ជាតិ
«​បរាជ័យ​ច្រើនដង តែ​មិន​បោះបង់​»! លោក សែត ពិទូរ្យ ផលិត​នាឡិកាដៃ​ម៉ាក «​ពូ​» លក់​នៅ​ទីផ្សារ​អាមេរិក អារ៉ាប់ និង​កូរ៉េ​…
28, Nov 2018 , 8:19 pm        
រូបភាព
​ភ្នំពេញ​៖ លោក សែត ពិទូរ្យ ស្ថាបនិក​ក្រុមហ៊ុន​នាឡិកា​ម៉ាក​ជា​ភាសា​ខ្មែរ «​ពូ​-PU» បាន​លើកឡើងថា ការដាក់​ឈ្មោះ​ជា​ភាសារ​ខ្មែរ​នេះ គឺ​ចង់​លើក​តម្លៃ​ជាតិ​ឲ្យ​ពិភពលោក​ស្គាល់ និង​ចង់​បង្ហាញថា​ខ្មែរ​អាចធ្វើ​បាន​មិន​ចាញ់​បរទេស​។ ក្នុងនាម​ជា​អ្នក​ចូលចិត្ត​ប្រើ និង​ស្គាល់​ច្បាស់​ពី​នាឡិកាដៃ សហគ្រិន​វ័យក្មេង​រូបនេះ ក៏​សម្រេចចិត្ត​បើក​អាជីវកម្ម​ផលិត​នាឡិកា «​ពូ​» ដោយ​ប្រើ​ប្លា​ទិន ឈើ​កិន​ខ្មែរ និង​ប្រអប់​រចនា​ដោយ​ក្បូរក្បាច់​របៀប​ខ្មែរ​នេះ​ឡើង​។

 
​លោក​សែត ពិទូរ្យ បាន​លើកឡើងថា ទម្រាំ​បង្កើត​អាជីវកម្ម​ផលិត​នាឡិកា​នេះ​បាន លោក​ធ្លាប់​បរាជ័យ​ក្នុងការ​គ្រប់គ្រង​អាជីវកម្ម​របស់ខ្លួន​ជាច្រើនលើក​មកហើយ​។ ដោយ​មិន​ព្រម​បោះបង់ចោល​ពី​ការបើក​អាជីវកម្ម លោក​ក៏​សម្រេចចិត្ត​បើក​ក្រុមហ៊ុន​ផលិត​នាឡិកា​ដោយ​ដៃ​ម៉ាក​«​ពូ​-PU» នេះ​ម្ដងទៀត​។ មុននឹង​ចាប់ផ្ដើម​អាជីវ​កម្មនេះ លោក ពិទូរ្យ ត្រូវការ​ស្វែងរក​ការគាំទ្រ​គំនិត​របស់ខ្លួន ពី​មិត្តភក្តិ អ្នក​ស្គាល់ និង​អ្នកជំនាញ​។ 


 
​អ្នក​ច្នៃ​ម៉ូត​នាឡិកា​វ័យក្មេង​រូបនេះ​និយាយថា​៖« យើង​គ្រាន់តែ​ទិញ​គ្រឿង​ម៉ាស៊ីន​មកពី​បរទេស បន្ទាប់មក​យើង​ផ្គុំ និង​ដំឡើង ធ្វើ​ប្រអប់ បិត​ស្បែក បិត​ស្លាក​សញ្ញា គឺ​ដោយ​ដៃ​កូន​ខ្មែរ​ទាំងអស់​»​។ 
 
​សូម​ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក ភួង វ៉ាន់​ថា អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក សែត ពិទូរ្យ ស្ថាបនិក​ក្រុមហ៊ុន​នាឡិកា​ម៉ាក «​ពូ​-PU» ដូចតទៅ​៖



 
​ក្រុមការងារ​ផលិត​នាឡិកា​នេះ​ចំនួន ២ ផ្នែក​គឺ​ខាង​ច្នៃ​ប្រអប់ និង​ផ្នែក​ជាង​ប្លា​ទីន ដែលមាន​ចំនួន​សរុប​ជិត​២០ នាក់​។  «​ពូ​-PU» មាន ៣ ម៉ូ​ដែល​គឺ PU Classic Model , PU International Model, PU Traditional Model សម្រាប់​លក់​លើ​ទីផ្សារ​។ ក្នុង​រយៈពេល​ដំណើរការបាន​ជិត​២​ខែ​នេះ នាឡិកា​ដែល​ផលិត​ដោយ​កូន​ខ្មែរ​នេះ មានការ​គ្រាំទ្រ​ពី​សំណាក​អ្នកប្រើប្រាស់​ក្នុងប្រទេស និង​ក្រៅប្រទេស​ច្រើន​។ 


 
​លោក​ឲ្យ​ដឹងថា​៖ «​យើង​ទើប​ចាប់ផ្តើម​ដំណើរការ​កាលពី​ថ្ងៃទី ១ ខែ តុលា ឆ្នាំ ២០១៨ ដោយ​មិនទាន់​សម្ពោធ​ជា​ផ្លូវកា ក្នុងស្រុក​យើង​ទទួលបាន​ការ​ជាវ​ពី​បងប្អូន​ខ្មែរ​ប្រមាណ​ជិត ៥០ គ្រឿង មកហើយ​ដែរ ខណៈ​នៅក្រៅ​ប្រទេស​វិញ យើង​មានការ​នាំយក​ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង ប្រទេស​អារ៉ាប់ សហរដ្ឋអាមេរិក និង​ប្រទេស​អូស្ត្រាលី​ផងដែរ​»៕

Tag:
 Startup
  លោក សែត ពិទូរ្យ​
  នាឡិកា​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com