺ ចំពេល​ដែល ថៃ ត្រូវ​រៀបចំ​ការបោះឆ្នោតជាតិ​លើកដំបូង​ក្នុង​រយៈពេល​បួន​ឆ្នាំ បន្ទាប់ពី​ត្រូវបាន​គ្រប់គ្រង​ដោយ​រដ្ឋាភិបាលយោធា​តាំងពី​ឆ្នាំ​២០១៤​មក​នោះ​។​
 
​តាម​សេចក្តីប្រកាស​របស់​គណៈ​ក​ម្មា​ធិ​ការរៀប​ចំការ​បោះឆ្នោត​ថៃ ថៃ នឹង​រៀបចំ​ការបោះឆ្នោតជាតិ​នៅ​ខែកុម្ភៈ ហើយ​គណៈរដ្ឋមន្ត្រី​ថ្មី ត្រូវបាន​រំពឹងថា នឹង​អាច​ចាប់ផ្តើម​នៅ​ខែមិថុនា​។ នេះ ក៏មាន​ន័យ​ផងដែរ​ថា លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ក៏​អាច​នឹងមិន​មានឱកាស​ក្នុងការ​ដឹកនាំ​ប្រជុំ​កំពូល​ដោយផ្ទាល់​បានឡើយ ប្រសិនបើ​ការបោះឆ្នោត ត្រូវបាន​ប្រព្រឹត្តឡើង​តាមរបៀប​វារៈ​នេះ ។​
 
​ក៏ប៉ុន្តែ លោក ក៏​អាច​នឹង​វិលត្រឡប់​មកកាន់​តំណែង​នេះ​បាន​ផងដែរ ក្នុងករណី​ដែល​លោកនាយក​រដ្ឋមន្ត្រី ឈរឈ្មោះ​ក្នុង​បក្សនយោបាយ​ណាមួយ​ដើម្បី​ប្រកួតប្រជែង​យកជ័យ​ជម្នះ​ក្នុងការ​បោះឆ្នោត​ខាង​មុននេះ​។ នៅ​ខែតុលា​កន្លងទៅ លោកនាយក​រដ្ឋមន្ត្រី ក៏​ធ្លាប់​សារភាព​ត្រង់​ផងដែរ​ថា លោក​ក៏​ចាប់អារម្មណ៍​នឹង​នយោបាយ​ដែរ តែ​លោក​មិន​បង្ហើប​ពី​ចេតនា​ត្រង់ៗ​ក្នុងការ​ប្រកួតប្រជែង​សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី​ឡើយ​៕   

Tag:
 ថៃ​
  អាស៊ាន​
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com