សិល្បះ
អន្តរជាតិ
Dalton Harris អ្នកចម្រៀង​ហ្សា​ម៉ៃ​អ៊ី​ក ឈ្នះ​ពាន The X Factor របស់​អង់គ្លេស​
03, Dec 2018 , 8:59 pm        
រូបភាព
ដោយ: ធីតា
Dalton Harris ដើមកំណើត​នៅ​ក្រុង Kingston ប្រទេស​ហ្សា​ម៉ៃ​អ៊ី​ក បាន​ក្លាយជា​ម្ចាស់​ពាន​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក The X Factor របស់​អង់គ្លេស ក្រោយ​ទទួលបាន​សំឡេងគាំទ្រ​ច្រើនជាង Scarlett Lee (​លេខ​ពីរ​) និង Anthony Russell (​លេខ​បី​) នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។​

 
 
​វគ្គ​ដំបូង Audition ច្រៀង​បទ «Sorry Seems to Be the Hardest Word» បន្ទាប់មក​ច្រៀង​បទ «Purple Rain» នៅ​វគ្គ Six Chair Challenge​។ មុននឹង​ឈានដល់​វគ្គ Live Show បេក្ខជន Dalton ច្រៀង​បទ «Listen» នៅ​វគ្គ Judges’Houses​។​
 
​ក្រោម​ការដឹកនាំ​បង្វឹក​របស់​តារាចម្រៀង Louis Tomlinson ដែលជា​សមាជិក​គណៈកម្មកា​រ​ម្នាក់ Dalton បាន​ឆ្លង​ផុត​៥​សប្តាហ៍​ជា​បន្តបន្ទាប់​ជាមួយ​បទ «Life On Mars», «I Have Nothing», «Creep», «California Dreamin» និង «Listen»​។ នៅ​សប្តាហ៍​ទី​៦ ដែលជា​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Dalton ច្រៀង​បទ «SOS», «Beautiful» និង​បទ «Clown»​។​


 
​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Dalton បកស្រាយ​បទ «A Song for You» របស់ Andy Williams មុន​ចាប់​ដៃគូ​ជាមួយ​កំពូល​តារាចម្រៀង​អង់គ្លេស Emeli Sande ដោយ​ច្រៀង​បទ «Beneath Your Beautiful»​។ ក្រោយ​ទទួលបាន​ពាន Dalton បាន​ច្រៀង​បទ «The Power of Love» ជាមួយ James Arthur ដែលជា​ម្ចាស់​ពាន The X Factor UK រដូវ​កាល​ទី​៩ កាលពី​ឆ្នាំ​២០១២ ។​
 
Dalon អាយុ​២៤​ឆ្នាំ មាន​ប្រវត្តិ​ច្រៀង​នៅលើ​នាវា​កម្សាន្ត បន្ទាប់ពីរ​រូបគេ​បាន​ប្រឡូក​ក្នុង​វ័យ​សិល្បៈ​មួយ​នេះ តាំងពី​អាយុ​៥​ឆ្នាំ​មកម្ល៉េះ ដោយ​ច្រៀង​នៅតាម​ព្រះវិហារ​។ ដោយសារ​ទេពកោសល្យ Dalton ចូល​ប្រឡង​ក្នុង​កម្មវិធី​ចម្រៀង​ជាច្រើន​ជាពិសេស​នៅតាម​សាលា ហើយក៏​ជា​ផ្នែក​មួយ​នៃ​ការរកចំណូល​សម្រាប់​គ្រួសារ​ផងដែរ​។​
 
​នៅ​អាយុ​១៦​ឆ្នាំ អ្នកចម្រៀង​ហ្សា​ម៉ៃ​អ៊ី​ក​រូបនេះ បានឈ្នះ​ក្នុង​កម្មវិធី Digicel Rising Stars ដែលជា​កម្មវិធី​បង្ហាញ​សមត្ថភាព​ដ៏​ធំ​នៅ​ហ្សា​ម៉ៃ​អ៊ី​ក ហើយ​នាំ​ឲ្យ​ឈ្មោះ​គេ​ល្បីល្បាញ​ទូទាំងប្រទេស​។​


 
​សម្រាប់​រដូវ​កាល​ទី​១៥​នេះ វា​មិន​ត្រឹមតែ​ជា​ជោគជ័យ​របស់ Dalton Harris តែប៉ុណ្ណោះ​ឡើយ តែ​ក៏​ជា​ជោគជ័យ​ដ៏​ធំធេង​ផងដែរ​សម្រាប់ Louis Tomlinson អតីត​សមាជិក​ក្រុម One Direction ក្នុងនាម​ជា​គណៈកម្មការ​លើកដំបូង​។ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Louis នៅសល់​កូនក្រុម​រហូតដល់​ពីរ​នាក់ គឺ Dalon និង Anthony Russell លោក Simon Cowell មាន Scarlett Lee ខណៈ កូនក្រុម​របស់ Ayda Field និង Robbie Williams បាន​ធ្លាក់​ចេញ​ជា​បន្តបន្ទាប់​នៅត្រឹម​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​៕
 

Tag:
 The X Factor
© រក្សាសិទ្ធិដោយ thmeythmey.com