អន្តរជាតិ
«​មហា​យក្ស​ចិន​» នឹង​ព​ន្លឿ​ន​កិច្ចចរចា​បញ្ចប់សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក
06, Dec 2018 , 11:47 am        
រូបភាព
ដោយ:
​ក្រុង​ប៉េកាំង ប្រកាសថា ខ្លួន​នឹង​ជំរុញ​ការចរចា​លើ​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក ក្នុង​រយៈពេល​៩០​ថ្ងៃ​ខាងមុខ  និង​ប្តេជ្ញា​ព​ន្លឿ​ន​ការអនុវត្ត​លើ​ចំណុច​សំខាន់ៗ ដែល​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ បាន​យល់ព្រម​ឯកភាពគ្នា​រួចរាល់​ហើយ​នោះ​។​

 
​ក្រសួងពាណិជ្ជកម្ម​ចិន បានចេញ​សេចក្តីថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ពុធ​ទី ៥​ខែធ្នូ ដោយបាន​បញ្ជាក់ថា កិច្ចពិភាក្សា​រវាង​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង និង​សម​ភាគី​អាមេរិក ដូ​ណា​ល់ ត្រាំ កាលពី​ចុង​សប្តាហ៍​មុន គឺជា​ភាពជោគជ័យ​មួយ ហើយ​ខ្លួន​មាន​ទំនុកចិត្ត​លើ​ការអនុវត្ត​កិច្ចព្រមព្រៀង​របស់​មេដឹកនាំ​ទាំងពីរ​នេះ​។ 
 
​ទីភ្នាក់ងារ​ព័ត៌មាន AFP  ដកស្រង់​សេចក្តីថ្លែងការណ៍​របស់​ក្រសួងពាណិជ្ជកម្ម​ចិន ដូច្នេះ​៖ «​ក្រុមមន្ត្រី​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​របស់​ភាគី​ទាំងសងខាង នឹង​ជំរុញ​ទៅមុខ​យ៉ាងសកម្ម​លើ​ការចរចា​ក្នុង​រយៈពេល​៩០​ថ្ងៃ ដោយ​ផ្អែកលើ​ផែនការ និង​ពេលវេលា​ជាក់លាក់​។  ចិន នឹង​ចាប់ផ្តើម​ជាមួយ​ការអនុវត្ត ចំណុច​សំខាន់ៗ  ដែល​ប្រទេស​ទាំងពីរ​បានសម្រេច​ឈានដល់​កិច្ចព្រមព្រៀង នា​ឆាប់ៗ​នេះ​។​» 
 
​កាលពី​ថ្ងៃ​សៅ​រ៏ ទី​០១ ខែធ្នូ នៅក្រៅ​កិច្ចប្រជុំ​កំពូល​ប្រទេស​ជឿនលឿន​ទាំង ២០ (G-20) លោក ដូ​ណា​ល់ ត្រាំ និង លោក ស៊ី ជិន​ភីង បាន​យល់ព្រម​គ្នា​លើ​បទ​ឈប់​បាញ់​រយៈពេល​៩០​ថ្ងៃ ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម ដែល​កំពុង​ឆាបឆេះ​។ ការសម្រេច​បែបនេះ​គឺ​ដើម្បី ផ្តល់​ពេលវេលា​សម្រាប់​ការចរចា​លើ​បញ្ហា​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ  ដោយ​សង្ឃឹមថា នឹង​អាច​ឈានដល់​ការសម្រេច​កិច្ចព្រមព្រៀង​វិជ្ជមាន​និង​ជា​អចិន្ត្រៃយ៍​ណាមួយ​។  
 
​ជុំវិញ​ការបន្ធូរបន្ថយ​កម្តៅ​នៃ​សង្គ្រាម​ពាណិជ្ជ​កម្មនេះ  សេត​វិមាន​អាមេរិក​បាន​គូសបញ្ជាក់ថា  ក្រុង​ប៉េកាំង​បាន​យល់ព្រម​ទិញ​ផលិតផល​អាមេរិក​ក្នុង​បរិមាណ​ដ៏​ច្រើន ក្នុងនោះ​រួមមាន ផលិតផល​កសិកម្ម​, ថាមពល​, ឧស្សាហកម្ម និង​ផលិតផល​ផ្សេងទៀត​ពី​អាមេរិក  ក្នុង​គោលដៅ​ជួយ​កាត់បន្ថយ ឱនភាព​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ​។ លើសពីនេះ ចិន​ក៏បាន​យល់ព្រម​ចាប់ផ្តើម​ទិញ​ផលិតផល​ពី​កសិករ​អាមេរិក​ឲ្យ​បាន​ឆាប់រហ័ស​បំផុត​ដែរ​។ 
 
​យោងតាម​សេត​វិមាន​អាមេរិក ភាគី​ទាំងពីរ ក៏​នឹង​ចាប់ផ្តើម​កិច្ចពិភាក្សា​លើ «​ការផ្លាស់ប្តូរ​រចនាសម្ព័ន្ធ​» ដែលមាន​ឥទ្ធិពល​លើ ការ​លួច​យក​បច្ចេកវិទ្យា​, ការពារ​កម្មសិទ្ធិបញ្ញា​, និង​ចោរកម្ម​អ៊ីនធឺណិត និង​កសិកម្ម​ជាដើម​។ 
 
​ទន្ទឹមនឹងនេះ ប្រធានាធិបតី​អាមេរិក​ទី​៤៥ លោក ដូ​ណា​ល់ ត្រាំ បាន​អះអាង​នៅ​ថ្ងៃ​អង្គារ​ទី​០៤ ខែធ្នូ​ថា ក្រុង​វ៉ាស៊ីនតោន​បើកទ្វារ​ចំហ​សម្រាប់​ការចរចា​ជានិច្ច ហើយ​វា​អាច​នឹងមាន​ការពន្យារ​រយៈពេល​បទ​ឈប់​បាញ់​បាន​ថែម​ទៀតផង​។ យ៉ាងណាមិញ លោក​ក៏បាន​ព្រមាន ដំឡើង​ពន្ធ​នាំចូល​បន្ថែមទៀត ប្រសិនបើ​ភាគី​ទាំងពីរ​បរាជ័យ​ក្នុងការ​បង្កើត​កិច្ចព្រមព្រៀង​អចិន្ត្រៃយ៍​មួយ​នោះ​៕
 

Tag:
 ចិន​
  សហរដ្ឋអាមេរិក​
  សង្គ្រាម​ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com