ជាតិ
ក្រោយ​ឆ្លើយឆ្លង​រឿង​សុំ​ទិដ្ឋាការ​ទៅ​អាមេរិក​, លោក ព្រាប កុល និង​លោក កែវ រ៉េមី សម្រុះសម្រួល​គ្នា​វិ​ញ​
26, Nov 2018 , 12:15 pm        
រូបភាព
រូបពីហ្វេសប៊ុកលោក កែវ រ៉េមី
រូបពីហ្វេសប៊ុកលោក កែវ រ៉េមី
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ បើសិនជា​គេ តាមដាន​គណនី​ហ្វេ​ស​ប៊ុ​កលោក កែវ រ៉េមី (Keo Remy) ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា និង​គណនី​ហ្វេ​ស​ប៊ុ​កលោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​នោះ គេ​នឹង​បានឃើញ​សារ​ឌឺដង​គ្នា​រឿង​សុំ​ទិដ្ឋាការ​ទៅ​អាមេរិក​។ ប៉ុន្តែ​បុគ្គល​សាធារណៈ​ទាំងពីរ​បានបញ្ចប់​អរិភាព​នៅលើ​តុ​អាហារ​ពេលព្រឹក​នៅ​ថ្ងៃទី​២៦​វិច្ឆិកា​នេះ​។​

 
​គម្រោង​ណាត់ជួប​គ្នា​នេះ ផ្ដើមចេញពី​លោក ព្រាប កុល ដែល​បាន​ឆាត​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ទៅ​លោក កែវ រ៉េមី ដើម្បី​សុំ​ជួបពិភាក្សា​គ្នា​ពី​ការបញ្ចេញមតិ​ខ្លួន នៅលើ​បណ្ដាញ​សង្គម​មួយ​នេះ​។ ទីតាំង​ដែល​អ្នក​ទាំងពីរ​ជួបគ្នា គឺ​នៅក្នុង​អាហា​រដ្ឋា​ន​មួយ ម្ដុំ​ផ្សារ​កាប់​គោ ហើយ​គុយទាវ បបរ និង​ទឹកតែ ជា​អាហារ​កំដ​កិច្ចសន្ទនា​សម្រួល​អារម្មណ៍​។​
 
​លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ក្រោយពី​ការជួប​លោក កែវ រ៉េមី​ថា ការ​ណាត់ជួប​គ្នា​នេះ មិនមែនជា​ការបន្ត​ជជែក​យក​ចាញ់​-​ឈ្នះ​គ្នា រឿង​សុំ​ទិដ្ឋាការ​ទៅ​អាមេរិក​ឡើយ ប៉ុន្តែ​វា​ជា​ឱកាសល្អ​សម្រាប់​ការបង្កើត​វប្បធម៌​សន្ទនា​រវាង​លោក និង​លោក កែវ រ៉េមី ទៅវិញ​ទេ ទោះបីជា​ទស្សនៈ​ខុសគ្នា​ក៏ដោយ​។ 


