ជាតិ
នាទីចុងក្រោយ លោក ម៉ុង ឫទ្ធី ក្លាយជា​អ្នក​រ៉ាប់​រង​ចំណាយ​នៅ​ថ្ងៃ​បូជាសព​លោកតា ប្រាជ្ញ ឈួន​
20, Nov 2018 , 10:21 am        
រូបភាព
ដោយ: ថ្មីៗ
​ពិធី​បូជាសព​របស់​ស្តេច​ចាប៉ីដងវែង ប្រាជ្ញ ឈួន បាន​ប្រព្រឹត្តទៅ​កាលពី​រសៀល​ថ្ងៃទី​១៩ ខែវិច្ឆិកា ដោយមាន​ការចូលរួម​ពី​សំណាក់​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​។ លោក ម៉ុង ឫទ្ធី សមាជិក​ព្រឹទ្ធសភា ដែលមាន​វត្តមាន​ក្នុង​កម្មវិធី​នោះដែរ បាន​អះអាងថា លោក​បាន​ចូលរួម​ក្នុងនាម​ជា​ពលរដ្ឋ​ម្នាក់ ប៉ុន្តែ​លោក​សុខចិត្ត​រ៉ាប់រង​ការចំណាយ​ជិត​៣០០០​ដុល្លារ​ នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ពិធីបុណ្យ​នេះ នៅ​វត្ត​បុ​ទុម​វ​តី​។​

 
​លោក ម៉ុង ឫទ្ធី ដែលជា​អ្នកជំនួញ​ដ៏​ធំ​នៅ​កម្ពុជា​​ បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ថា លោក​បាន​ចូលរួម​ជូន​ដំណើរ​ចុងក្រោយ សព​លោក​ព្រឹទ្ធាចារ្យ​ភិរម្យ​ប្រាជ្ញ ឈួន ក្នុងនាម​ជា​ពលរដ្ឋ​ធម្មតា ប៉ុន្តែ​គេ​បានរៀបចំ​ឲ្យ​អង្គុយ​កៅអី​គណៈអធិបតី​ជាមួយ​លោក ខៀវ កាញារីទ្ធ​។​
 
​លោក​បាន​បន្ថែមថា​៖ «​ឃើញ​គេ​នាំគ្នា​យក​វិក្កយបត្រ​មក​ទា​រប្រាក់ ពី​ព្រះ​តេជគុណ ​ឃឹម សន​។ ក្នុងនោះ​មាន​ថ្លៃ​មេរុ​៩០០​ដុល្លារ ថ្លៃ​តុបតែង​ផ្កា​លើ​មេរុ​៩៥០​ដុល្លារ ថ្លៃ​សម្ភារ​ចម្រុះ ៥២៨​ដុល្លារ ថ្លៃ​ផ្កា​កូ​រ៉ោ​ន​៥៥០​ដុល្លារ សរុប​ចំនួន​២៩២៨​ដុល្លារ​។ លោក​ងាក​មក​ឲ្យ​ឧកញ៉ា​ជួយ​ចេញ​លុយ​ខ្លះ​ផង។ ជា​ចុងក្រោយ​ទើប​ដឹងថា​ កម្មវិធី​បុណ្យ​នេះ ​ព្រះតេជព្រះគុណ ​ឃឹម សន ​ជា​អ្នកចាត់ចែង​ធ្វើ​ទាំងអស់​យប់មិញ។ ខ្ញុំ​បាន​ចូល​បុណ្យ​ម្តង​រួចហើយ សម្រាប់​ពេលនេះ​ខ្ញុំ​មិនអាច​ចេញ​តែ​ចំណែក​ណាមួយ​បានទេ មានតែ​ជួយ​ចេញ​ថវិកាទាំងអស់​តែម្តង។ ​បើ​សង្ឃឹម​ទៅលើ​គ្រួសារ​សព​ទីទ័លក្រ​ខ្លាំងណាស់​។ បើ​សង្ឃឹម​ទៅលើ​ព្រះសង្ ឃ​មិនដឹង​ជា​ត្រូវ​ទៅ​សូត្រមន្ត ទេសនា​ប៉ុន្មាន​រោង​ទើប​សង​គេ​រួច​ទេ​»​។ 
 
​លោក​ឧកញ៉ា ម៉ុង ឫទ្ធី បាន​បញ្ជាក់ថា លោក មិនមាន​ជាប់សាច់​ញាតិ​អ្វី​ជាមួយ​គ្រួសារ​សព​ទេ ហើយក៏​ទើបតែ​ជួប​ពួកគាត់​លើកទីមួយ​​ដែរ​។ ជាមួយនឹង​ការជួយ​ចេញថ្លៃ​ចំណាយ​ជិត​៣០០០​ដុល្លារ​ នៅ​នាទីចុងក្រោយ លោក ម៉ុង ឫទ្ធី អញ្ជើញ​មិត្ត​ហ្វេ​ស​ប៊ុ​ក​ទាំងអស់​ ទទួល​អនុមោទនា​បុណ្យ​៕ 

Tag:
 ប្រាជ្ញ ឈួន​
  ចាប៉ីដងវែង​
  ម៉ុង ឫទ្ធី
© រក្សាសិទ្ធិដោយ thmeythmey.com