ភ្នំពេញ៖លោកស្រី ផូលីន ថាម៉េស៊ីស បានចូលកាន់តួនាទីជាប្រធានអង្គការសហប្រជាជាតិប្រចាំកម្ពុជាជិតមួយឆ្នាំហើយ។ ការមកដល់ប្រទេសកម្ពុជារបស់លោកស្រី ផូលីន គឺចំពេលដែលមានកំណែទម្រង់នៃប្រព័ន្ធជំនួយអភិវឌ្ឍអង្គការសហប្រជាជាតិផង និងចំពេលដែលកម្ពុជា ក៏ដូចប្រទេសជាសមាជិកនៃអង្គការអន្តររដ្ឋាភិបាលមួយនេះ ត្រូវខិតខំអនុវត្តការប្តេជ្ញាចិត្តរបស់ខ្លួនលើគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs ២០៣០)ផង។ លោកស្រី ផូលីន ថាម៉េស៊ីស បានផ្តល់បទសម្ភាសដល់សារព័ត៌មានថ្មីៗ ដើម្បីបង្ហាញពីតួនាទីរបស់លោកស្រី និងអង្គការសហប្រជាជាតិ ក្នុងការគាំទ្រកម្ពុជាឲ្យសម្រេចបានរបៀបវារៈឆ្នាំ២០៣០។
លាង ដឺលុច៖ ខ្ញុំសូមចាប់ផ្តើមបទសម្ភាសនេះ ដោយសូមឲ្យលោកស្រីបញ្ជាក់ប្រាប់អ្នកអានសារព័ត៌មានថ្មីៗ អំពីប្រវត្តិរបស់លោកស្រី មុនលោកស្រីទទួលតួនាទីជាប្រធានអង្គការសហប្រជាជាតិប្រចាំកម្ពុជា!
លោកស្រី ផូលីន ថាម៉េស៊ីស៖ អរគុណលោក! មុនខ្ញុំមកដល់កម្ពុជា ខ្ញុំបានបំពេញការងារនៅUNDP ថ្នាក់តំបន់ដែលមានការិយាល័យ នាទីក្រុងបាងកក។ ប៉ុន្តែក្នុងរយៈពេល១៤ឆ្នាំចុងក្រោយនេះ ខ្ញុំបានធ្វើជាទីប្រឹក្សាផ្នែកគោលនយោបាយនៅទីស្នាក់ការកណ្តាលនៃអង្គការសហប្រជាជាតិ (អ.ស.ប.) ទទួលបន្ទុក ផ្នែកប្រឆាំងអំពើពុករលួយ ផ្នែកពង្រឹងគណនេយ្យភាព អភិបាលកិច្ចបែបប្រជាធិបតេយ្យ។ លោកអាច និយាយបានថា ខ្ញុំជាអ្នកអនុវត្តការងារអភិវឌ្ឍន៍ ជាអ្នកជំនាញអភិបាលកិច្ចបែបប្រជាធិបតេយ្យ ពីព្រោះខ្ញុំបានធ្វើការងារច្រើន នៅទីស្នាក់ការកណ្តាលលើគោលនយោបាយអភិវឌ្ឍ ដើម្បីធ្វើឲ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធអភិបាលកិច្ចប្រជាធិបតេយ្យ តម្លាភាព និងគណនេយ្យភាពនេះ សម្រាប់ការិយាល័យកម្មវិធី អភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំប្រទេសនីមួយៗនៅក្នុងពិភពលោក ជាពិសេស UNDP ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក។
