ជាតិ
សង្គមជាតិ
ក្រោយ​បាត់​មុខ​១០​ឆ្នាំ អ្នកនិពន្ធ ម៉ៅ សំណាង បង្ហាញមុខ​ជាថ្មី​ជាមួយ​ប្រលោមលោក​«​ប្រលោម​ចិត្ត​»
02, Dec 2018 , 12:32 pm        
រូបភាព
​ភ្នំពេញ​៖ ក្រោយពី​បាត់​មុខ​អស់​រយៈពេល​១០​ឆ្នាំ អ្នកនិពន្ធ ម៉ៅ សំណាង បានបង្ហាញ​មុខជា​ថ្មី​ជាមួយ​សៀវភៅ​ប្រលោមលោក​ដែលមាន​ចំណងជើង​ថា​” ប្រលោម​ចិត្ត​”​។ “​ប្រលោម​ចិត្ត​” បាន​រំលេច​ឱ្យឃើញ​ពី​ការផ្ដល់​កម្លាំងចិត្ត​ដល់​មនុស្ស ពេល​ជួប​ឧបសគ្គ ឬ បាក់​ទឹកចិត្ត ដោយ​លាយឡំ​នឹង​ស្នេហា​។




​ព្រោះតែ​ការលួចចម្លង​ស្នាដៃ និង​ការ​មិនឱ្យ​តម្លៃ​ពី​បណ្ណាគារ​ទៅលើ​ស្នាដៃ​របស់ខ្លួន​អ្នកស្រី ម៉ៅ សំណាង ត្រូវ​បង្ខំចិត្ត​លះបង់​ការសរសេរ​ប្រលោមលោក​រហូត​ទៅដល់​១០​ឆ្នាំ​។ ក្នុង​រយៈពេល​១០​ឆ្នាំ​នេះដែរ អ្នកនិពន្ធ​ដែល​តែងតែ​ទទួលបាន​ជោគជ័យ​លើ​ស្នាដៃ​ប្រលោមលោក​គ្រប់​ចំណងជើង​នោះ បាន​ជួប​បញ្ហា​បាក់​ទឹកចិត្ត​ដូច​មនុស្ស​ទូទៅ​ដែរ​។ 
 
​សង្គម​ដែល​តែងតែមាន​ការលួចចម្លង​គ្នា​ទៅវិញទៅមក ធ្វើឱ្យ​ស្ត្រី​រាង​ស្គម​សម្បុរ​សរូប​នេះ​ស្ទើរ​អស់​ទឹកចិត្ត​និពន្ធ​ប្រលោមលោក តែ​ទោះជា​យ៉ាងណាក៏ដោយ អ្នកស្រី ម៉ៅ សំណាង នៅ​បន្ត​និពន្ធ​អត្ថបទ​ភាពយន្ត និង​រង់ចាំ​ឱកាសល្អ​បន្ត​ស្នាដៃ​ប្រលោមលោក​របស់ខ្លួន​ជាថ្មី​។​
 
​ក្រោយពី​មានការ​គាំទ្រ​ពី​ក្រុម​អ្នកនិពន្ធ​វ័យក្មេង ក្នុង​ការជួយជ្រោមជ្រែង​បោះ​ពុ​ម្ព​សៀវភៅ អ្នកនិពន្ធ​ជោគជ័យ​ក្នុង​វិថី​ទឹកខ្មៅ​រូបនេះ ចាប់ផ្ដើម​បោះ​ពុ​ម្ភ​សៀវភៅ​ដោយ​ខ្លួនឯង ដោយ​ចាប់ផ្ដើម​ពី​សៀវភៅ​”​ប្រលោម​ចិត្ត​”​។ 
  
 
​ក្នុង​កម្មវិធី​សម្ពោធ​សៀវភៅ​”​ប្រលោម​ចិត្ត​” អ្នកនិពន្ធ ម៉ៅ សំណាង  ដែលមាន​ស្នាដៃ​ប្រលោមលោក​ជាង​១០០​ចំណងជើង សុទ្ធតែ​ទទួលបាន​ការគាំទ្រ​នោះ បាន​ចែករំលែក​ពី​គ​ន្លឺះ​ដើម្បីឱ្យ​ស្នាដៃ​របស់ខ្លួន​ទទួលបាន​ការគាំទ្រ​ពី​អ្នកមើល គឺ​ត្រូវតែ​ប្រើប្រាស់​ពាក្យពេចន៍​ដែលមាន​ប្រយោជន៍​ទៅដល់​អ្នកមើល​។​
 
​អ្នកនិពន្ធ​រូបនេះ បានឱ្យ​តម្លៃ​ប្រលោមលោក​ថា ជា​ឃ្លាំងចំណេះ មាន​ទាំង​ការអប់រំ ការកម្សាន្ត និង​ការអភិវឌ្ឍ​។ «​ប្រលោមលោក​អាចជួយ​មនុស្ស​ច្រើន តាម​អ្វីដែល​យើង​ចង់​ជួយ​។ វា​មាន​ទាំង​ចំណេះ ការអប់រំ និង​ការអភិវឌ្ឍ​ផ្សេងៗ​»​។​នេះ​ជាការ​បញ្ជាក់​របស់​អ្នកស្រី ម៉ៅ សំណាង​។​
 
​អ្នកនិពន្ធ​ដែល​បាន​លះបង់​ពេលវេលា​ស្ទើរ​ពេញ​មួយជីវិត តែ​ទៅលើ​ទឹកខ្មៅ​រូបនេះ បាន​ណែនាំ​ដល់​យុវវ័យ​ថា សូម​ព្យាយាម​ពុះពារ​ដើរទៅ​រកក្ដី​សុបិន​របស់ខ្លួន ទោះបីជា​ជួប​ឧបសគ្គ យ៉ាងណាក៏ដោយ សូមកុំ​បោះបង់ចោល​ជាដាច់ខាត​។ អ្នកនិពន្ធ ម៉ៅ សំណាង បញ្ជាក់​៖ «​គ្មាន​អ្នកណា​ដែល​មិន​ធ្លាប់​ដួល​ទេ តែ​ត្រូវតែ​ក្រោក​ដើរ​ជាថ្មី គង់​មាន​ថ្ងៃមួយ​យើង​នឹង​បាន​ជោគជ័យ​»​។​
​ចាប់ពីពេលនេះ​ទៅ​អ្នកស្រី ម៉ៅ សំណាង នឹង​ប្រឡូក​ក្នុង​វិស័យ​តែង​និពន្ធ ទាំង​ភាពយន្ត និង​ប្រលោមលោក តែ​ចំណាយពេល​កាន់តែច្រើន ទៅលើ​ការនិពន្ធ​ប្រលោមលោក​។ 

ប្រលោមលោក​ដែល​ចេញ​បន្ទាប់ពី​រឿង “​ប្រលោម​ចិត្ត​” គឺ​រឿង​” សែង​សុរិយា​” ដែលជា​ប្រភេទ​ប្រលោមលោក​ជួយផ្ដល់​កម្លាំងចិត្ត​។ និង​រឿង “​ទន្សាយ​ជាន​រណា​” និយាយ​ពី​ប្រវត្តិ​ពិត​របស់​អ្នកនិពន្ធ ការជួប​ឧបសគ្គ បទពិសោធន៍​ផ្ទាល់ខ្លួន និង​បង្ហាញ​ពី​វិធី​តែង​និពន្ធ​ផងដែរ​៕
 

 

Tag:
 ម៉ៅ សំណាង​
  ប្រលោមលោក​
  អប់រំ​
  សៀវភៅ​
© រក្សាសិទ្ធិដោយ thmeythmey.com