ព្យញ្ជនៈទាំងអស់មាន៣៣តួ ហើយព្យញ្ជនៈនីមួយៗ មានជើងព្យញ្ជនៈខុសៗគ្នា ដោយឡែកជើងព្យញ្ជនៈខ្លះប្រហាក់ប្រហែលគ្នា ដែលជាហេតុធ្វើឲ្យស្មេរងាយនឹងយល់ច្រឡំ។ ដើម្បីកុំឲ្យ ស្មេរភ័ន្តច្រឡំ ទាមទារឲ្យស្មេរមានការយកចិត្តទុកដាក់ខ្ពស់មែនទែន ជាពិសេសស្មេរត្រួវត្រួតពិនិត្យជាមួយវចនានុក្រមខ្មែរឲ្យបានត្រឹមត្រូវជាមុនសិន។
កាលណាគេសរសេរពាក្យដែលមានជើងព្យញ្ជនៈ «ញ» ជាមួយនឹងព្យញ្ជនៈខ្លួនឯង នោះ នឹងរក្សាជើង «ញ» ដូចនឹងជើងរបស់វាដដែល។ ឧទាហរណ៍៖ អកតញ្ញូ, អនុញ្ញាត, កញ្ញា, បញ្ញើ, សញ្ញា, បញ្ញត្តិ, បញ្ញវន្ត ពញ្ញាក់ ជាដើម។
ប៉ុន្តែបើ សរសេរជើងព្យញ្ជនៈ «ញ» ភ្ជាប់ជាមួយព្យញ្ជនៈផ្សេងទៀត នឹងត្រូវប្តូរជើង «ញ» កំបុតជើង «្ញ» វិញ។ ពាក្យទាំងនោះមានដូចជា ខ្ញុំ, ខ្ញាំ,ខ្ញាល់, ខ្ញៀវខ្ញារ, ខ្ញូច, ស្ញាញ,ស្ញើប, ស្ញេញ, ស្ញោរ ។ល។
សម្រាប់ ជើងព្យញ្ជនៈ «ង» សរសេរជា «្ង» មានដូចជា ស្ងប់, ស្ងៀមស្ងាត់, រម្ងាប់, ស្ងាច,ស្ងើច, ម្ង៉ិកម្ងក់, ចម្ងាយ, ម្សិលម្ង៉ៃ, សម្ងាត់, រម្ងាស, ចម្ងាញ់, ទម្ងន់។ល។
សូមកុំយល់ច្រឡំពាក្យមានជើងព្យញ្ជនៈ «ញ» និង «ង» ដោយស្មេរត្រូវសម្គាល់ និងកត់ចំណាំពាក្យណាដែលគួរតែប្រើជើង «ញ» និងជើង «ង»។ ទើបធ្វើឲ្យសំណេរ មានភាពត្រឹមត្រូវ និងច្បាស់លាស់៕