ប៉ុន្តែក្រៅពីតួនាទីជាអ្នកឯកទេសផ្នែកគោលនយោបាយអភិវឌ្ឍ ខ្ញុំយល់ឃើញថា ខ្ញុំខ្លួនឯងគឺជាអ្នកអនុវត្តការងារអភិវឌ្ឍន៍ នៅពេលដែលខ្ញុំធ្វើជាប្រធាន UNDP ប្រចាំប្រទេសបង់ក្លាដេស។ នៅពេលនោះ ទើបខ្ញុំដឹងថា យើងអាចជួយជីវភាពពលរដ្ឋបានច្រើនប៉ុណ្ណា តាមរយៈការធ្វើការងារផ្ទាល់ជាមួយពួកគេតែម្តង។ គឺនៅប្រទេសបង់ក្លាដេសនោះហើយ ដែលខ្ញុំដឹងថា យើងអាចប្រើប្រាស់នវានុវត្តន៍ (ការច្នៃប្រឌិត) ដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរល្អនៃជីវភាពពលរដ្ឋដោយផ្ទាល់។ ដូច្នេះសម្រាប់ខ្ញុំ ខ្ញុំបានយកពិសោធន៍ជាច្រើននៅក្នុងបរិបទលំបាកៗធ្វើជាមេរៀនសម្រាប់ការរីកចម្រើន និងដើម្បីនាំយកមេរៀន និងពិសោធន៍ទាំងនោះ ទៅប្រទេសផ្សេងទៀតដែលខ្ញុំមានឱកាសធ្វើការងារជាមួយ។ ខ្ញុំមានកិត្តិយសណាស់ដែលត្រូវបានតែងតាំងជាប្រធានអង្គការសហប្រជាជាតិ(អ.ស.ប.) ប្រចាំប្រទេសកម្ពុជា ដែលមកដល់ពេលនេះ វាមានរយៈពេល៨ខែមកហើយ។
លោក លាង ដឺលុច៖ ក្នុងឋានៈជាអ្នកតំណាងរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ តើលោកស្រីនឹងប្រើតួនាទីរបស់លោកស្រីយ៉ាងណាដើម្បីធ្វើជាស្ពានពង្រឹង និងជំរុញទំនាក់ទំនងរវាងរដ្ឋាភិបាល កម្ពុជា និងអង្គការសហប្រជាជាតិឲ្យកាន់តែជិតស្និទ្ធ?
លោកស្រី ផូលីន ថាម៉េស៊ីស៖ (សើចតិចៗ) មានសំណួរច្រើននៅក្នុងសំណួរតែមួយរបស់លោក។ ខ្ញុំនឹងឆ្លើយម្តងមួយផ្នែកៗ។ ចំណុចដំបូងដែលខ្ញុំចង់បញ្ជាក់ឲ្យបានច្បាស់នោះគឺថា ក្នុងនាមជាអ្នកសម្របសម្រួលរបស់អ.ស.ប.ខ្ញុំគឺជាមន្ត្រីថ្នាក់ខ្ពស់ជាងគេដែលតំណាងឲ្យអគ្គលេខាធិការអង្គការសហប្រជាជាតិ នៅក្នុងប្រទេសដែលខ្ញុំបំពេញបេសកកម្ម។ ខ្ញុំចង់បញ្ជាក់ថា នៅក្នុងការកែទម្រង់ប្រព័ន្ធអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ តួនាទីនៃអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំប្រទេស លែងដឹកនាំនៅស្ថាប័ន UNDP ទៀតហើយ។ មុននេះ តួនាទីរបស់ខ្ញុំគឺប្រធានអង្គការសហប្រជាជាតិ និងជាអ្នកតំណាងនៃ UNDP។ បច្ចុប្បន្ននេះ បន្ទាប់ពីមានការពិភាក្សា និងការយល់ព្រមពីប្រទេសជាសមាជិកអង្គការសហប្រជាជាតិ និងដោយបានឆ្លងកាត់ការអនុម័តពីមហាសន្និបាត លោកអគ្គលេខាធិការបានលុបចោលតួនាទីដែលប្រធានអង្គការសហប្រជាជាតិប្រចាំប្រទេស