ជាតិ
បុណ្យអុំទូក
សង្គមជាតិ
បុណ្យអុំទូក៖ ទូក«ង» ជិត៣០០ ចូលរួមប្រណាំងឆ្នាំនេះ
× ភ្នំពេញ៖ នៅក្នុងពិធីបុណ្យអុំទូកនៅថ្ងៃទី២១ ដល់២៣ ខែវិច្ឆិកានេះ មានទូក«ង» ចំនួន ២៩៥ ទូក ដែលមកពី ១៨រាជធានី-ខេត្ត និង៦ស្ថាប័ន ចូលរួមប្រណាំង នៅទន្លេចតុមុខ។ ចំនួនទូកឆ្នាំនេះ មានការកើនឡើង បើប្រៀបធៀបឆ្នាំ២០១៧ ដែលមាន២៧០ ទូក។
លោក ប៊ូ ជុំសេរី ប្រធានគណៈកម្មការបច្ចេកទេសរៀបចំពិធីបុណ្យជាតិ បានប្រាប់ថា ទូក«ង»ចំនួន២៩៥នេះ មានប្រភេទដូចជា ទូកងខ្នាតអន្តរជាតិនារី២ ទូកខ្នាតអន្តរជាតិបុរស៩៦ ទូកអុំនារី១ ទូកអុំបុរស ១៦៣ ទូកចែវនារី១ និងទូកចែវបុរស៣២។
ដោយឡែកស្ថាប័នទាំង៦ ដែលចូលរួមប្រកួតនោះមានដូចជា ទីស្តីការគណៈរដ្ឋមន្ត្រី,ក្រសួងការពារជាតិ,ក្រសួងមហាផ្ទៃ, កងកម្លាំងរាជអាវុធហត្ថ និងវត្តព្រែកប្រា។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក ប៊ូ ជុំសេរី បានបញ្ជាក់ដូច្នេះថា៖«នៅក្នុងពិធីប្រណាំងទូកងនេះ យើងក៏បានរៀបចំកន្លែងស្នាក់នៅឲ្យកីឡាករប្រណាំង ចំនួន ២កន្លែង មួយនៅមុខស្ថានីយប្រេងឥន្ទនៈសូគីមិច តាមផ្លូវជាតិលេខ៥ និងនៅគល់ស្ពានជ្រោយចង្វាររង្វង់មូល»។
សម្រាប់ទូក«ង» ដែលជាប់ជ័យលាភីលេខមួយ ទទួលបានថវិកា ចំនួន ៣៥ម៉ឺនរៀល ,លេខ២ ៣០ម៉ឺនរៀល ,លេខ៣ ២៥ម៉ឺនរៀល និងលេខ៤ ២០ម៉ឺនរៀល។ ចំណែកកីឡាករទាំងអស់ដែលចូលរួមប្រណាំងទទួលបានថវិកា ៣ម៉ឺនរៀលសម្រាប់ការស្នាក់នៅ និងការហូបចុក នៅក្នុងពិធីប្រណាំងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យអុំទូក។ នេះបើតាម ប្រធានគណៈកម្មការបច្ចេកទេសរៀបចំពិធីបុណ្យជាតិ ។
សូមបញ្ជាក់ថា កីឡាករសរុបដែលចូលរួមប្រណាំងឆ្នាំនេះ មានចំនួន១៩០០១៧ នាក់ បើធៀបនឹងឆ្នាំ២០១៧ ដែលមានចំនួន ១៧៨២៦នាក់។ នោះក៏ព្រោះតែចំនួនទូកចូលរួមប្រកួតឆ្នាំនេះ មានការកើនឡើង៕
© រក្សាសិទ្ធិដោយ thmeythmey.com