អន្តរជាតិ
ព្រុយ​ណេ និង​ចិន ប្តេជ្ញា​ជំរុញ​ការអភិវឌ្ឍ​សមត្ថភាព​បូម​ប្រេង​និង​ឧស្ម័ន​រួមគ្នា​នៅ​សមុទ្រ​ចិន​ខាងត្បូង​
20, Nov 2018 , 5:36 pm        
រូបភាព
​ចប់​កិច្ចប្រជុំ​កំពូល​កិច្ចប្រតិបត្តិការ​អាស៊ី​ប៉ាស៊ីហ្វិក (APEC) លោក ស៊ី ជិន​ភីង បាន​បន្តដំណើរ​មក​ទ​ស្សន​កិច្ច​រដ្ឋ​អាស៊ីអាគ្នេយ៍​ព្រុយ​ណេ​ទៀត​ក្នុង​គោលដៅ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ក្នុង​ភាពជា​ដៃគូ​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ មេដឹកនាំ​ចិន និង​ព្រុយ​ណេ​បាន​ឯកភាពគ្នា​បង្កើន​ការអភិវឌ្ឍ​ការរុករក​ប្រេង និង​ឧស្ម័ន​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​។​


 
​សេចក្តីថ្លែងការណ៍​រួម​ចេញផ្សាយ​ថ្ងៃ​ចន្ទ​ទី ១៩ ខែវិច្ឆិកា​រវាង​ព្រះ​ចៅ ហា​សា​ណា​ល់ ប៊ុល​គា និង​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ដែល​ស្ថិតក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ព្រុយ​ណេ​រយៈពេល​ពីរ​ថ្ងៃ​បាន​បង្ហាញថា ព្រុយ​ណេ និង​ចិន ប្តេជ្ញា​បន្ត​ជំរុញ​ការអភិវឌ្ឍ​ការរុករក​និង​បូក​យក​ប្រេង​និង​ឧស្ម័ន​រួមគ្នា​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ 
 
​តាមពិតទៅ ចិន​បាន​សហការ​ជាមួយ​ព្រុយ​ណេ​ដែលជា​ភាគី​តូច​ជាងគេ​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដើម្បី​ទាញយក​ធនធាន​រ៉ែ និង​ឧស្ម័ន​នៅក្នុង​តំបន់​ជម្លោះ​តាំងពី​ឆ្នាំ ២០១៣​មកម្ល៉េះ​។ ទាក់ទិន​នឹង​គម្រោង​អភិវឌ្ឍ​រួមគ្នា​នេះ មេដឹកនាំ​ប្រទេស​ទាំងពី​តរ​បាន​អះអាងថា រាល់​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​នេះ​មិនមាន​ផលប៉ះពាល់​លើ​គោលជំហរ និង​សិទ្ធិ ក៏ដូចជា​ប្រយោជន៍​របស់​ភាគី​ក្នុង​តំបន់​ជម្លោះ​ឡើយ​។ 
 
​គម្រោង​អភិវឌ្ឍ​រួម​ដើ​ម្ប​ខួង និង​បូម​យក​ប្រេង​នៅ​សមុទ្រ​ចិន​ខាងត្បូង​នេះ​ត្រូវបាន​ឯកភាពគ្នា​ក្នុង​ឆ្នាំ ២០១៣ ពេលដែល​ព្រះ​ចៅ ហា​សា​ណា​ល់ ប៊ុល​គា បំពេញ​ទស្សនកិច្ច​កាន់​ប្រទេស​ចិន​។  នៅពេលនោះ ក្រុមហ៊ុន​ប្រេង​រដ្ឋ​របស់​ព្រុយ​ណេ (Brunei National Petroleum Company) និង​ក្រុមហ៊ុន​ប្រេង​ជាតិចិន (China National Offshore Oil Corporation ) បាន​ឯកភាពគ្នា​ដើម្បី​ស្វែងរក​លទ្ធភាព​បូម​ប្រេង​រួមគ្នា​នៅក្នុង​សមុទ្រ​ចិន​ត្បូង​។  
 
