ជាតិ
ថ្ងៃនេះ​ជា​ខួប​១៣​ឆ្នាំ ដែល​យូណេស្កូ​បញ្ចូល​ល្ខោន​ស្រមោល​ស្បែក​ធំ ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​
25, Nov 2018 , 11:22 am        
រូបភាព
​ភ្នំពេញ​៖  ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ ជា​ខួប​១៣​ឆ្នាំ ដែល​ល្ខោន​ស្រមោល​ស្បែក​ធំ ត្រូវបាន​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ របស់​អង្គការ​យូណេស្កូ​។



​លោក ថៃ នរ​សត្យា អ្នកនាំពាក្យ​ក្រសួង​វប្បធម៌​បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា នៅ​ខួប​១៣​ឆ្នាំ នា​ឆ្នា​នេះ ក្រសួង​មិនបាន​រៀបចំ​កម្មវិធី​អបអរ​នោះទេ ដោយសារ​ក្រសួង​កំពុង​មមាញឹក នឹង​ការរៀបចំ​ព្រឹត្តិការណ៍​ដ៏​ចំពោះមុខ​មួយទៀត គឺ​ខួប​២៥ នៃ​ICC Angkor ដែល​ប្រព្រឹត្ត​នៅ​ដើមខែ​ធ្នូ​ខាងមុខនេះ នៅ​ខេត្តសៀមរាប​។ លោក ថៃ នរ​សត្យា បញ្ជាក់​ដូច្នេះ​៖«​ការពិតទៅ គ្រប់​ព្រឹត្តិការណ៍​ទាំងអស់​សុទ្ធតែ​សំខាន់​។ ខួប​១៣​ឆ្នាំ ដែល​អង្គការ​យូណេស្កូ​បញ្ចូល​ល្ខោន​ស្រមោល​ស្បែក​ធំ ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​ក៏​សំខាន់ ឯ​ខួប​២៥ នៃ​ICC Angkor ក៏​សំខាន់ ព្រោះ​វា​ទាក់ទង​នឹង​ការអភិវឌ្ឍ​បេតិកភណ្ឌ​វប្បធម៌​ដូចគ្នា​។ ប៉ុន្តែ​យើង​ក៏មាន​កិច្ចការ​ចំពោះមុខ​ដែល​ត្រូវធ្វើ​»​។ 
 
​បើតាម​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ ខួប​២៥ នៃ​ICC Angkor ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៤ និង​ទី​៥ ខែធ្នូ​ខាងមុខ នឹងមាន​ការចូលរួម​បើក​ពី​នាយករដ្ឋមន្ត្រី​កម្ពុជា តំណាង​អង្គការ​យូណេស្កូ​ពិភពលោក និង​បណ្តា​ប្រទេស​ជា​មិត្ត​ជាច្រើន​ទៀត និង​ព្រះរាជ​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះករុណា ព្រះបាទ សម្តេច ព្រះ​នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា​ផងដែរ​។​
 
​សូមបញ្ជាក់ថា ល្ខោន​ស្រមោល​ស្បែក​ធំ ត្រូវបាន​អង្គការ​យូណេស្កូ ដាក់​ប​ញ្ជូ​ល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០០៥៕

Tag:
 ​ជាតិ​
 ​វប្បធម៌​
© រក្សាសិទ្ធិដោយ thmeythmey.com