ជាតិ
ពីនេះ ពីនោះ
ពាក្យ ដែលមាន «​ទុ​» នៅ​ខាងដើម​ពាក្យ ច្រើនតែ​បង្កប់​អត្ថន័យ «​អាក្រក់​»
04, Mar 2023 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
«​ទុ​» គឺជា​និបាតសព្ទ ដែល​ត្រូវបាន​ប្រើប្រាស់​នៅ​ខាងដើម​នៃ​ពាក្យ​ណាមួយ​។ ជាទូទៅ ពាក្យ​ណា ដែល​ផ្សំ​ដោយ «​ទុ​» នៅ​ខាងដើម ពាក្យ​នោះ តែងមាន​អត្ថន័យ​អាក្រក់ ឬ​សេចក្តី​បែប​អវិជ្ជមាន​។


 
«​ទុ​» អាច​ប្រែ​បាន​ច្រើនយ៉ាង ដូចជា អាក្រក់​, ក្រ​, កម្រ​, លំបាក​, អវិជ្ជមាន​, ខូច ។​ល​។ 
 
​ពាក្យ​ដែលមាន «​ទុ​» នៅ​ខាងដើម មានដូចជា ទុគ្គតិ (​ដំណើរ​ទៅ​អាក្រក់​), ទុគតិ​ភាព (​កន្លែង​កើត​នៃ​សត្វ​ដែលមាន​គតិ​អាក្រក់​), ទុច្ចរិត (​ដំណើរ​ប្រព្រឹត្ត​អាក្រក់​ដោយ​កាយ វាចា ចិត្ត​), ទុច្ឆន្ទៈ (​ឆន្ទៈ​អាក្រក់​), ទុជ៌ន (​ជន​អាក្រក់​), ទុទិដ្ឋិនិយម (​ការយល់ឃើញ​បែប​អវិជ្ជមាន​ចំពោះ​អ្វីមួយ ឬ​ការយល់ឃើញថា​អ្វីៗ​ក្នុង​លោក សុទ្ធតែ​មិនល្អ​), ទុព្ភាសិត (​សម្តី​អាក្រក់​, ពាក្យ​គំរោះគំរើយ​), ទុព្វចបុគ្គល (​បុគ្គល​ដែល​គេ​ទូន្មាន​បាន​ដោយ​លំបាក​), ទុព្វិជ្ជា (​វិជ្ជា​អាក្រក់​), ទុយ៌ស (​ដំណើរ​ខូច​យស​) ។​ល​។ 
 
​ការបកប្រែ និបាតសព្ទ «​ទុ​» ខាងលើ ត្រូវ​ឲ្យ​សមស្រប​ទៅតាម​លក្ខណៈ​នៃ​វត្ថុ ឬ សភាវៈ​អ្វីមួយ​។ ជារួម «​ទុ​» អាច​ប្រើ​បែបណា​ក៏បាន ឲ្យ​សិ្ថ​ត​ក្នុង​អត្ថន័យ​បែប​អវិជ្ជមាន​។ 
​គប្បី​ចងចាំ​ថា និបាតសព្ទ «​ទុ​» មានន័យ​ផ្ទុយទៅនឹង និបាតសព្ទ «​សុ​»​។ ពាក្យ​ដែលមាន «​សុ​» នៅ​ខាងដើម ច្រើន​តែមាន​អត្ថន័យ​ល្អ ឬ សេចក្តី​បែប​វិជ្ជមាន​។ 
​ខ្លឹមសារ​នៃ​ការបកស្រាយ​ខាងលើ គឺ​ដកស្រង់​ពី​វចនានុក្រម សម្តេច ជួន ណាត​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com