​ឆ្នាំ ២០១៤ ក្រុមហ៊ុន​រួមមួយ​ត្រូវបាន​ចុះបញ្ជី​ជា​ផ្លូវការ​នៅ​រាជធានី​បង់​ដា​សេរី បេ​ហ្កា​វ៉ាន់ ហើយ​ក្រុមហ៊ុន​នេះ​ចាប់ផ្តើម​ដំឡើង​ឧបករណ៍​បូម​ប្រេង និង​ហ្គាស​ចំនួន​ប្រាំ​មួយកន្លែង​ឯណោះ​។ ប៉ុន្តែ ដោយសារ​ជម្លោះ​នៅតែ​តានតឹង សកម្មភាព​ខួង​និង​បូម​យក​ប្រេង និង​ឧស្ម័ន​ហាក់​មាន​សភាព​យឺតយ៉ាវ​ខ្លាំង និង​នៅមានកម្រិត​នៅឡើយ​។​
 
​យ៉ាងណាមិញ រយៈពេល​ចុងក្រោយ​នេះ ការចរចា​គ្នា​លើ​ការបង្កើត​ក្រម​ប្រតិបត្តិ​សមុទ្រ​ខាងត្បូង (COC) មាន​ផល​វិជ្ជមាន​លើ​គម្រោង​អភិវឌ្ឍ​រួមគ្នា​នេះ​។ កាលណា​បើ​កិច្ចចរចា​ទៅមុខ​ដោយ​រលូន ការវិនិយោគ​នេះ​នឹង​កាន់តែ​ដើរទៅ​មុខ​រហ័ស​ថែមទៀត​។​
 
​ដូច្នេះហើយ ក្នុងជំនួប​ទ្វេភាគី ប្រធានាធិបតី​ចិន​លោក ស៊ី បានស្នើ​ទៅកាន់​ព្រះ​ចៅ ហា​សា​ណា​ល់ ប៊ុល​គា ឲ្យ​បន្ត​ជំរុញ​ការចរចា​ក្រម​ប្រតិបត្តិ​នេះ​ឲ្យ​បាន​លឿន​ដើម្បី​ធានា​សន្តិភាព ស្ថិត​ភាព​តំបន់ និង​ប្រយោជន៍​រួម​រវាង​ភាគី​ជាពិសេស​ចិន និង​ព្រុយ​ណេ​។ 
 
​ដល់​ត្រឹម​ចំណុច​នេះ គេ​គួរ​ដឹងថា ព្រុយ​ណេ​ជាប់​ឈ្មោះ​ជា​ភាគី​ជម្លោះ​ដែលមាន​ជំហរ​ទន់ភ្លន់​ជាមួយ​ចិន​ជាងគេ​។ ក្រោយ​ប្រកាស​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស​ឆ្នាំ​១៩៨៤  ព្រុយ​ណេ​បានទាមទារ​ចំណែក​របស់ខ្លួន​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ដូច​បណ្តា​ភាគី​ជម្លោះ​ផ្សេងទៀត ដូច​វៀតណាម      ហ្វីលីពីន ឥណ្ឌូណេស៊ី ចិន តៃវ៉ាន់ និង​ម៉ាឡេស៊ី​ដែរ​។ 
 
