កីឡាជាតិ
ជាតិ
Buriram ឲ្យ ច្រឹង ពលរដ្ឋ ត្រឡប់មកព្យាបាលរបួសជង្គង់ ក្រោយមិនទាន់ជាសះស្បើយ កីឡាករ ច្រឹង ពលរដ្ឋ ពេលចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា, រូបភាពពីហ្វេសប៊ុកក្លិបក្រសួងការពារជាតិ
× អតីតខ្សែបម្រើកណ្តាលរបស់ក្លិបក្រសួងការពារជាតិ ត្រូវបានក្លិបក្របខណ្ឌកំពូលថៃ Buriram United ឲ្យត្រឡប់មកសម្រាកព្យាបាល និងហ្វឹកហាត់រយៈពេល៣ខែនៅកម្ពុជា បន្ទាប់ពីរបួសដាច់សរសៃពួរជង្គង់មិនទាន់ជាសះស្បើយ។ ពលរដ្ឋ នឹងត្រឡប់ទៅចូលរួមជាមួយក្លិបនេះឡើងវិញ បើសិនរបួសគេជាសះស្បើយ១០០ភាគរយ។
កីឡាករ ច្រឹង ពលរដ្ឋ មិនទាន់ត្រូវបានអនុញ្ញាតឲ្យចូលហ្វឹកហាត់ជាមួយក្លិបថ្មី Buriram United នៅឡើយទេ បន្ទាប់ពីគ្រូពេទ្យជំនាញប្រចាំក្លិបនេះពិនិត្យឃើញថា របួសដាច់សរសៃពួរជង្គង់របស់គេមិនទាន់ជាសះស្បើយ១០០ភាគរយ។ ពលរដ្ឋ ត្រូវបានក្លិបជើងឯកមួយនេះ ឲ្យត្រឡប់មកព្យាបាលនិងហ្វឹកហាត់នៅកម្ពុជារហូតជាសះស្បើយ មុនត្រឡប់ទៅចូលរួមជាមួយក្លិបនេះ។
«កីឡាករ ច្រឹង ពលរដ្ឋ ក្រោយទទួលបានការពិនិត្យពីគ្រូពេទ្យជំនាញ គឺរបួសដាច់សរសៃរពួរជង្គង់របស់គាត់នៅមិនទាន់ជាសះស្បើយនៅឡើយទេ ជាហេតុធ្វើឲ្យរូបគេមិនទាន់អាចចូលហ្វឹកហាត់ជាមួយក្លិប Buriram។ គ្រូពេទ្យជំនាញបានឲ្យរូបគេ ត្រឡប់មកសម្រាកព្យាបាលរយៈពេល៣ខែ និងហ្វឹកហាត់ខ្លួនឯងនៅកម្ពុជារហូតជាសះស្បើយ១០០ភាគរយជាមុនសិន»។ នេះបើតាមការលើកឡើងរបស់ក្លិបបាល់ទាត់ក្រសួងការពារជាតិតាមហ្វេសប៊ុកនៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨។
ក្លិបក្រសួងការពារជាតិបានចាត់ទុកដំណឹងនេះ ជាដំណឹងអាក្រក់សម្រាប់ក្លិបទាំងពីរ និងសាមីកីឡាករ។ តែយ៉ាងណា ពលរដ្ឋ រំពឹងថា រូបគេនឹងអាចជាសះស្បើយមុនបើករដូវកាលថ្មីនៃក្របខណ្ឌកំពូលថៃ។
បើតាមលោក ទេព ឡុងរចនា អ្នកចាត់ការទូទៅក្លិបក្រសួងការពារជាតិ ទោះបីរបួសរបស់ ច្រឹង ពលរដ្ឋ មិនអាចជាសះស្បើយមុនថ្ងៃបើករដូវកាលក៏ដោយ តែកិច្ចសន្យារបស់គេជាមួយក្លិបនេះ មិនត្រូវបានបញ្ចប់នោះទេ។ លោកបន្ថែមថា ពលរដ្ឋ នឹងត្រឡប់ទៅចូលរួមជាមួយក្លិបនេះវិញ បើភាគីថៃពិនិត្យឃើញថា របួសរបស់គេជាសះស្បើយ១០០ភាគរយ។
កាលពីខែសីហា ឆ្នាំ២០១៨ កន្លងទៅ កីឡាករ ច្រឹង ពលរដ្ឋ បានចុះកិច្ចសន្យារយៈពេល១ឆ្នាំលេងឲ្យក្លិប Buriram United សម្រាប់រដូវកាលឆ្នាំ២០១៩-២០២០ ក្នុងនាមកូតាកីឡាករបរទេសប្រចាំតំបន់អាស៊ីអាគ្នេយ៍៕
Tag:
បាល់ទាត់
ច្រឹង ពលរដ្ឋ
Buriram United
© រក្សាសិទ្ធិដោយ thmeythmey.com