ដែលត្រូវតំណាងឲ្យ UNDP នោះហើយ។ វាមានន័យថា ពេលនេះខ្ញុំមានតួនាទីជាអ្នកសម្របសម្រួលឯករាជ្យរបស់អង្គការសហប្រជាជាតិ ដែលត្រូវប្រមែប្រមូលការយកចិត្តទុកដាក់របស់ភ្នាក់ងារអង្គការសហប្រជាជាតិទាំងអស់នៅកម្ពុជា ឆ្ពោះទៅរកការសម្រេចរបៀបវារៈនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ឆ្នាំ២០៣០។
ឥឡូវនេះ ខ្ញុំសូមឆ្លើយសំណួរមួយទៀតរបស់លោក ទាក់ទិននឹងការអនុវត្តតួនាទីរបស់ខ្ញុំ ជាស្ពានរវាងរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិដែលយើងបានធ្វើច្រើនកន្លងមកហើយ។ ក្នុងឋានៈជាអ្នកតំណាងជាន់ខ្ពស់បំផុតរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ខ្ញុំនឹងតំណាងឲ្យសំឡេងរបស់លោកអគ្គលេខាធិការ និងរបស់អ.ស.ប. នៅកម្ពុជា។ អង្គការសហប្រជាជាតិ មានតួនាទីតែមួយគត់ក្នុងការគាំទ្ររដ្ឋាភិបាលកម្ពុជាសម្រេចឲ្យបានការប្តេជ្ញារបស់ខ្លួនជាអន្តរជាតិនៅគ្រប់គ្រប់កម្រិត។ អង្គការសហប្រជាជាតិ គឺជាអង្គការអន្តររដ្ឋាភិបាលដ៏ខ្លាំងមួយ ដែលក្នុងនោះក៏មានការរួមចំណែករបស់កម្ពុជា។ វត្តមានរបស់ អ.ស.ប. គឺដើម្បីគាំទ្ររដ្ឋាភិបាលកម្ពុជាក្នុងការចែករំលែកការប្តេជ្ញាចិត្តរបស់ខ្លួនទៅក្នុងអង្គការអន្តររដ្ឋាភិបាលនេះ។
តើការប្តេជ្ញាចិត្តទាំងនោះមានអ្វីខ្លះ? គឺដូចជាការចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ការអនុវត្តរបៀបវារៈ២០៣០ ការគោរពសិទ្ធិមនុស្សអន្តរជាតិ ការទប់ស្កាត់ការរីកសាយភាយអាវុធនុយគ្លេអ៊ែរ។ បញ្ហាទាំងអស់នេះ កម្ពុជាបានចុះហត្ថលេខាប្តេជ្ញាចូលរួមអនុវត្ត។ អ.ស.ប. នៅទីនេះ គឺជាដៃគូរបស់រដ្ឋាភិបាលកម្ពុជា និងដើម្បីឃើញឲ្យប្រាកដថា កម្ពុជាអាចអនុវត្តការប្តេជ្ញាចិត្តដែលមានលក្ខណៈជាអន្តរជាតិ។
លោក លាង ដឺលុច៖ លោកស្រីបានលើកឡើងអំពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជា និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ឬរបៀបវារៈ២០៣០។ តើលោកស្រីអាចវាយតម្លៃបានយ៉ាងណាខ្លះ ចំពោះសមត្ថភាពរបស់កម្ពុជាក្នុងការសម្រេចឲ្យបាននូវរបៀបវារៈ២០៣០នោះ?