​ដល់​ឆ្នាំ ១៩៩១ ព្រុយ​ណេ​សម្រេច​ចាប់ដៃ​ចង​ចំណង​ការទូត​ជាមួយ​ចិន​ជា​ផ្លូវការ ហើយ​ចាប់ពីពេលនោះ​មក​ព្រុយ​ណេ​មិនដែល​ចេញមុខ​តតាំង​ឬ​ប្រឆាំង​ចិន​ជា​ចំហ​ដូច​វៀតណាម និង​ហ្វីលីពីន​ឬ ឥណ្ឌូណេស៊ី​ឡើយ​។ នេះ​ក៏ដោយ​សារ ព្រុយ​ណេ​ដឹង​ច្បាស់​ថា ការ​តតាំង​ជាមួយ​ចិន​តាមផ្លូវ​ណាក៏ដោយ វា​មិនបាន​ប្រយោជន៍ ឬ​ជួយ​ដោះស្រាយ​ជម្លោះ​ដ៏​រ៉ាំរ៉ៃ និង​ស្មុគស្មាញ​នេះឡើយ ហើយ​ព្រុយ​ណេ​ក៏​ត្រូវការ​មហាអំណាច​សេដ្ឋកិច្ច​ដូចជា​ចិន​ដើម្បី​ធានា​ប្រយោជន៍​នៅពេល​អនាគត​ដែរ​។​
 
​ដោយឡែក ក្រៅតែពី​ជំរុញ​ការ​បូម​ប្រេង​និង​ឧស្ម័ន​រួមគ្នា មេដឹកនាំ​ចិន និង​ព្រុយ​ណេ ក៏​យល់ព្រម​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ជាច្រើន​ផ្សេងទៀត​ដែរ​ក្នុងនោះ​មាន​សេដ្ឋកិច្ច​, អប់រំ​, ការពារជាតិ​, ច្បាប់ និង​យុត្តិធម៌​រួមជាមួយ​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន​ដែរ​។​
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ស្តេច​ព្រុយ​ណេ និង​ប្រធានាធិបតី​ចិន​បាន​ឯកភាពគ្នា​ថា នឹងមាន​ការផ្សាភ្ជាប់​ក្នា​រវាង​ទស្សនវិស័យ ២០៣៥ (Wawasan 2035) របស់​រដ្ឋាភិបាល​ព្រុយ​ណេ​ជាមួយ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ​វិថី​មួយ​របស់​ចិន ដើម្បី​ធានា​ការអភិវឌ្ឍ​រួមគ្នា​នៅពេល​អនាគត​ផងដែរ​។​
 
​អាច​និយាយបានថា ចំណងមិត្តភាព​រវាង​ព្រុយ​ណេ និង​ចិន កាន់តែ​ស្អិតល្មួត​ថែមទៀត ក្រោយ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ របស់​ព្រះ​ចៅ ហា​សា​ណា​ល់ ប៊ុល​គា ទៅកាន់​ក្រុង​ប៉េកាំង នា​ខែកញ្ញា​ឆ្នាំ ២០១៧​។ ទស្សនកិច្ច​ប្រវត្តិសាស្ត្រ​នេះ​ជួយ​រឹតបន្តឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ដោយ​ផ្តោត​សំខាន់​លើ​វិស័យ​សំខាន់ៗ​ដូចជា ហេដ្ឋារចនាសម្ព័ន្ធ​, ថាមពល​, ចំណីអាហារ​, កសិកម្ម​, នេសាទ និង​សេដ្ឋកិច្ច​ឌីជីថល​ផង​។​
 
​ការរីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​នៃ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ចិន និង​ព្រុយ​ណេ មិនមែនជា​រឿង​ចៃដន្យ​ទេ​។ ព្រុយ​ណេ​ព្យាយាម​ពង្រឹង​លើកស្ទួយ​ទំនាក់ទំនង​ជាមួយ​ចិន​ដើម្បី​ធានា​ប្រយោជន៍​យូរអង្វែង​ខាង​ផ្នែក​សេដ្ឋកិច្ច និង​សង្គម ដ្បិត​ព្រុយ​ណេ​ត្រូវការ​ទុនវិនិយោគ​កាន់តែច្រើន​ពី​បរទេស​ជាពិសេស​ចិន​ផ្ទាល់​។ 
 
-​ព្រុយ​ណេ​ត្រូវការ​វិនិយោគ​ចិន​ដើម្បី​ស្ថិរភាព​សេដ្ឋកិច្ច ពេល​ធនធាន​ប្រេងកាន់​តែថមថយ
 
