កីឡាជាតិ
ជាតិ
ជឺជិតស៊ូ វ៉ូវីណាម ប៉េតង់ ស្ថិតក្នុងចំណោមប្រភេទកីឡានៅស៊ីហ្គេមឆ្នាំ២០១៩
× ភ្នំពេញ៖ ម្ចាស់ផ្ទះហ្វីលីពីនបានសម្រេចដាក់កីឡាចំនួន៥៦ប្រភេទ ឲ្យចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ ដែលរៀបចំនៅទីក្រុងម៉ានីលប្រទេសហ្វីលីពីននៅចុងឆ្នាំ២០១៩។ ក្រោយការតស៊ូមតិក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំ SEA Gamesចុងក្រោយកាលពីថ្ងៃទី២៤ វិច្ឆិកា ម្ចាស់ផ្ទះហ្វីលីពីនបានឯកភាពដាក់កីឡាសក្តានុពល៦ប្រភេទ តាមការស្នើសុំរបស់កម្ពុជា។
កីឡា Juit Jitsu របស់កីឡាការិនី ខាន់ ចេសា ដែលទើបឈ្នះមេដាយមាសពីការប្រកួតកីឡាអាស៊ីនៅឥណ្ឌូណេស៊ីកាលពីពេលថ្មីៗ ត្រូវបានម្ចាស់ផ្ទះហ្វីលីពីន ឯកភាពដាក់ក្នុងការប្រកួតប្រជែងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០១៩ តាមការស្នើសុំរបស់កម្ពុជា។ ក្រៅពីនេះ មានកីឡាសក្តានុពលមួយចំនួនទៀតរួមមាន តេក្វាន់ដូ, ប៉េតង់, វ៉ូវីណាម ប៊ីយ៉ាស្នូកឃ័រ និងសូហ្វតិន្នីស។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបានចូលរួមកិច្ចប្រជុំស្តីពីប្រភេទកីឡាស៊ីហ្គេម នៅប្រទេសហ្វីលីពីន កាលពីពេលថ្មីនេះ បានបញ្ជាក់ដូច្នេះថា៖ «ក្រោយតស៊ូមតិ ប្រភេទកីឡាដែលយើងបានស្នើសុំជាង៩០ភាគរយត្រូវបានដាក់បញ្ជូលក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣០នៅឆ្នាំ២០១៩។ ប្រភេទកីឡាយើងបានដាក់ហើយ តែអ្វីដែលសំខាន់ គឺត្រូវតស៊ូមតិលើចំនួនវិញ្ញាសា ព្រោះអាចមានវិញ្ញាសាមួយចំនួនត្រូវបានដាក់ចូល និងមិនដាក់ចូល។ ប៉ុន្តែចំពោះរឿងវិញ្ញាសា គេផ្តល់អាទិភាពដល់ម្ចាស់ផ្ទះជាអ្នកកំណត់»។
តាមរយៈវត្តមានរបស់កីឡាសក្តានុពលខាងលើ លោក វ៉ាត់ ចំរើន រំពឹងថា កម្ពុជានឹងទទួលបានមេដាយមាសពីរខ្ទង់ សម្រាប់ការចូលរួមលើកនេះ។ ការរំពឹងបែបនេះ បន្ទាប់ពីលោកជឿជាក់ថា កីឡាសក្តានុពលដែលកម្ពុជាបានស្នើទាំងនោះ នឹងដណ្តើមបានមេដាយមាសពីព្រឹត្តិការណ៍នេះ។
កម្ពុជានឹងប្រើស៊ីហ្គេមឆ្នាំ២០១៩ នៅហ្វីលីពីន និងស៊ីហ្គេមឆ្នាំ២០២១ នៅវៀតណាម ធ្វើជាយុទ្ធសាស្ត្រវាស់ស្ទង់សមត្ថភាពរបស់កីឡាករ-កីឡាការិនី ដើម្បីវាយតម្លៃពីសក្តានុពលនៃប្រភេទកីឡានីមួយៗ មុនដាក់ចេញយុទ្ធសាស្ត្រចុងក្រោយឆ្ពោះទៅកាន់ស៊ីហ្គេមឆ្នាំ២០២៣។ កីឡាមួយចំនួនអាចប្រឈមនឹងការកាត់ចេញពីស៊ីហ្គេមឆ្នាំ២០២៣ ប្រសិនបើកីឡាទាំងនោះ នៅតែមិនអាចដណ្តើមមេដាយបានពីការប្រកួតកីឡាស៊ីហ្គេមនៅហ្វីលីពីន និងវៀតណាម។ នេះជាការបញ្ជាក់របស់លោក វ៉ាត់ ចំរើន។
ក្រោយកិច្ចប្រជុំចុងក្រោយរបស់ក្រុមប្រឹក្សារៀបចំព្រឹត្តិការណ៍ស៊ីហ្គេមរយៈពេល២ថ្ងៃពីថ្ងៃទី២៣-២៤ ខែវិច្ឆិកា ម្ចាស់ផ្ទះហ្វីលីពីនបានសម្រេចដាក់កីឡាចំនួន៥៦ប្រភេទកីឡា ឲ្យចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ចន្លោះពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។ ចំណែកវិញ្ញាសារទាំងនោះ ម្ចាស់ផ្ទះនឹងប្រកាសនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ៕
Tag:
វ៉ាត់ ចំរើន
SEA Games
ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com