លោកស្រី ផូលីន តាម៉េស៊ីស៖ ដំបូងខ្ញុំចង់និយាយអំពី SDGs។ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) គឺជាកញ្ចប់នៃគោលដៅដែលមានមហិច្ឆតាធំ និងគ្រប់ជ្រុងជ្រោយ ដែលទាមទារឲ្យប្រទេសជាសមាជិកទាំងអស់ត្រូវអនុវត្ត។ គឺមិនមែនតែកម្ពុជា ដែលជាប្រទេសកំពុងអភិវឌ្ឍនោះទេ ប៉ុន្តែប្រទេសអភិវឌ្ឍន៍ផងដែរ ដែលបានចុះហត្ថលេខាលើការប្តេជ្ញាចិត្តជាសាកលនេះ។ ដូច្នេះ SDGs គឺបញ្ហារបស់យើងគ្រប់គ្នា។
ចម្លើយរបស់ខ្ញុំទាក់ទងនឹងការអនុវត្តរបស់កម្ពុជា គឺថា កម្ពុជាត្រូវបានទទួលស្គាល់ថា ជាប្រទេសមួយក្នុង ចំណោមប្រទេស៦ដែលជាប្រទេសគំរូ ក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍សហសវត្សរ៍ (MDGs)។ ខ្ញុំគិតថា នេះគឺការកត់សម្គាល់មួយដ៏សំខាន់ដើម្បីនិយាយអំពីកម្ពុជា។ ទោះយ៉ាងណាក៏ដោយ ខ្ញុំសូមបញ្ជាក់ថា SDGs មិនមែនជា MDGs ជំហានទី២នោះឡើយ។ វាមានន័យថា SDGs តម្រូវឲ្យធ្វើការរួមគ្នា ទាំងរដ្ឋាភិបាល សង្គមទាំងមូលដើម្បីសម្រេចបាន SDGsនេះ។ SDGs ត្រូវបានតាក់តែងឡើងដោយប្រទាក់ក្រឡាគ្នារវាងវិស័យទាំងអស់។ ឧទាហរណ៍ បើសិនជាយើងធ្វើការងារខាងសុខភាព វានឹងពាក់ព័ន្ធដល់វិស័យអប់រំ ដល់វិស័យការងារ និងវិស័យផ្សេងៗទៀត។ SDGs គឺជាយន្តការមួយដែលផ្តល់ការឆ្លើយតបគ្រប់ជ្រុងជ្រោយ ដើម្បីដោះស្រាយបញ្ហាអភិវឌ្ឍន៍។
លោក លាង ដឺលុច៖ ប៉ុន្តែថា តើកម្ពុជាត្រូវធ្វើអ្វីខ្លះ?
លោកស្រី ផូលីន តាម៉េស៊ីស៖ កម្ពុជាអាចប្រើប្រាស់គំរូជោគជ័យរបស់ខ្លួនក្នុងការអនុវត្ត MDGs ធ្វើជាមូលដ្ឋាន។ កម្ពុជានៅតែមានការប្តេជ្ញាចិត្តចំពោះរបៀបវារៈទី១៨របស់ខ្លួននៃSDGs ដែលទាក់ទងនឹងការបោសសម្អាតគ្រាន់មីន។ តាមរយៈការដាក់របៀបវារៈរបស់ខ្លួន ដែលជារបៀបវារៈអាទិភាពថ្នាក់ជាតិ ទៅក្នុង SDGs រដ្ឋាភិបាលកម្ពុជាបានបង្ហាញអំពីភាពស៊ីសង្វាក់គ្នាយ៉ាងខ្លាំង រវាង គោលដៅអភិវឌ្ឍរប្រកបដោយចីរភាពរបស់កម្ពុជា និងយុទ្ធសាស្ត្រចតុកោណកែងជំហ៊ានទី៤។