​សម្រាប់​ព្រុយ​ណេ​ដែលមាន​ប្រជាជន​កន្លះ​លាន​នាក់ ហើយ​មាន​សេដ្ឋកិច្ច​ទាំងស្រុង​ពឹង​ផ្អែកលើ​ប្រេង​និង​ឧស្ម័ន​នោះ ការ​ចាប់ដៃ និង​ប្រឹង​ទាញ​លំហូរ​វិនិយោគ​ពី​ចិន​ជា​រឿង​ចាំបាច់ និង​ជា​ចំណុច​យុទ្ធសាស្ត្រ​ថែមទៀត ស្រប​ដែល​ឥទ្ធិពល​ចិន​កំពុង​បន្ត​កើនឡើង​ខ្លាំង​ក្នុង​ក្របខណ្ឌ​តំបន់ និង​ពិភពលោក​ផង​នោះ​។  
 
​ខណៈដែល​ធនធាន​ប្រេង និង​ឧស្ម័ន ដែល​ជួយ​ឲ្យ​ព្រុយ​ណេ មានបាន​កប់​ក្តោង​ដូច​សព្វថ្ងៃ​កាន់តែ​ខ្សោះ និង​ប្រឈម​ការធ្លាក់​ចុះថ្លៃ​នោះ រដ្ឋាភិបាល​ព្រុយ​ណេ​សំឡឹង​ឃើញថា អនាគត​របស់ខ្លួន​ចៀស​មិន​ផុត ពី​ផ្តេកផ្តួល​លើ​ទំនាក់ទំនង​ជាមួយ​មហា​អំណាច​សេដ្ឋកិច្ច​ដូចជា​ចិន​នេះឡើយ ដើម្បី​ធានាថា សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​អាច​បន្ត​ទៅមុខ​បាន​ដោយ​ចីរភាព​។ 
 
​សូម្បីតែ​ក្នុង​យុទ្ធសាស្ត្រ​អភិវឌ្ឍ​សេដ្ឋកិច្ច​ព្រុយ​ណេ ឬ​ទស្សនវិស័យ​ព្រុយ​ណេ ២០៣៥ ដែល​ត្រូវ​បានដាក់​ឲ្យ​អនុវត្ត​ចាប់ពី​ឆ្នាំ ២០០៥ មក​នោះ​ក៏​ចែង​ច្បាស់​ដែរ​ថា ពាណិជ្ជកម្ម និង​លំហូរ​នៃ​ទុនវិនិយោគ​បរទេស​ជា​កម្លាំងចលករ​សម្រាប់​លើកស្ទួយ​សេដ្ឋកិច្ច​ព្រុយ​ណេ​ក្រៅពី​ប្រេង និង​ឧស្ម័ន​ធម្មជាតិ​។ 
 
​មកដល់​បច្ចុប្បន្ន ទំហំ​វិនិយោគ​របស់​ចិន​នៅ​ព្រុយ​ណេ កើនឡើង​ពី ៩,៦​លាន​ប៉ុណ្ណោះ នៅ​ឆ្នាំ ២០១៥ មកដល់ ៨៦ លាន​ដុល្លារ​នៅ​ឆ្នាំ ២០១៦ ខណៈដែល​ព្រុយ​ណេ​នាំ​ទំនិញ​ទៅ​ចិន​កើន​ពី ៣៦ លាន​ដុល្លារ​ឆ្នាំ ២០០២ រហូតដល់ ១,៧ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៣​។ នេះ​បើ​យោងតាម​របាយការណ៍​គណៈកម្មការ​ត្រួតពិនិត្យ​សេដ្ឋកិច្ច និង​សន្តិសុខ​អាមេរិក​-​ចិន​៕
 

Tag:
 ព្រុយ​ណេ​
  ចិន​
  សមុទ្រ​ចិន​ខាងត្បូង​
  ស៊ី ជិន​ភីង​
  ហា​សា​ណា​ល់ ប៊ុល​គា
© រក្សាសិទ្ធិដោយ thmeythmey.com