ជាតិ
សេដ្ឋកិច្ច
កម្ពុជា និង​ថៃ សម្រេចបាន​ទំហំ​ពាណិជ្ជកម្ម ៧​ប៊ី​លាន​ដុល្លារ នៅ​ឆ្នាំ ២០១៨
02, Dec 2018 , 3:03 pm        
រូបភាព
រូបភាព​ពី​ក្រសួង​ពាណិជ្ជ​កម្ម​​១​
រូបភាព​ពី​ក្រសួង​ពាណិជ្ជ​កម្ម​​១​
ដោយ:
 ភ្នំពេញ​៖ គិត​ត្រឹម​ខែតុលា ឆ្នាំ​២០១៨ នេះ កម្ពុជា និង​ថៃ បាន​រួមគ្នា​សម្រេចបាន​ទំហំ​ពាណិជ្ជកម្ម​ចំនួន ៧​ប៊ី​លាន​ដុល្លារ​។ បើតាម​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ទឹកប្រាក់ ៧​ប៊ី​លាន​ដុល្លារ​ពី​ការសម្រេចបាន​ទំហំ​ពាណិជ្ជ​កម្មនេះ គឺជា​សញ្ញាណ​វិជ្ជមាន​សម្រាប់​កិច្ចសហការ​រវាង​ប្រទេស​ទាំងពីរ​។ 


​លោក ប៉ាន់ សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ជឿជាក់ថា កម្ពុជា​នឹង​បន្ត​កើនឡើង​នូវ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ដើម្បី​ឈានទៅ​សម្រេច​តាម​ផែនការ​ដែល​បានកំណត់ ទៅលើ​កិច្ចសហប្រតិបត្តិការ​ល្អ​លើ​គ្រប់​វិស័យ​។​
 
​លោក​រដ្ឋមន្ត្រី​រូបនេះ ក៏បាន​អះអាងថា​៖«​កម្ពុជា​នឹង​បន្តធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ថៃ ជាពិសេស​ក្នុងពេលដែល​ប្រទេស​នេះ ធ្វើជា​ប្រធាន​អាស៊ាន នៅក្នុង​ឆ្នាំ​២០១៩ ខាងមុខ សំដៅ​ធ្វើឱ្យ​ការចរចា​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​កម្រិត​តំបន់ (RCEP) អាច​បញ្ចប់​ដោយ​ជោគជ័យ​នៅក្នុង​ឆ្នាំក្រោយ ដើម្បី​ធានា​ការធ្វើ​ពិពិធ​កម្មវិស័យ​នាំចេញ​របស់​កម្ពុជា​»​។​
 
​លោក ផាន់​យ៉ា​រ៉ា​ក់ ប៉ុល​ធូប ឯកអគ្គរាជទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា បាន​និយាយថា លោក​នឹង សន្យា​បន្ត​ពង្រីក​ការតភ្ជាប់​ព្រំដែន​រវាង​កម្ពុជា និង​ថៃ ហើយ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អប់រំ តាមរយៈ​ការផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា ក៏ដូចជា​ការបង្កើត និង​អភិវឌ្ឍន៍​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់​ឈើទាល និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ ដោយ​ប្រើប្រាស់​មូលនិធិ​របស់​ម្ចាស់​ក្ស​ត្រី មហា​ចក្រី ស៊ូ​រិ​ន​ដន (Maha Chakri Sirindhorn)​ផងដែរ​។​
 
​កន្លងមក​ប្រមុខ​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ បានកំណត់​គម្រោង​បង្កើន​ទំហំ​ពាណិជ្ជកម្ម ឲ្យ​បាន​ដល់ ១៥​ប៊ី​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០២០៕
 
 

Tag:
 កម្ពុជា​
  ថៃ​
 ​ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com