ខ្ញុំផ្ទាល់ ខ្ញុំបានទទួលពាក្យប្តេជ្ញាចិត្តពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ដែលថា លទ្ធផល សូចនាករ និងក្របខណ្ឌនៃការតាមដានសម្រាប់SDGs នឹងត្រូវស៊ីសង្វាក់គ្នា។ បានន័យថា លទ្ធផលនៃយុទ្ធសាស្ត្រចតុកោណជំហ៊ានទី៤ និងផែនការអភិវឌ្ឍយុទ្ធសាស្ត្រជាតិ នឹងដូចគ្នាជាមួយសមិទ្ធផលរបស់ SDGs។ សម្រាប់អង្គការសហប្រជាជាតិ នេះគឺជាគំរូដ៏ល្អបំផុត ពីព្រោះយើងមិនចាំបាច់បង្កើតផែនការដាច់ដោយ ឡែកពីគ្នា ដូចជាផែនការមួយសម្រាប់ SDGs មួយសម្រាប់យុទ្ធសាស្ត្រចតុកោណ និងមួយសម្រាប់ផែនការអភិវឌ្ឍយុទ្ធសាស្ត្រជាតិ។
ទោះយ៉ាងណាក៏ដោយ វាមានការងារច្រើនដែលត្រូវធ្វើ។ ៣ឆ្នាំហើយដែល SDGs ត្រូវបានអនុម័ត ហើយកម្ពុជាត្រូវបញ្ចប់ CSDGs ជាមុនសិន។ នេះទីមួយ។ ទីពីរ រដ្ឋាភិបាលកម្ពុជាបានយល់ព្រមចូលរួមក្នុងវេទិកានយោបាយជាន់ខ្ពស់ឆ្នាំ២០១៩ (High Level political Forum 2019) នៅទីក្រុងញូយ៉ក។ នេះគឺ ជាវេទិកាដែលថ្នាក់ដឹកនាំប្រទេសត្រូវបង្ហាញនូវអ្វីដែលពួកគេបានអនុវត្តសម្រាប់SDGs។ ដូច្នេះ វេទិកា នយោបាយជាន់ខ្ពស់ឆ្នាំ២០១៩ និងការបង្ហាញការត្រួតពិនិត្យឡើងវិញដោយស្ម័គ្រចិត្ត (Voluntary Narional Reviews) លើវឌ្ឍនភាពនៃការអនុវត្តSDGsក្នុងក្របខ័ណ្ឌជាតិ នឹងប្រព្រឹត្តទៅទៅជាមួយ វត្តមានរបស់កម្ពុជាជាមួយប្រទេស៥០ផ្សេងទៀត។ VNR គឺជាដំណើរការដ៏ល្អក្នុងការបង្ហាញអ្វីដែលអ្នកបានអនុវត្ត និងដើម្បីឲ្យប្រទេសផ្សេងពិនិត្យមើលអ្នកផង។ ដូច្នេះវាជាឱកាសដ៏ល្អសម្រាប់កម្ពុជាក្នុងការរៀនសូត្រ និងចែករំលែកពិសោធន៍។
លោក លាង ដឺលុច៖ លោកស្រីអាចពន្យល់បានទេថា តើអង្គការសហប្រជាជាតិត្រូវធ្វើអ្វីខ្លះដើម្បីជួយកម្ពុជាឲ្យសម្រេចគោលដៅ SDGs?
លោកស្រី ផូលីន តាម៉េស៊ីស៖ យើងត្រៀមខ្លួនគាំទ្ររដ្ឋាភិបាលដើម្បីសម្រេចរបៀបវារៈ២០៣០។ ចំណុចចាប់ផ្តើមរបស់យើង គឺក្របខណ្ឌជំនួយអភិវឌ្ឍថ្មីរបស់អង្កការសហប្រជាជាតិ (UNDAF) ឆ្នាំ២០១៩ ដល់ ២០២៣ ដែលនឹងជួយគាំទ្រការងារអាទិភាពរបស់រដ្ឋាភិបាលកម្ពុជា។ នៅកម្ពុជានេះ អង្គការសហប្រជាជាតិ ត្រូវធ្វើការងារលើគោលដៅអភិវឌ្ឍន៍ប្រកដោយចីរភាព (SDGs) ហើយ UNDAF បានកំណត់ចំណុចលទ្ធផលអភិវឌ្ឍចំនួន៥ ដែល២ចំណុចដំបូងគ្របដណ្តប់លើកាលានុវត្តិភាពសេដ្ឋកិច្ច និងសង្គម។ ទីបី គឺការលើកស្ទួយជីវភាពប្រកបដោយស្ថេរភាព។ លទ្ធផលទីបួនគឺការពង្រឹងការចូលរួម និងគណនេយ្យភាព និងលទ្ធផលទី៥ គឺការគ្រប់គ្រងនគររូបនីយកម្ម។
