ជាតិ
បុណ្យអុំទូក
ពិធី​អកអំបុក​សំពះ​ព្រះ​ខែ ពាក់ព័ន្ធ​នឹង​រឿង​ទិទាន​ព្រះពុទ្ធ ដែល​ធ្លាប់​កើតជា​ទន្សាយ​
23, Nov 2018 , 8:39 am        
រូបភាព
រូបថតពីហ្វេសប៊ុក ភិក្ខុវិចារប្បញ្ញោ ខេម ប៊ុនថេត
រូបថតពីហ្វេសប៊ុក ភិក្ខុវិចារប្បញ្ញោ ខេម ប៊ុនថេត
ដោយ: ថ្មីៗ
​ពិធី​អកអំបុក សំពះ​ព្រះ​ខែ ត្រូវបានរ​ប្រារព្ធ​ឡើង​ក្នុងអំឡុង​បុណ្យអុំទូក​។ ប៉ុន្តែ ពិធី​អកអំបុក សំពះ​ព្រះ​ខែ ប្រារព្ធ​ឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ ពោលគឺ នៅ​ពាក់​កណ្តាលរាត្រី​នៃ​ថ្ងៃ​១៥​កើត ពេញបូណ៌មី​។​

 
​ពិធីបុណ្យ​អុំទូក មាន​រយៈពេល​៣​ថ្ងៃ គឺ​ចាប់​ពីថ្ងៃ​២១ ដល់​ថ្ងៃ​២៣ ខែវិច្ឆិកា ដែល​ត្រូវ​នឹង​ថ្ងៃទី​១៤​និង​១៥​កើត ដល់​ថ្ងៃ​១​រោច ខែកត្តិក​។ ឈានដល់​ថ្ងៃទី​២២​ខែវិច្ឆិកា នឹងមាន​ពិធី​មួយទៀត ហៅថា​ពិធី​អកអំបុក សំពះ​ព្រះ​ខែ​។​
 
​ពិធី​អកអំបុក និង​សំពះ​ព្រះ​ខែ  គឺជា​ប្រពៃណី​មួយ​របស់​ខ្មែរ ដែល​ផ្សារភ្ជាប់​ទៅនឹង​ពិធី​ពី​បុណ្យអុំទូក​។ ពិធី​អកអំបុក និង​សំពះ​ព្រះ​ខែ​នេះ ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ ធ្វើឡើង ដើម្បី​រម្លឹក​ដល់​ព្រះ​ពោធិសត្វ ដែល​ធ្លាប់​យោង​យកកំណើត​ជា​សត្វ​ទន្សាយ​។ ទន្សាយ ដែលជា​តួអង្គ​ព្រះ​ពោធិសត្វ  ប៉ង​នឹង​លះបង់​អាយុសង្ខារ ដល់​ព្រះ​ឥន្ទ្រាធិរាជ ដើម្បី​បំពេញ​ទានបារមី​។​
 
​បើតាម​ជំនឿ​របស់​ដូនតា​ខ្មែរ ប្រជាពលរដ្ឋ យល់ថា ព្រះសម្មាសម្ពុទ្ធ ធ្លាប់​កើតជា​សត្វ​ទន្សាយ កាលពី​ព្រះអង្គ​មិនទាន់​ត្រាស់ដឹង (​មិនទាន់​ក្លាយជា​ព្រះពុទ្ធ​)​។ រឿងនិទាន​នោះ បាន​ដំណាល​ថា គ្រាមួយ ព្រះឥន្ទ្រ បាន​យាង​ចុះមក ហើយ​និមិត​ខ្លួន ជាតា​ព្រាហ្មណ៍​ម្នាក់​នៅ​ចំពោះមុខ​សត្វ​ទន្សាយ​។ 
 
