ជាតិ
សេដ្ឋកិច្ច
ប្រតិបត្តិ​ករ​ទេសចរណ៍ ៖ ខែ High Season ឆ្នាំនេះ ធ្លាក់ចុះ​ភ្ញៀវទេសចរ​អឺរ៉ុប តែ​កើនភ្ញៀវចិន​
01, Dec 2018 , 9:30 pm        
រូបភាព
​សៀមរាប​៖ ជាធម្មតា ចាប់ពី​ខែតុលា​តទៅ ជា​ខែ​សម្បូរ​ភ្ញៀវ​នៅ​ខេត្តសៀមរាប ដែល​គេ​និយម​ហៅថា High Season​។ 
ខុសពីរាល់ឆ្នាំ ដែលសម្បូរទេសចរសម្រុកមកលេងខេត្តសៀមរាបនារដូវកាលនេះ ដោយឆ្នាំនេះមានការថមថយខ្លាំង ព្រោះថា ទាំងការស្នាក់នៅ និងការកក់បន្ទប់ មានការធ្លាក់ចុះខុសប្លែកជាងពេលមុនៗ
​។​

 
​ការធ្លាក់ចុះ​នូវ​ចំនួន​ភ្ញៀវទេសច​អឺរ៉ុប​មក​ខេត្តសៀមរាប វា​ជា​ការពិត​។ ទាំង​ការលើកឡើង​របស់​ប្រតិបត្តិ​ករ​ទេសចរណ៍  និង​តួលេខ​របស់​មន្ទីរ​ទេស​ចរណ៍ គឺ​ប្រហាក់ប្រហែលគ្នា តែ​ពួកគេ​ទទួលស្គាល់ថា កើនឡើង​នូវ​ចំនួន​ទេសចរ​ជនជាតិ​ចិន​។ យ៉ាងណាក្ដី ការថយចុះ​នូវ​ទីផ្សារ​អឺរ៉ុប និង​ការកើនឡើង​នៃ​ទីផ្សារ​អាស៊ី (​ចិន​) ចំណូល​មិនមាន​ភាព​សមតុល្យ​ឡើយ​។ តើ​មកពី​មូលហេតុ​អ្វី​?
 
 
​ក្នុងជំនួប​ជួបជុំ​ប្រតិបត្តិ​ករ​ទេសចរណ៍​ខេត្តសៀមរាប​លើក​ទី​៣៧ (STC 37th) នៅ​សូលី​ទែ​រ ដំណាក់ នៅ​ល្ងាច​ថ្ងៃទី​២៩ វិច្ឆិកា ប្រធាន STC លោក កៅ ហ្វី​លី​ព បាន​លើកឡើងថា កន្លងមក​ឱ្យតែ​ចូល​ខែ វិច្ឆិកា ម្ចាស់​អាជីវកម្ម​ផ្នែក​ទេសចរណ៍​ទាំងអស់ គឺមាន​ស្នាមញញឹម តែ​ឆ្នាំនេះ​ខុសពី​មុន​។ លោក ហ្វី​លី​ព បន្ថែមថា នៅពេលនេះ​ម្ចាស់​អាជីវកម្ម​កំពុង​ជួប​ការលំបាក ព្រោះ​វា​ខុសពី​ការរំពឹងទុក​។  «​អ្វីដែល​យើង​រំពឹងទុក គឺថា ប្រាក់ចំណេញ​ដែល​យើង​បានមក​តាម​ធម្មតា​ខែ​នេះ យើង​ទុក​ខ្លះ​ដើម្បី​បង់ខាត​នៅ​ខែ Green Season វា​ខុសពី​ការរំពឹង​របស់​យើង ចឹ​ង​យើង​កំពុង​ព្រួយបារម្ភ​»​។ លោក ហ្វី​លី​ព​បន្លែ​ម​។​
 
​ម្ចាស់​សណ្ឋាគារ មេ​ម៉​រ លោក ហ្វី​លី​ព ក៏បាន​រកឃើញ​ពី​ការធ្លាក់ចុះ​ភ្ញៀវទេសចរ​អឺរ៉ុប ដូចជា​អាល្លឺម៉ង់ បារាំង អង់គ្លេស ជាដើម​នោះ ថា​មាន​ចំនួន​គួរឱ្យ​បារម្ភ និង​គួរ​រក​ដំណោះស្រាយ​ឡើងវិញ​ជាបន្ទាន់​ផងដែរ​។ ទន្ទឹមនឹង​ការធ្លាក់ចុះ​ភ្ញៀវ​អឺរ៉ុប ក្រុម​ប្រតិបត្តិ​ករ​ទេសចរណ៍​ក៏​ទទួលស្គាល់ថា ទេសចរ​ជនជាតិ​ចិន មានការ​កើនឡើង​ផងដែរ​។ យ៉ាងណា លោក ហ្វី​លី​ព ក៏បាន​ចោទ​ជា​សំណួរ​នេះ​ទៅ​ប្រតិបត្តិ​ករ​ទេសចរណ៍​ផ្សេងទៀត ថា​តើ​ចំណូល​ទេសចរ​អាស៊ី អាចមាន​ភាព​សមតុល្យ​គ្នា​ទៅនឹង​ទេសចរ​អឺរ៉ុប​បានដែរ​ឬ​យ៉ាងណា​។​
 
 
​លោក លួ​ន ធា អ្នកគ្រប់គ្រង​ទូទៅ​នៃ​សណ្ឋាគារ Golden Temple ក៏​ទទួលស្គាល់​ពី​ការធ្លាក់ចុះ​នៃ​ចំនួន​ទេសចរ​នៅ​ខេត្តសៀមរាប​ដែរ​។ សម្រាប់​លោក ធា គ្មានអ្វី​ជា​អាថ៌កំបាំង​ក្នុងការ​និយាយ​រឿងនេះ​ឡើយ  ផ្ទុយទៅវិញ រាជរដ្ឋាភិបាល និង​អ្នករកស៊ី​ផ្នែក​វិស័យ​ទេសចរណ៍ គួរ​រក​ពី​មូលហេតុ និង​ដោះស្រាយ​វា​តាម​ដែល​អាច​ធ្វើទៅបាន​ជាបន្ទាន់​។ 
 
​មាន​មូលហេតុ​មួយចំនួន ដែល​ក្រុម​ប្រតិបត្តិ​ករ​បាន​ជជែក​គ្នា​ក្នុងជំនួប​នៅ​ល្ងាច​ថ្ងៃទី ២៩ វិច្ឆិកា​។ ហេតុផល​ដែល​លោក ធា មើលឃើញ​ក្នុងនោះ​រួមមាន បញ្ហា​សេដ្ឋកិច្ចពិភពលោក ដែល​ចង់​មិន​ចង់វា​បាន​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប​រួចទៅហើយ​។ ក្រៅពីនេះ លោក ធា ក៏​កត់សម្គាល់ឃើញ​លើ​ការផ្សព្វផ្សាយ​ពី​ផលិតផល​ទេសចរណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល​នៅមានកម្រិត​នៅឡើយ គឺ​មិនទាន់​ទូលំទូលាយ​ដូច​បណ្ដា​ប្រទេស​ដទៃ​ដែល​នៅ​ជុំវិញ​យើង​៕
 
 

 

© រក្សាសិទ្ធិដោយ thmeythmey.com