ជាតិ
ហាមបង្ហោះ Drone ក្នុងភូមិសាស្ត្ររាជធានី ជាពិសេសផ្លូវហោះហើររបស់យន្តហោះ
× ភ្នំពេញ៖ ជាថ្មីម្ដងទៀត រដ្ឋបាលរាជធានីភ្នំពេញបានហាមឃាត់ការប្រើប្រាស់ម៉ាស៊ីនថតរូបភាព និងវីឌីអូបំពាក់លើកូនយន្តហោះបញ្ជា (Drone) ក្នុងភូមិសាស្ត្រភ្នំពេញ ជាពិសេសផ្លូវហោះហើររបស់យន្តហោះ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ នៅថ្ងៃទី២៦ខែវិច្ឆិកា។
កាលពីឆ្នាំ២០១៥ សាលារាជធានីបានចេញសេចក្ដីជូនដំណឹងរួចមកហើយ ដោយហាមការប្រើប្រាស់ម៉ាស៊ីនថតរូប និងវីឌីអូបំពាក់ដ្រូន ក្នុងភូមិសាស្ត្រភ្នំពេញ។ អាជ្ញាធរ អះអាងថា បុគ្គលមួយចំនួនតូច មិនបានគោរពតាមសេចក្ដីដំណឹងនោះ ដោយបានធ្វើសកម្មភាពបែបនេះក្នុងរូបភាពជាការកម្សាន្ត ដោយពុំមានការអនុវញ្ញាតត្រឹមត្រូវឡើយ។
អាជ្ញាធរបន្ថែមថា ការបង្ហោះដ្រូនបែបនេះ អាចបង្កផលប៉ះពាល់ផ្នែកសន្តិសុខ និងសុវត្ថិភាព ពិសេសការបង្ហោះនៅក្នុងតំបន់ហាមឃាត់ជុំវិញអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ និងចំផ្លូវហោះហើររបស់យន្តហោះ ដែលអាចធ្វើឲ្យមានគ្រោះថ្នាក់ជាយថាហេតុណាមួយ។
ដើម្បីរក្សាសន្តិភាព សុវត្ថិភាព ក្នុងក្រុងភ្នំពេញ ពិសេសបញ្ចៀសឧបទ្ទវហេតុចំពោះការហោះហើររបស់យន្តហោះ សាលាក្រុងស្នើឲ្យប្រជាពលរដ្ឋ និងសមត្ថកិច្ចពាក់ព័ន្ធ ចូលរួមអនុត្តតាមសេចក្ដីជូនដំណឹងនេះ។ ក្នុងករណីត្រូវបង្ហោះដ្រូនជាចាំបាច់ គេត្រូវសុំការអនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ៕
© រក្សាសិទ្ធិដោយ thmeythmey.com