​នៅ​ចំពោះមុខ​សត្វ​ទន្សាយ តា​ព្រាហ្មណ៍​នោះ បាន​ពោល​ពាក្យ​ឡើង​ថា​៖«​ជីវិត​ខ្ញុំ​នឹង​ក្ស័យ​ជាមិនខាន បើ​គ្មាន​អាហារ​បរិភោគ​នាពេលនេះ​»​។ ពេល​នោះឯង ទន្សាយ ដែលជា​តួអង្គ​ព្រះ​ពោធិសត្វ បាន​ពោល​វាចា​តប​យ៉ាងនេះ​ថា​៖«​ខ្ញុំ​មានតែ​សាច់ និង​ឈាម​ប៉ុណ្ណោះ​។ បើ​អ្នក​ចង់បាន ចូរ​អ្នករក​ឧស​មក​បង្កាត់ភ្លើង​ទៅ​ចុះ​។ ខ្ញុំ​នឹង​លោត​ចូលក្នុង​ភ្លើង​ឲ្យ​បានជា​អាហារ​បរិភោគ​»​។​
 
​គ្រាន់តែ​ឮដូច្នេះ ព្រះឥន្ទ្រ ក៏​ទៅ​បង្កាត់ភ្លើង​ភ្លាម​។ ចំណែកឯ​ទន្សាយ ក៏​លោត​ចូល​ភ្លើង​ភ្លែត​តែម្តង​ដោយ​មិន​បង្អង់​យូរ​នោះទេ​។ ប៉ុន្តែ ដោយ​អំណាច​នៃ​សេចក្ដី​ជ្រះថ្លា និង​ការបរិច្ចាគ​ដ៏​អស្ចារ្យ​របស់​ទន្សាយ ព្រះឥន្ទ្រ​ក៏​ហោះ​ទៅ​ទ្រ​មិន​ឲ្យ​ភ្លើង​ឆេះ​រោម​មួយ​សរសៃ​ឡើយ​។ 
 
​លំដាប់​នោះ ព្រះឥន្ទ្រ​ក៏​ហោះ​ទៅកាន់​ស្ថានសួគ៌ ដើម្បី​យក​ថ្មកែវ​មនោសិលា ទៅ​គូស​រូប​ទន្សាយ​នៅក្នុង​រង្វង់​ព្រះ​ចន្ទ ដែលជា​ហេតុ​នាំ​ឲ្យ​មាន​រូប​ទន្សាយ​ជាប់​ក្នុង​រង្វង់​ព្រះ​ចន្ទ តាំងពី​កាលនោះ​រហូតមក ហើយ​មនុស្ស​គ្រប់រូប​ក៏​មើលឃើញ​រូប​ទន្សាយ​ច្បាស់ នៅ​ថ្ងៃ​១៥​កើត ពេញបូណ៌មី​។ 
 
​យ៉ាងណាក៏ដោយ បើ​ផ្អែក​តាម​វិទ្យាសាស្ត្រ រូបនោះ គឺជា​រណ្តៅ​និង​ក្រហូង​ផ្សេងៗ នៅលើ​ភព​ព្រះ​ចន្ទ ដោយ​គ្រាន់តែ​មើលទៅ​មាន​រូបរាង​ស្រដៀង​នឹង​សត្វ​ទន្សាយ​ប៉ុណ្ណោះ​។​
 
​រឿងរ៉ាវ ដែល​ទាក់ទង​នឹង​ព្រះ​ពោធិសត្វ​ដូច្នេះហើយ ជាហេតុ​នាំ​ឲ្យ​អ្នកស្រុក តែងតែ​រៀបចំ​ប្រារព្ធ​ពិធី​នេះ​ជា​រៀងរាល់ឆ្នាំ នៅតាម​វត្ត​អារាម ភូមិ​ស្រុក និង​ទីប្រជុំជន​នានា ដោយមាន​ចេក អំបុក ទឹកដូង ផ្លែឈើ ជាដើម​៕ 
 
​ប្រភព​៖ គេហទំព័រ​ទ្រឹស្តី​ពុទ្ធចក្រ​

Tag:
 អុំទូក
© រក្សាសិទ្ធិដោយ thmeythmey.com