ជាតិ
​​​ន​យោ​បាយ​ជាតិ​
មុន​ចេញពី​កម្ពុជា លោក Heidt ឆ្លៀត​ស្នើ​សម្តេច ហ៊ុន សែន ឲ្យ​លែង​លោក កឹម សុខា
20, Nov 2018 , 11:11 am        
រូបភាព
ជំនួបរវាងសម្តេច ហ៊ុន សែន និង លោក William Heidt នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី២0 ខែវិច្ឆិកា ឆ្នាំ២០១៨។ រូបពី AKP
ជំនួបរវាងសម្តេច ហ៊ុន សែន និង លោក William Heidt នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី២0 ខែវិច្ឆិកា ឆ្នាំ២០១៨។ រូបពី AKP
ដោយ: ថ្មីៗ
មុន​ចប់​អាណត្តិ​ជា​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា និង​ត្រូវ​ចាក​ចេញពី​កម្ពុជា​នៅមុន​ឆ្នាំ​២០១៨​នេះ លោក William Heidt បាន​ទៅ​លា​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៨​។ ក្នុងជំនួប​ចុងក្រោយ​នេះ លោក Heidt បាន​ស្នើសុំ​សម្តេច ហ៊ុន សែន នូវ​រឿង​មួយចំនួន​។

 
 
«​លោក Heidt បាន​លើកទឹកចិត្ត​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បន្ត​កែលម្អ​ចំណងទាក់ទង​ទ្វេភាគី ដែល​រួមមាន ការជំរុញ​ការផ្សះផ្សារ​ជាតិ ការដោះលែង​លោក កឹម សុខា និង​អ្នកទោសនយោបាយ​ដទៃទៀត ហើយ​បន្ធូរបន្ថយ​ការ​រឹតត្បិត​លើ​សង្គម​ស៊ីវិល រួមទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​»​។ ទាំងនេះ​គឺជា​អ្វី ដែល​ទូត​អាមេរិក​ជិត​ចប់​អាណត្តិ បានលើកឡើង​នៅ​ចំពោះមុខ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ហើយ​ត្រូវបាន​ដកស្រង់​យកទៅ​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​។​
 
​បើតាម​ខ្លឹមសារ​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​នោះ លោក Heitd ក៏បាន​ប្រាប់​សម្តេច ហ៊ុន សែន ផងដែរ ថា​លោក មានការ​លើកទឹកចិត្ត ដោយសារ​មានការ​បន្ត​ឡើងវិញ​នូវ​កិច្ចសហប្រតិបត្តិការ ក្នុងការ​ស្វែងរក​អដ្ឋ​ធាតុ​កងទ័ព​អាមេរិក នៅ​កម្ពុជា​។ 
 
​លើសពីនេះ លោក Heitd ថ្លែងថា លោក ទទួលយក​មតិ​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា ដែល​បដិសេធ​ព័ត៌មាន អំពី​កងទ័ពជើងទឹក​របស់​ចិន មក​តាំង​មូលដ្ឋាន​នៅលើ​ទឹកដី​កម្ពុជា​។ មុន​ជួប​លោក Heitd ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បកស្រាយ​ទៅ​អាមេរិក កាលពី​ថ្ងៃទី​១៩ ខែវិច្ឆិកា ថា កម្ពុជា មិន​អនុញ្ញាត​ឲ្យ​មាន​វត្តមាន​របស់​កង​ទ័ព​បរទេស​ឡើយ​។ 
 
​សូម​រម្លឹកថា លោក Heidt ដែលមាន​ភរិយា​ជា​ជនជាតិខ្មែរ បានមក​កាន់តំណែង​ជា​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា កាលពី​អំឡុង​ខែកញ្ញា ឆ្នាំ​២០១៥​។ លោក Patrick Murphy ដែលជា​ឧបការី​រង​រដ្ឋមន្ត្រីការបរទេស​ទទួលបន្ទុក​កិច្ចការងារ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក នឹង​ក្លាយជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​កម្ពុជា ជំនួស​លោក Willl Heidt៕ 



Tag:
 ហុន សែន​
  កឹម សុខា​
  William Heidt
© រក្សាសិទ្ធិដោយ thmeythmey.com