 
​លោក ព្រាប កុល ដែល​អះអាងថា ខ្លួន​បាន​ស្គាល់គ្នា​ជាមួយ​លោក កែវ រ៉េមី រយៈពេល​១៨​ឆ្នាំ​មកហើយ​នេះ បានបញ្ជាក់​ដូច្នេះ​៖«​ក្នុងនាម​យើង​ជា​ខ្មែរ​ដូចគ្នា ខ្ញុំ​គ្មាន​ហេតុផល​អ្វីដែល​ត្រូវ​និយាយ​ប៉ះពាល់​គាត់​(​កែវ រ៉េមី​) ឬក៏​មានបំណង​ទៅ​បន្ដុះបង្អាប់​គាត់ នៅក្នុង​ន័យ​ណាមួយ​ទេ​។ ដូច្នេះ​ខ្ញុំ​ជជែក​គ្នា​ជាមួយ​គាត់ ញាំ​កាហ្វេ ញាំ​ទឹកតែ​ជាមួយគ្នា​ព្រឹក​មិញ​ហ្នឹង យើង​ណាត់​ជួបគ្នា​ក្នុងនាម​ជា​ពលរដ្ឋ​ជនរួមជាតិ​ខ្មែរ​។ ខ្ញុំ​ស្គាល់​គាត់ រាប់អាន​គ្នា ជជែក​គ្នា​ត្រង់​ទៅ​ត្រង់​មក ក្នុងនាម​ជា​ខ្មែរ​ដូចគ្នា​។ ហើយ​គាត់​ក៏​សប្បាយចិត្ត គាត់​ក៏​គ្មាន​ប្រកាន់​ស្អី​ខ្ញុំ​ដែរ ព្រោះ​ខ្ញុំ​បាន​ជម្រាប​ប្រាប់​គាត់​ថា ខ្ញុំ​ក៏​គ្មាន​ចេតនា​និយាយ​ប៉ះពាល់​អ្វី​ដល់​គាត់​ដែរ​»​។​
 
​ក្រៅពី​រៀបរាប់​ពី​រឿងរ៉ាវ​ជួបគ្នា​នេះហើយ លោក ព្រាប កុល ក៏​ស្នើ​ឲ្យ​អ្នកនយោបាយ និង​ពលរដ្ឋ​ខ្មែរ​គ្រប់រូប គប្បី​ចេះ​ប្រើប្រាស់​វប្បធម៌​សន្ទនា និង​យោគយល់​គ្នា​ទៅវិញទៅមក បើទោះជា​ស្ថិតនៅក្នុង​ទស្សន​នយោបាយ ឬ​និន្នាការ​នយោបាយ​ខុសគ្នា​ក៏ដោយ​។ 
 
​មិនមែន​តែ​លោក ព្រាប កុល ទេ​ដែល​បង្ហាញ​ពី​អារម្មណ៍​រីករាយ ក្រោយពី​ជួប​សន្ទនា​គ្នា​នេះ សូម្បីតែ​លោក កែវ រ៉េមី ក៏មាន​ចិត្ត​ធូ​ស្បើយ​ជាង​មុន​ដែរ​។ ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​រូបនេះ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក ដោយ​អម​ជាមួយ​រូបថត​មួយ​សន្លឹក​រវាង​លោក និង​លោក ព្រាប កុល នៅ​កន្លែង​ទទួលទាន​អាហារ​ពេលព្រឹក​នេះ ហើយ​បាន​សរសេរ​បែប​វិជ្ជមាន​ដូច្នេះ​ថា​៖« ខ្ញុំ​ស្គាល់​ប្អូន​ព្រាប កុល​អស់​រយ​:​ពេល ១៨ ឆ្នាំ​មកហើយៗ​គាត់​ជាម​នុស្ស​ល្អ​ទេ គ្រាន់តែ​មានការ​យល់ច្រឡំ​តែប៉ុណ្ណោះ​។ កុំ​ឈ្លោះ​គា្ន​ធ្វើ​ឲ្យ​បរទេស​សប្បាយចិត្ត​»​។​


 
​សារ​ឌឺដង​គ្នា រឿង​ការស្នើសុំ​ទិដ្ឋាការ​ទៅលេង​អាមេរិក​នេះ បាន​ផ្ទុះឡើង​ក្រោយពី​លោក កែវ រ៉េមី បាន​សរសេរ​បង្ហាញ​ពី​ចម្ងល់​ដែ​ស្ថានទូត​អាមេរិក​យឺតយ៉ាវ​ក្នុងការ​ឆ្លើយតប​អំពី​ការផ្តល់ ឬ​មិន​ផ្តល់​ទិដ្ឋាការ​ដល់​រូបលោក​។  ដំបូង​ឡើយ​លោក កែវ រ៉េមី បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ដូច្នេះ​ថា​៖« នឹក​កូន​ពេក​រត់​ទៅសុំ VISA (​ទិដ្ឋាការ​) អាមេរិក​។ ពីមុន​សុំ​បានៗ តែ​ពេលនេះ​ប្លែក គេ​ពន្យា​ពេល​៣​សប្ដាហ៍ ថា​ឲ្យ​ឬ​មិន​ឲ្យ​។ ចូល​ជិត​១០​ថ្ងៃ​ហើយ​មិនទាន់​ទទួលបាន​ដំណឹង​។ នៅសល់តែ​២​ថ្ងៃ​ទៀត ទោះជា​ឲ្យ​ក៏​ទៅ​មិនបាន​ដែរ ពីព្រោះ​រវល់​ខ្លាំង​។ សិទ្ធិមនុស្ស​នៅឯណា​?»​។ ក្រោយមក លោក កែវ រ៉េមី បាន​លុប​សារ​នេះ​ចេញពី​ហ្វេ​ស​ប៊ុ​ក​របស់លោក​។​
 