ខ្ញុំចង់បញ្ជាក់ប្រាប់លោកថា អ្វីដែលពិសេសនៅក្នុង UNDAF គឺថា បន្ថែមពីលើសមិទ្ធផលទាំង៥ យើងក៏ បានកំណត់ ចលករ (accelerator) ចំនួន៤។ សម្រាប់យើង ចលករនេះគឺមានន័យថា បើយើង ដាក់ ទុនធ្វើការងារនៅលើវិស័យណាមួយហើយនោះ គឺយើងនឹងទទួលបានលទ្ធផលយ៉ាងធំធេងតែម្តង។
ចលករទីមួយ គឺអាហារូបត្ថម្ភ។ បញ្ហានេះត្រូវបានធានាដោយសម្តេច ហ៊ុន សែន ហើយ ដោយសម្តេចធ្លាប់និយាយថា សម្តេចនៅជាមួយពួកយើង(ដើម្បីធ្វើការលើបញ្ហាអាហារូបត្ថម្ភ)។ យើងត្រូវធ្វើឲ្យប្រាកដថា កុមារ និងមនុស្សវ័យក្មេងដទៃទៀតទទួលបានអាហាររូបត្ថម្ភដែលជាភាពចាំបាច់សម្រាប់ការអភិវឌ្ឍ សម្រាប់សង្គម សម្រាប់កម្លាំងពលកម្មដ៏មានផលិតភាព និងដើម្បីជំរុញឲ្យពលរដ្ឋទទួលបានការអប់រំដែលជាចលករអភិវឌ្ឍសេដ្ឋកិច្ច។ ចលករទី២ គឺកិច្ចការពារសង្គម។ ទោះបីកម្ពុជាកំពុងរីកចម្រើនលឿនយ៉ាងណាក៏ដោយ យើងមិនចង់ឃើញមានអ្នកណាម្នាក់ត្រូវបានបំភ្លេចចោលពីសំណាញ់សុវត្ថិភាពសង្គមឡើយ។
ចលករទី៣ គឺយុវជន ដែលខ្ញុំនឹងនិយាយលំអិតជម្រាបលោកនៅក្នុងសំណួរខាងមុខរបស់លោក។ ចលករទី៤ គឺបញ្ហាទិន្នន័យ។ ត្រូវមានការកសាងហេដ្ឋារចនាសម្ព័ន្ធ និងសមត្ថភាពសម្រាប់ប្រព័ន្ធទិន្នន័យ និងស្ថិតិ។ សម្រាប់ពួកយើង យើងយល់ថា ដើម្បីអាចប្រមូលផ្តុំ ចងក្រងឲ្យមានឯកសារ សម្រាប់ការកែទម្រង់គោលនយោបាយ ឬកម្មវិធីនយោបាយណាមួយរបស់រដ្ឋាភិបាល យើងត្រូវការទិន្នន័យដើម្បីធ្វើការងារទាំងនេះ។ យើងត្រូវការទិន្នន័យ ដើម្បីដឹងថាតើយើងត្រូវវិនិយោគលើអ្វីដើម្បីយុវជន? ហើយពិសេសទៀតនោះ គឺយើងត្រូវការធ្វើឲ្យទិន្នន័យនានាមកពីក្រសួងផ្សេងៗនោះ ស៊ីសង្វាក់គ្នា។ ហេតុដូច្នេះហើយ បានជាអង្គការសហប្រជាជាតិត្រូវធ្វើការងារទាំងនេះ៥ឆ្នាំទៅមុខ។ ប៉ុន្តែការងាររបស់យើងមិនមែនប៉ុណ្ណឹងទេ។ វាត្រូវនៅឆ្ងាយលើសពីឆ្នាំ២០៣០ទៀត។ វាជាការខិតខំដ៏វែងឆ្ងាយមួយរបស់ពិភពលោកដែលត្រូវអនុវត្ត គឺមិនមែនមានតែកម្ពុជាមួយនោះទេ៕