ជាតិ
បុណ្យអុំទូក
បុណ្យអុំទូក៖ តម្លៃផ្ញើម៉ូតូមួយគ្រឿង ៥០០០រៀល !
× ភ្នំពេញ៖ ខណៈដែលពលរដ្ឋ កំពុងសម្រុកមកលេងតាមបណ្ដោយមាត់ទន្លេ ដែលជាទីកន្លែងប្រារព្វពិធីបុណ្យអុំទូកនោះ សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ក៏មមាញឹកក្នុងការសម្រួលចរាចរណ៍ សណ្ដាប់ធ្នាប់ដល់ពលរដ្ឋផងដែរ។ គ្រប់ផ្លូវនៅតាមទីតាំងសំខាន់ៗចូលទៅតំបន់បណ្ដោយមាត់ទន្លេ នៃការប្រារព្វពិធីបុណ្យអុំទូកនោះ ត្រូវបានដាក់រនាំងហាមឃាត់ឡាន និងម៉ូតូ ចេញ-ចូល ពោលគឺទាល់តែមានការអនុញ្ញាតពីអាជ្ញាធរ។ ដូច្នេះពលរដ្ឋដែលជិះម៉ូតូ ឬយានជំនិះផ្សេងៗ ត្រូវរកទីតាំងផ្ញើឲ្យបានត្រឹមត្រូវ ខណៈដែលតម្លៃផ្ញើក៏មានការកើនឡើងផងដែរ។
មូលហេតុតម្លៃផ្ញើម៉ូតូមួយគ្រឿង កើនឡើងដល់៥០០០រៀលនេះ ក៏ព្រោះតែម្ចាស់កន្លែងផ្ញើម៉ូតូនោះ ត្រូវចំណាយលើការជួលដីគេ បង់ថ្លៃការពារសណ្ដាប់ធ្នាប់ដល់អាជ្ញាធរជាដើម។ នេះជាការបង្ហើបរបស់ស្ត្រីវ័យ៣០ឆ្នាំម្នាក់ ដែលជាម្ចាស់ទីតាំងផ្ញើម៉ូតូមួយកន្លែង នៅម្ដុំផ្សារកណ្ដាល ដែលបានប្រាប់សារព័ត៌មានថ្មីៗ អំពីមូលហេតុឡើងថ្លៃនេះ។
បើតាមស្ត្រីសម្បុរស្រអែមរូបនេះ ការឡើងថ្លៃផ្ញើម៉ូតូក្នុងថ្ងៃបុណ្យអុំទូក៣ថ្ងៃនេះ មិនមែនតែកន្លែងខ្លួននោះទេ ពោលគឺនៅទីតាំងផ្សេងៗទៀត ក៏មានការឡើងថ្លៃដូចគ្នាផងដែរ។ តែយ៉ាងណាការដំឡើងថ្លៃផ្ញើម៉ូតូនេះ គឺវាស្ថិតនៅក្នុងការរកស៊ីជាលក្ខណៈឯកជនរបស់ពលរដ្ឋ ដែលឆ្លៀតឱកាសក្នុងពិធីបុណ្យសំខាន់ៗប៉ុណ្ណោះ ហើយវាក៏មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com