កីឡាជាតិ
ជាតិ
អត្តពលិកជាង១ម៉ឺននាក់មកពី៧៨ប្រទេស ចូលរួមរត់ដើម្បីមនុស្សធម៌នៅអង្គរវត្ត
× អត្តពលិកជាតិ និងអន្តរជាតិជាង១ម៉ឺននាក់បានចូលរួមរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិ ដើម្បីមនុស្សធម៌ នៅបរិវេណរមណីយដ្ឋានអង្គរក្នុងខេត្តសៀមរាបនៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨នេះ។ លោក វ៉ាត់ ចំរើន ចាត់ទុកឆ្នាំនេះ ជាឆ្នាំជោគជ័យក្នុងការបំបែកកំណត់ត្រាឆ្នាំចាស់ជាមួយកំណើត២០ភាគរយ។ អត្តពលិកមកពីចក្រភពអង់គ្លេស ស្ថិតនៅលំដាប់ទី១ក្នុងតារាងមានអ្នកចូលរួមច្រើនជាងគេ ដែលតាមពីក្រោយជាបន្តបន្ទាប់ដោយអាមេរិក និងបារាំង។
ព្រលឹមស្រាងៗកីឡាករជាតិនិងអន្តរជាតិអមដោយស្លាកលេខសំគាល់យ៉ាងច្រើនកុះករបានមកជួបជុំគ្នានៅមុខបរិវេណអង្គរតូច ដើម្បីត្រៀមខ្លួនប្រកួតប្រជែងក្នុងព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិអង្គរ លើវិញ្ញាសារៀងៗខ្លួន។ អត្តពលិកខ្លះធ្វើដំណើរដោយរថយន្ត ម៉ូតូ និងរ៉ឺម៉កកង់បី តែភាគច្រើនតាមរយៈថ្មើរជើង ដើម្បីជាការកម្តៅសាច់ដុំមុនការប្រកួត។
ស្នូរកាំភ្លើងបញ្ជាចេញដំណើរបានបន្លឺឡើងជាបន្តបន្ទាប់ ក្នុងនោះរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បញ្ជាចេញដំណើរលើចម្ងាយ២១គីឡូម៉ែត្រ ខណៈលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាបបញ្ជាលើ១០គីឡូម៉ែត្រ និងលោក ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរាលើចម្ងាយ៣គីឡូម៉ែត្រ។
សម្រាប់ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិឆ្នាំនេះ បានទាក់ទាញអត្តពលិកជាតិនិងអន្តរជាតិជាង១០,៥០០នាក់ចូលរួម មានការកើនឡើងប្រមាណ១៥ភាគបើធៀបនឹងឆ្នាំមុនមានចំនួនប្រមាណជាង១ម៉ឺននាក់តិចតួច។ ចំណែកអត្តពលិកបរទេសមានប្រមាណជាង៥ពាន់នាក់ ដែលកើនឡើងប្រមាណ២០ភាគរយ។ អត្តពលិកទាំងនេះមកពី៧៨ប្រទេស ខណៈអត្តពលិកអង់គ្លេសចូលរួមច្រើនជាងគេ ដែលឈរពីក្រោយជាបន្តបន្ទាប់ដោយអាមេរិក បារាំង អូស្ត្រាលី ជប៉ុន និងចិនជាដើម។
កំណើត២០ភាគរយនេះ ត្រូវបានលោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាចាត់ទុកជាឆ្នាំជោគជ័យ សម្រាប់ព្រឹត្តិការណ៍ដែលបានដំណើរការអស់រយៈពេល២៣ឆ្នាំមួយនេះ។ «ជាយុទ្ធសាស្ត្រក្នុងការរៀបចំព្រឹត្តិការណ៍នេះ ទាំងក្រសួងទេសចរណ៍ ក៏ដូចជា NOCC ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តមបណ្ឌិត ថោង ខុន ធ្វើឲ្យការប្រកួតនេះទទួលបានជោគជ័យជាបន្តបន្ទាប់។ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះយើងទទួលបានកំណើតពី១៥ភាគរយទៅ២០ភាគរយ ហើយកើនឡើងពី៣០០នាក់ពេលរៀបចំលើកដំបូងនៅឆ្នាំ១៩៩៦ រហូតដល់រាប់ម៉ឺននាក់»។ ការលើកឡើងរបស់លោក វ៉ាត់ ចំរើន។
ដើម្បីរក្សាសុវត្ថិភាព ជួយសម្រួលដល់ការរត់របស់អត្តពលិក និងបង្កើនគុណភាពនៃការរៀបចំគណៈកម្មការរៀបចំបានបិទផ្លូវទាំងស្រុងមិនឲ្យធ្វើដំណើរមួយចំនួននៅបរិវេណរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរផងដែរ។ ហើយផ្លូវទាំងនេះ ត្រូវបានបើកឲ្យដំណើរការវិញបន្ទាប់ពីចប់នៃការរត់ចម្ងាយ២១គីឡូម៉ែត្រ។
ពាក់ព័ន្ធនឹងគោលបំណងនៃព្រឹត្តិការណ៍នេះ គឺធ្វើឡើងដើម្បីស្វែងរកមូលនិធិជួយដល់ជនពិការដោយសារគ្រាប់មីន មន្ទីរពេទ្យគន្ធបុប្ផា និងអង្គការសប្បុរសធម៌នានានៅកម្ពុជា។ លើសពីនេះ ដើម្បីការពារបរិស្ថាននៅបរិវេណរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យមកទស្សនាតំបន់ទេសចរណ៍នានានៅខេត្តសៀមរាប។ ព្រឹត្តិការណ៍នេះ ក៏បានរួមចំណែកជួយរកចំណូលជូនរដ្ឋ និងប្រជាពលរដ្ឋក្នុងខេត្តសៀមរាបផងដែរ៕
Tag:
ពាក់កណ្តាលម៉ារ៉ាតុនអង្គរ
វ៉ាត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com