​សំណេរ​លើ​ហ្វេ​ស​ប៊ុ​កលោក កែវ រ៉េមី បែបនេះហើយ ទើប​ធ្វើ​ឲ្យ​សាធារណៈជន​មួយចំនួន យកទៅ​ចែករំលែក​ត​គ្នា ដោយ​បន្ថែម​សារ​រិះគន់​លើស​ម្តី​របស់លោក កែវ រ៉េមី រហូតដល់​ក្លាយទៅជា​ប្រធានបទ​ក្តៅ​មួយ ក្នុង​ការជជែក​ពិភាក្សាគ្នា នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ ការចែករំលែក​ត​គ្នា​នេះ ក៏មាន​លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​ដែរ ដែល​ចង់បង្ហាញ​ពី​សមត្ថភាព​ខ្លួន អាច​សុំ​ទិដ្ឋាការ​ពី​ទៅ​អាមេរិក​បាន​គ្រប់ពេលវេលា​។​
 
«​ខ្ញុំ​គ្រាន់តែ​ជា​សាមញ្ញ​ជន​ម្នាក់ គ្មាន​មុខងារ​ជា​ឧ​ត្ត​ម​មន្ត្រី​អ្វី​ទេ ហើយ​កាន់​លិខិតឆ្លងដែន​រាស្ត្រ ដែលរ​លប់អក្សរ​នៅ​ក្រប​ខាងលើ​ទៀត​។ ប៉ុន្តែ​ពេល​ខ្ញុំ​សុំ​ទិដ្ឋាការ (VISA) ទៅ​អាមេរិក​ចំនួន​ត្រឹមតែ​៣​ថ្ងៃ អាមេរិក​យល់ព្រម​ឲ្យ​ទិដ្ឋាការ​ខ្ញុំ រហូតដល់​ទៅ​៣​ឆ្នាំ​។ ពេល​ខ្ញុំ​សុំ​ទិដ្ឋាការ​ទៅ​អឺរ៉ុប ត្រឹមតែ​២​សប្ដាហ៍ អឺរ៉ុប​ឲ្យ​ទិដ្ឋាការ​ខ្ញុំ​រហូតដល់​ទៅ​២​ឆ្នាំ​។ ហេតុអ្វី​អាមេរិក ធ្វើ​បែប​ហ្នឹង​ដាក់​ឧ​ត្ត​ម​មន្ត្រី​ខ្មែរ ដែល​កាន់​ប៉ាស្ព័រ​កា​ទូត​អ៊ីចឹង​? ម៉េច​ក៏​អ៊ីចឹង អស់លោក​អា​គាំង (​អាមេរិក​)»​។ នេះ​ជា​សំណេរ​របស់លោក ព្រាប កុល ដែល​ធ្វើ​ឲ្យ​លោក កែវ រ៉េមី បន្ត​ឆ្លើយឆ្លង​លើ​ករណីនេះ​ជា​បន្ត​បន្ទាប់មក​៕

Tag:
 ព្រាប កុល​
  កែវ រ៉េមី​
  ទិដ្ឋាការ​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com