ជាតិ
បុណ្យអុំទូក
អុំទូក​២​ថ្ងៃ មាន​ទូក​៦​លិច តែ​មិនមាន​គ្រោះថ្នាក់​ដល់​ជីវិត​ឡើយ​
23, Nov 2018 , 12:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រយៈពេល​២​ថ្ងៃ​នៃ​ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ មាន​ទូក​ចំនួន​៦​បាន​លិច​ក្នុងអំឡុងពេល​ប្រណាំង ប៉ុន្តែ​ពុំ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ឡើយ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ប៊ូ ជុំ​សេរី ប្រធាន​គណៈកម្មការ​ប​ច្ចេកទេស​រៀបចំ​បុណ្យជាតិ ដែល​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​។​


​លោក ប៊ូ ជុំ​សេរី ប្រាប់​តាម​ទូរ​សព្ទ​ថា មាន​ទូក​៤ បាន​លិច​នៅ​ថ្ងៃទី​១​នៃ​ពិធី​បុណ្យអុំទូក និង​ទូក​២​ទៀត បាន​លិច​នៅ​ថ្ងៃទី​២ ចំណែក​នៅ​ថ្ងៃទី​៣​នេះ ពុំទាន់​មាន​ទូក​ណាមួយ​លិច​នៅឡើយ​ទេ​។ លោក បន្តថា ចំពោះ​ទូក​ដែល​លិច ត្រូវបាន​ក្រុមការងារ​ជួយសង្គ្រោះ​ទាន់ពេលវេលា​ហើយ​។ 
 
​ប្រធាន​គណៈកម្មការ​ប​ច្ចេកទេស​រៀបចំ​បុណ្យជាតិ​រូបនេះ បាន​បន្ថែម​យ៉ាង​ដូច្នេះ​ថា​៖«​ក្នុងឱកាស​បុណ្យអុំទូក​នេះ យើង​បាន​ត្រៀម​កាណូត​ជាច្រើន​គ្រឿង​ផងដែរ ដើម្បី​ជួយសង្គ្រោះ បើ​មាន​ករណី​លិច​ទូក ក្នុងអំឡុងពេល​ប្រណាំង​»​។ 
 
​ក្រៅពី​មាន​ករណី​លិច​ទូក ក៏មាន​ករណី​ផ្សេងទៀត​កើតឡើង​ផងដែរ មានដូចជា គ្រោះថ្នាក់​ចរាចរណ៍ ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៥​នាក់ របួស​១៣​នាក់ និង​មាន​មនុស្ស​ចំនួន​ជាង​៦​ពាន់​នាក់ ត្រូវបាន​សង្គ្រោះ និង​ព្យាបាល​ជំងឺ​ដោយ​ក្រុម​អ្នក​ជួយសង្គ្រោះ​។ នេះ​បើតាម​របាយការណ៍​រប​ស់អគ្គ​ស្នងការដ្ឋាន​ន​គ​របាល​ជាតិ​។ 
 
​សូម​រម្លឹកថា ក្នុង​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក ឆ្នាំ​២០១៧ កន្លងទៅ មាន​ទូក​ចំនួន​៣ បាន​លិច​ក្នុងពេល​ប្រណាំងទូក តែ​មិនមាន​គ្រោះថ្នាក់​ដល់​ជីវិត​ឡើយ​។ ទូកង​ដែល​ចូលរួម​ប្រណាំង​ឆ្នាំនេះ មាន​២៩៥​ទូក និង​មាន​កីឡាករ​ចំនួន​១៩០១៧​នាក់ បើ​ប្រៀបធៀប​ឆ្នាំ​២០១៧ ដែលមាន​ទូក​ចំនួន​២៧០ និង​មាន​កីឡាករ​១៧៨២៦​នាក់​៕  

Tag:
 លិច​ទូក​
  អុំទូក
© រក្សាសិទ្ធិដោយ thmeythmey.com